ប្រតិកម្ម​ជុំវិញ​ការ​ឈប់​ស៊ើប​អង្កេត​ករណី​គប់​គ្រាប់​បែក​នៅ​​មុខ​សភា

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា បាន​សម្តែង​ក្ដី​អស់​សង្ឃឹម និង​សោកស្ដាយ​ចំពោះ​សហព័ន្ធ FBI សហរដ្ឋ​អាមរិក ដែល​បាន​ឈប់​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​នៃ​ការ​គប់​គ្រាប់​បែក​​នោះ។

0:00 / 0:00

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​ទន្ទឹង​រង់ចាំ​ការ​រក​យុត្តិធម៌​ជួន​ពួក​គេ​អស់​រយៈ​ពេល​ជាង ១៣​ឆ្នាំ​កន្លង​មក​នោះ បាន​រលាយ​បាត់​ទៅ​វិញ នៅ​ខណៈ​ដែល​គេ​ដឹង​ថា ការិយាល័យ​​ស៊ើប​អង្កេត​សហព័ន្ធ ហៅ​ថា FBI សហរដ្ឋ​អាមេរិក ដែល​គេ​រំពឹង​ថា នឹង​រក​យុត្តិធម៌​ជូន​ពួកគេ​បាន​នោះ ត្រូវ​បាន​ឈប់​ធ្វើការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​វាយ​ប្រហារ​គ្រាប់​បែក​ដោយ​ជន​មិន​ស្គាល់​មុខ​កាល​ពី​ឆ្នាំ​១៩៩៧ នោះ។

ម្ដាយ​ជន​រង​គ្រោះ​មួយ​រូប បាន​សម្ដែង​ការ​សោក​ស្ដាយ​ថា កូន​ប្រុស​របស់​អ្នកស្រី​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​គប់​គ្រាប់​បែក​នោះ ដែល​បន្សល់​ទុក​នូវ​កូន ២​នាក់ និង​ភរិយា​មេម៉ាយ​គ្មាន​ទី​ពឹង​រហួត​ដល់​សព្វថ្ងៃ។ អ្នកស្រី​បាន​បញ្ជាក់​ថា កូន​ប្រុស​របស់​អ្នកស្រី​ជា​វេជ្ជបណ្ឌិត​មួយ​រូប ដែល​អ្នកស្រី​ខិតខំ​តស៊ូ​ឲ្យ​កូន​រៀន​ពេទ្យ​ដល់​ទី​បញ្ចប់ តែ​ផ្ទុយ​ទៅ​វិញ​កូន​របស់​គាត់​បាន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​ដ៏​ឈឺ​ចាប់​នោះ​ទៅ​វិញ។

គ្រាប់​បែក​យ៉ាង​ហោច​ណាស់​ចំនួន ៤​គ្រាប់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​គប់​ទៅ​ក្នុង​ហ្វូង​បាតុករ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៦​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ និង​នៅ​មន្ទីរពេទ្យ ហើយ​មនុស្ស​ជាង ១០០​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ខណៈ​ដែល​លោក សម រង្ស៊ី ដែល​កាល​នោះ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ បាន​ដឹក​នាំ​ហ្វូង​បាតុករ​ធ្វើ​បាតុកម្ម​អហិង្សា ដើម្បី​ទាមទារ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រោយ​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ​ភ្លាមៗ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​រឿង​នេះ ប៉ុន្តែ​ត្រូវ​បាន​លោក ហ៊ុន សែន បដិសេធ​មក​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាសែត ឌឹ ឃេមបូឌា ដេលី (The Cambodia daily) បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មករា បាន​សរសេរ​ថា ភ្នាក់​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក បាន​ឈប់​ធ្វើការ​ស៊ើប​អង្កេត​សំណុំ​រឿង​គប់​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧​នេះ តាំង​ពី​ហេតុការណ៍​នេះ​បាន​កើត​ឡើង​រយៈពេល ៨​ឆ្នាំ​មក​ម៉្លេះ។

ប៉ុន្តែ​កាសែត​មួយ​នេះ​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​ខ្លឹមសារ​របាយការណ៍​របស់ FBI ថ្មីៗ​បំផុត ក្នុង​ចំណោម​របាយការណ៍​របស់ FBI ដែល​បាន​ចេញ​កន្លង​មក បាន​សរសេរ​ថា អង្គភាព​នៅ​ទីក្រុង​ហូណូ លូលូ របស់​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI បាន​សម្រេច​បិទ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ព្រោះ​វា​គួរ​ត្រូវ​បាន​រក្សា​ទុក​ជា​ការសម្ងាត់ ដើម្បី​ការពារ​រដ្ឋាភិបាល​កម្ពុជា ហើយ​ថា សំណុំ​រឿង​នេះ​រសើប​ខ្លាំង​ណាស់ ពីព្រោះ​វា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​ចម្ការ​មីន​នយោបាយ​ដ៏​ធំ​មួយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ភ្នាក់ងារ​ស៊ើប​អង្កេត​សហរដ្ឋ​អាមេរិក​ឈប់​ធ្វើការ​ស៊ើប​អង្កេត​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​អាច​ឈប់​ធ្វើការ​ស៊ើប​អង្កេត​បាន​ទេ។ យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ បាន​អះអាង​ថា របាយការណ៍​របស់ FBI បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧​នោះ។

លោក យឹម សុវណ្ណ បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ​ថា បើ​សិន​ជា​ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ធំ​របស់​រដ្ឋាភិបាល​ទេ​នោះ គឺ​រដ្ឋាភិបាល​អាច​ចាប់​ឃាត់​ខ្លួន​ឃាតក​បាន​យូរ​ណាស់​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ដោយ​លោក​បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០ អតីត​នាយក​អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​ជា​មេធាវី​លោក មូរតុន ក្លា (Morton Sklar) ជា​មេធាវី​របស់​លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ប្ដឹង​លោក ហ៊ុន សែន និង​ក្រុម​របស់​លោក ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​ព័ត៌មាន​ក្នុង​ការ​ស៊ើប​អង្កេត​របស់ FBI ការ​ផ្ដល់​ចម្លើយ​មិន​ពិត និង​ការ​គំរាមកំហែង​មន្ត្រី FBI។ លោក​បញ្ជាក់​ថា តុលាការ​សហរដ្ឋ​អាមេរិក មាន​យុត្តាធិការ​ដើម្បី​ស៊ើប​អង្កេត​ការ​រាំង​ការ​ស៊ើប​អង្កេត​របស់ FBI ដោយសារ​តែ​ជន​ជាតិ​អាមេរិក​ម្នាក់ ក៏​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក​នេះ​ដែរ។

ទាក់ទង​ទៅ​នឹង​ករណី FBI មិន​បាន​បន្ត​ការ​ស៊ើប​អង្កេត​ទៀត​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​សម្ដែង​ការ​សោកស្ដាយ​ថា សហរដ្ឋ​អាមេរិក​សុខ​ចិត្ត​យក​ទំនាក់ទំនង​ការទូត​ល្អ​រវាង​អាមេរិក និង​កម្ពុជា ជា​ជាង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ខ្មែរ ដោយ​លោក​អះអាង​ថា FBI អាមេរិក​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ។

មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ម៉ាក វីនិក (Mark Wenig) បាន​ឲ្យ​ដឹង​តាម​រយៈ​សារ​អេឡិចត្រូនិក នៅ​ថ្ងៃ​ទី​១២ ខែ​មករា ដូច្នេះ ៖ "ខ្ញុំ​មិន​អាច​ទាយ​បាន​ថា FBI អាច​ធ្វើ ឬ​មិន​ធ្វើ​អ្វី​ទេ ទាក់​ទង​ករណី​នេះ​នៅ​ពេល​អនាគត។ ខ្ញុំ​គ្រាន់​តែ​អាច​និយាយ​បាន​ថា ការ​ស៊ើប​អង្កេត​ដំបូង​របស់​គេ គឺ​មិន​ប្រាកដ​ប្រជា ហើយ​ការិយាល័យ​រដ្ឋ​អាជ្ញា​សហរដ្ឋ​អាមេរិក ក៏​មិន​ហ៊ាន​បន្ត​ករណី​នេះ។ ព័ត៌មាន​បន្ថែម ខ្ញុំ​ឱ្យ​អ្នក​ទាក់ទង​ទៅ​ការិយាល័យ FBI នៅ​វ៉ាស៊ីនតុន ដែល​អាច​ផ្តល់​ការ​ពន្យល់​ច្បាស់លាស់​អំពី​ផែនការ​របស់​ពួកគេ"

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១០ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ Human Rights Watch បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ពី​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក ក្នុង​ពេល​គណបក្ស សម រង្ស៊ី ប្រារព្ធ​ខួប​ដើម្បី​រំឭក​វិញ្ញាណក្ខន្ធ​មរណជន​ដែល​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​លើក​ទី​១៣​ថា ការិយាល័យ​​ស៊ើប​អង្កេត​សហព័ន្ធ FBI គួរ​តែ​សើរើ​រឿង​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ ហើយ​ថា មក​ទល់​នឹង​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា មិន​បាន​ចាត់​វិធានការ​ណា​មួយ ដើម្បី​រក​មុខ​អ្នក​ប្រព្រឹត្ត​យក​ទៅ​ផ្តន្ទា​ទោស​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ភស្តុតាង​អំពី​ការ​រួម​ដៃ​នៃ​អង្គភាព​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​យ៉ាង​ណា​ក្តី។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ​គប់​គ្រាប់​បែក​កាល​ពី​ខែ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​ឡើយ​ទេ ដោយ​លោក​បាន​បញ្ជាក់​ដូច្នេះ ៖ «ករណី​ហ្នឹង​ហាក់​ដូច​ជា​ទ្រឹង។ ដូច​យើង​ធ្លាប់​បាន​ដឹង​ទាំង​អស់​គ្នា​ហើយ ឃើញ​មាន​ជន​សង្ស័យ​មួយ​រូប តាម​ការ​គូសវាស... ហើយ​កន្លង​មក​ប្រេស៊ីល ក៏​បាត់​ខ្លួន​អាថ៌កំបាំង​បំផុត ដែល​ស្ថិត​ក្នុង​ការ​ឃុំ​គ្រង​របស់​គណបក្ស​នយោបាយ​មួយ»

ទោះ​ជា​យ៉ាង​ណា មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ពន្យល់​ថា ការ​ស៊ើប​អង្កេត​នេះ​វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ ព្រោះ​ហេតុការណ៍​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​សន្ធឹកសន្ធាប់​នេះ បាន​កន្លង​ផុត​ទៅ​ជាង ១៣​ឆ្នាំ​ហើយ ប៉ុន្តែ​ជន​ដៃដល់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​អន្តរជាតិ បាន​ចាត់​ទុក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក​ដៃ​នេះ​ថា ជា​ឃាតកម្ម​ប្រវត្តិសាស្ត្រ​ដ៏​តក់​ស្លុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា នៅ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នោះ។ ប៉ុន្តែ​រដ្ឋាភិបាល​បាន​អូស​បន្លាយ​មិន​ចាប់​ខ្លួន​ជន​ដៃដល់​បាន​ភ្លាមៗ​នោះ គឺ​ជា​ចេតនា​របស់​រដ្ឋាភិបាល និង​ជា​រឿង​អាថ៌កំបាំង​ផ្នែក​នយោបាយ​មួយ ដែល​ខុស​អំពី​សំណុំ​រឿង​ដទៃ​ទៀត ដែល​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​មាន​សមត្ថភាព​ចាប់​ខ្លួន​ជន​ល្មើស​បាន​ភ្លាមៗ៕