កត្តានេះ ស្ថាប័នអភិវឌ្ឍនានាបានរកឃើញថា កសិករជាច្រើនបានចំណាយខ្ពស់ទៅលើការប្រើជីគីមី ហើយការចំណាយនេះ គឺកសិករបានមកពីប្រាក់កម្ចី ដែលមានកម្រិតខ្ពស់។ ស្ថាប័នស្រាវជ្រាវផ្នែកអភិវឌ្ឍកសិកម្មរកឃើញថា កសិករបានរកប្រភពលុយផ្សេងៗ ដើម្បីចំណាយលុយប្រមាណ៣០ម៉ឺនរៀលក្នុងការទិញជីគីមីប្រើប្រាស់លើទំហំដីមួយហិកតារ។
ការអះអាងនានាបានបញ្ជាក់ថា ការអភិវឌ្ឍវិស័យកសិកម្មគឺជួយកាត់បន្ថយភាពក្រីក្រ ប៉ុន្តែការស្រាវជ្រាវរបស់ស្ថាប័នអភិវឌ្ឍជាច្រើន បានរកឃើញថា កសិករភាគច្រើននៅតែស្ថិតក្នុងភាពក្រីក្រដដែល ដោយសារតែកសិករភាគច្រើនជំពាក់បំណុលគេតាមរយៈការចំណាយខ្ពស់លើការទិញសម្ភារៈកសិកម្ម ដូចជាចំណាយលើជីគីមីជាដើម។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍវិស័យកសិកម្ម សេដាក (CEDAC) លោកបណ្ឌិត យ៉ង សាំងកុមា មានប្រសាសន៍ថា កសិករបានប្រើប្រាស់ជីគីមីប្រមាណជាមធ្យម៧៥គីឡូក្រាម សម្រាប់ដីស្រែមួយហិកតារ និងកសិករត្រូវចំណាយលុយដើម្បីទិញជីគីមីមកប្រើប្រមាណ២០ម៉ឺន ទៅ៣០ម៉ឺនរៀល សម្រាប់ផ្ទៃដីមួយហិកតារ។
ទោះជាយ៉ាងណា ការប្រើប្រាស់ជីធម្មជាតិវិញ គឺកសិករនីមួយៗត្រូវប្រើជីធម្មជាតិប្រមាណ ២តោនទៅ៣តោនក្នុងមួយហិកតារ ដែលអ្នកវិភាគកសិកម្មនានាបានអះអាងថា កសិករភាគច្រើនពិបាករកជីធម្មជាតិ ដើម្បីបំពេញតាមសេចក្ដីត្រូវការចំពោះដំណាំរបស់គាត់។
លោកបណ្ឌិត យ៉ង សាំងកុមា មានប្រសាសន៍ថា កសិករដែលប្រើជីគីមីនៅរដូវវស្សាមានប្រមាណ៧០% នៃកសិករដែលធ្វើស្រែវស្សាសរុប ដោយលោកបញ្ជាក់ថា ការប្រើប្រាស់ជីគីមី គឺភាគច្រើននៅលើទំហំដីធំ៖ «ភាគច្រើន កសិករដែលនិយមប្រើជីធម្មជាតិច្រើននោះ គឺនៅខេត្តតាកែវ កំពត កំពង់ស្ពឺ ដោយឡែកអ្នកធ្វើស្រែនៅខេត្តបាត់ដំបង បន្ទាយមានជ័យ ដែលគាត់ធ្វើដីធំៗ គាត់អត់សូវប្រើជីធម្មជាតិទេ។ អីចឹង ជីធម្មជាតិក៏មិនប្រើលើកសិករគ្រប់គ្នាដែរ»។
របាយការណ៍ធនាគារអភិវឌ្ឍអាស៊ី អេ.ឌី.ប៊ី (ADB) បានបង្ហាញថា កសិករភាគច្រើនប្រើជីគីមីក្នុងកម្រិត៥០គីឡូក្រាមដល់៣៥០គីឡូក្រាម សម្រាប់ដំណាំស្រូវមួយហិកតារ ដោយអាស្រ័យទៅលើលទ្ធភាពដែលគាត់លៃលករកបាន ជាជាងទៅតាមគុណភាព ឬប្រភេទជី និងដី។
យ៉ាងណាក៏ដោយ អ្នកវិភាគកសិកម្ម លោក ព្រំ តុលា មានប្រសាសន៍ថា កសិករភាគច្រើនប្រើប្រាស់ជីគីមីនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ ដែលប្រភេទដីមួយចំនួនកសិករត្រូវតែប្រើជីគីមី ដើម្បីបង្កើនទិន្នផល។
លោក ព្រំ តុលា មានប្រសាសន៍បន្តថា កសិករភាគច្រើនយល់ដឹងអំពីរបៀបប្រើជីគីមី គឺនៅមានកម្រិតនៅឡើយ ដែលមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលទាមទារការបណ្ដុះបណ្ដាលបន្ថែម៖ «គេហៅថា សេវានៃការផ្សព្វផ្សាយកសិកម្មហ្នឹង កាន់តែទូលំទូលាយថែមទៀត ដើម្បីឲ្យកសិករគាត់អាចប្រើជីគីមី និងថ្នាំពុលហ្នឹងកាន់តែមានប្រសិទ្ធភាព ហើយអស់លុយតិច និងទទួលបានទិន្នផលខ្ពស់»។
បញ្ជាក់អំពីបញ្ហានេះ ការសិក្សារបស់ អេ.ឌី.ប៊ី បានបង្ហាញទៀតថា ការបណ្ដុះបណ្ដាល ការណែនាំ និងចំណេះដឹងតិចតួចពីរបៀបប្រើប្រាស់ជីសមស្រប កសិករភាគច្រើនរៀនប្រើទៅតាមការពន្យល់ផ្ទាល់មាត់ពីអ្នកលក់ជី ជាជាងការអនុវត្តបង្ហាញ។ កសិករភាគច្រើនប្រើប្រាស់ជីមិនសូវសមស្របតាមពេលវេលា និងតាមកម្រិតត្រូវប្រើនោះទេ។ ចំណុចដែលកសិករខាតបង់មួយ គឺគេប្រើជីលើសកម្រិត នៅក្នុងរដូវប្រាំង នៅចំពេលដែលថ្លៃស្រូវធ្លាក់ចុះនៅមូលដ្ឋាន។
ទាក់ទងការកាត់បន្ថយការចំណាយរបស់កសិករ និងទទួលបានទិន្នផលខ្ពស់ លេខាធិការដ្ឋាននៃប្រព័ន្ធប្រពលវប្បកម្ម (ប.ប.ស) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហ៊ាង រតនា មានប្រសាសន៍ថា ការធ្វើស្រែបែបប្រពលវប្បកម្ម គឺជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កសិករបានមួយកម្រិត ដោយសារការធ្វើប្រភេទនេះ គឺប្រើពូជចំនួនតិច ហើយវាផ្ដល់ទិន្នផលស្រូវខ្ពស់។ យ៉ាងណាក៏ដោយ លោក រតនា អង្កេតឃើញថា ភាគច្រើននៃកសិករធ្វើស្រែប្រភេទណាក៏ដោយ គាត់តែងតែប្រើជីគីមីនៅឡើយ៖ «គោលការណ៍គឺជំរុញឲ្យគាត់កាត់បន្ថយជីគីមីហ្នឹង។ យើងប្រាប់គាត់ អ្វីដែលគាត់ធ្វើដីរបស់គាត់ត្រូវនឹងជីអ្វីខ្លះ ហើយកន្លងមកកសិករឲ្យតែគាត់ធ្វើ គាត់ចេះតែដាក់ទៅ កន្លែងខ្លះ ដីគាត់មិនគួរប្រើជី ក៏គាត់ប្រើ»។
វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍកសិកម្មកម្ពុជា បានផ្សព្វផ្សាយសេចក្ដីណែនាំពីការប្រើប្រាស់ជីទៅតាមតំបន់អេកូឡូស៊ី នៃដំណាំកសិកម្ម និងប្រភេទដី ប៉ុន្តែកសិករមិនបានអនុវត្តតាមទេ ដោយសារតែខ្វះចំណេះដឹង និងព័ត៌មាន។
ការស្រាវជ្រាវនានាបានរកឃើញថា កសិករភាគច្រើនតែងតែរកប្រភពទុនផ្សេងៗ ដើម្បីទិញសម្ភារៈកសិកម្ម ដូចជាចំណាយលើពូជ ជី ជាដើម នៅពេលដល់ពេលដាំដុះម្ដងៗ ដែលភាគច្រើនពឹងលើកម្ចីក្រៅផ្លូវការ។
ធនាគារពិភពលោកបានរាយការណ៍ថា ការពិបាករកឥណទាន បង្ខំឲ្យកសិករភាគច្រើនត្រូវពឹងផ្អែកទៅលើប្រភពឥណទានក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់។ យ៉ាងណាក៏ដោយ របាយការណ៍ អេ.ឌី.ប៊ី បានរាយការណ៍ថា ទីផ្សារឥណទានសម្រាប់ផលិតកម្មដំណាំស្ទើរតែស្ថិតនៅក្នុងកណ្ដាប់ដៃឈ្មួញកណ្ដាល ដែលគ្រប់គ្រងលើជាងពាក់កណ្ដាលនៃជំនួញនៅជនបទ។
របាយការណ៍របស់កម្មវិធីអភិវឌ្ឍសហប្រជាជាតិ យូ.អិន.ឌី.ភី (UNDP) បានរកឃើញថា ស្ថាប័នមីក្រូហិរញ្ញវត្ថុនានា ដូចជា អេស៊ីលីដា និងអម្រឹត ធ្វើប្រតិបត្តិការផ្ដល់ប្រាក់កម្ចីដល់កសិករជនបទ ប៉ុន្តែត្រូវប្រជែងជាមួយឥណទានក្រៅផ្លូវការ។ ឈ្មួញកណ្ដាលយកការប្រាក់ពី៥%ទៅ៧% ក្នុងមួយខែ។ ដូច្នេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុផ្ដល់ការប្រាក់ថោកជាង ប៉ុន្តែស្ថាប័នទាំងនោះមានលក្ខខណ្ឌដាក់ទ្រព្យនានា និងខ្វះភាពបត់បែនក្នុងការផ្ដល់ប្រាក់កម្ចី។
ការពិភាក្សាជាមួយកសិករបានបង្ហាញថា ពួកគាត់តែងសងបំណុលនៅរដូវច្រូតកាត់ រដូវប្រមូលផល ឬក៏សងបំណុលភ្លាមនៅពេលដែលគាត់លក់ស្រូវ។ បញ្ហាដែលកសិករម្នាក់ៗជំពាក់បំណុលគេ មានមូលហេតុជាច្រើនទាក់ទងនឹងការងារកសិកម្ម ដូចជាទិញគ្រាប់ពូជ សម្ភារៈភ្ជួររាស់ និងជីជាដើម។
លោកបណ្ឌិត យ៉ង សាំងកុមា មានប្រសាសន៍ថា កត្តានេះគឺជំរុញឲ្យកសិករធ្លាក់ក្នុងភាពក្រីក្រ ដោយសារតែការប្រើជីគីមី ហើយកសិករពួកគាត់នឹងត្រូវប្រឈមការចំណាយកាន់តែខ្ពស់នៅពេលអនាគត៖ «ដើម្បីឲ្យបានផលស្រូវច្រើន គាត់ត្រូវបង្ខំចិត្តទិញជី។ ដល់ពេលខែស្ទូង គាត់អត់សូវមានលុយ គាត់ត្រូវខ្ចីគេដើម្បីទិញជី ដល់ពេលខែច្រូត គាត់យកស្រូវទៅលក់សងវិញ។ អីចឹង វាវិលចុះវិលឡើង ដល់ពេលដែលគាត់អត់សូវគិតគូរពីជីធម្មជាតិ អីចឹង ដីចេះតែខ្សោះទៅៗបង្ខំឲ្យគាត់ប្រើជីគីមីកាន់តែច្រើនទៅ»។
យោងតាមរបាយការណ៍ធនាគារអភិវឌ្ឍអាស៊ី បានរកឃើញថា ការប្រើប្រាស់ជីគីមី នៅប្រទេសកម្ពុជា មានកម្រិតទាបជាងប្រទេសជិតខាង ប៉ុន្តែការប្រើប្រាស់ជីបានកើនឡើងពី ៨ម៉ឺនតោននៅឆ្នាំ១៩៩៥ ដល់ជាង២សែន៤ម៉ឺនតោននៅឆ្នាំ២០១០ ដែលទំហំនាំចូលជីគីមីភាគច្រើនមកពីប្រទេសវៀតណាម និងប្រទេសថៃ មានប្រមាណ៧០% នៃការផ្គត់ផ្គង់សរុប។ ចំណែកឯកសិករក្រីក្រមិនអាចលៃលករកទិញជីមកប្រើប្រាស់ដំណាំបានទេ។
ទោះជាយ៉ាងណាក៏ដោយ កសិករដែលមានលទ្ធភាពទិញជីមកប្រើប្រាស់ ក៏មិនប្រាកដថាអាចបង្កើនទិន្នផលបានប្រសើរដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។