ការទាមទារនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយកាលពីសប្ដាហ៍មុន ជាមួយជនរងគ្រោះនៃការជួញដូរមនុស្សនៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកស្រី វ៉ាល់ល្លឺរី ហ្យារ៉េត (Valerie Jarrett) ទីប្រឹក្សាប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកកិច្ចការសាធារណៈ ដែលបានអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាកាលពីថ្ងៃអង្គារ ទី២០ វិច្ឆិកា ស្ដីពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី វ៉ាល់ល្លឺរី ហ្យារ៉េត បានគូសបញ្ជាក់ថា ការបញ្ចប់រាល់ទម្រង់នៃការជួញដូរមនុស្ស និងទាសភាពនៅកម្ពុជា គឺជាបញ្ហាអាទិភាពរបស់សហរដ្ឋអាមេរិក។
អ្នកស្រីបន្តថា ដើម្បីសម្រេចបានទិសដៅទាំងនោះ រដ្ឋាភិបាលកម្ពុជា ត្រូវមានវិធីសាស្ត្រច្បាស់លាស់ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ផ្ដល់កិច្ចគាំពារដល់ជនរងគ្រោះ និងដាក់ទោសធ្ងន់ធ្ងរចំពោះឧក្រិដ្ឋជនជាដើម។
គេហទំព័រ (Website) នៃសេតវិមាន ផ្សាយកាលពីថ្ងៃច័ន្ទ ទី២៦ វិច្ឆិកា នេះ បានឲ្យដឹងផងដែរថា ក្នុងជំនួបទ្វេភាគីរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីកម្ពុជា លោក បារ៉ាក់ អូបាម៉ា បានប្រាប់លោក ហ៊ុន សែន ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា បង្កើនការប្រឹងប្រែងទប់ស្កាត់អំពើពុករលួយ ពង្រឹងការអនុវត្តច្បាប់ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ រាប់ទាំងជនដែលងាយរងគ្រោះដោយសារការជួញដូរមនុស្ស រដ្ឋាភិបាលកម្ពុជា នឹងអាចទទួលបាននូវភាគីដៃគូ និងសហប្រតិបត្តិការពីសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី អូបាម៉ា បន្ថែមថា នៅទន្ទឹមនេះដែរ សហរដ្ឋអាមេរិកនឹងបន្តផ្ដល់ការគាំទ្រដល់សេវាអប់រំ ហ្វឹកហ្វឺនមន្ត្រីអាជ្ញាធរកម្ពុជា ពីវិធីស៊ើបអង្កេតដើម្បីយកឧក្រិដ្ឋជនមកផ្ដន្ទាទោសតាមច្បាប់ និងផ្ដល់សេវានីតិសម្បទា សម្រាប់ជនរងគ្រោះនៃការជួញដូរមនុស្ស ការរំលោភផ្លូវភេទជាដើម។
នាយកប្រតិបត្តិសមាគមសង្គ្រោះ និងស្ដារនីតិសម្បទាយុវនារី ឬហៅកាត់ថា អង្គការ អេហ្វេស៊ីប (AFESIP) លោក សៅ ឈឿត មានប្រសាសន៍កាលពីយប់ថ្ងៃទី២៧ វិច្ឆិកា ថា បញ្ហាការជួញដូរមនុស្សនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនកើតឡើងនៅកន្លែងផ្ដល់សេវាកម្សាន្តនានា និងខារ៉ាអូខេ ដោយលាក់កំបាំង។
លោក សៅ ឈឿត៖ «បើយើងមើលស្ថានភាពឥឡូវមិនសូវចំហដូចមុនទេ គឺអាថ៌កំបាំងជាងមុន ច្រើនកើតឡើងនៅតាមសួនច្បារនៅដដែល នៅតាមផ្ទះសំណាក់ តាមកន្លែងម៉ាស្សា និងខារ៉ាអូខេ មានអ៊ីចឹងដែរ។ សព្វថ្ងៃនេះយើងនៅដំណើរការធម្មតា យើងមានមណ្ឌលបី គឺនៅសៀមរាប កំពង់ចាម និងនៅភ្នំពេញ។ យើងផ្ដល់សេវាកម្មដដែល ផ្នែកអ៊ុតសក់ កាត់ដេរ តម្បាញ។ មណ្ឌលនីមួយៗយើងមានប្រមាណពី ៥០នាក់ ទៅជាង ៧០នាក់…»។
អ្នកស្រី វ៉ាល់ល្លឺរី ហ្យារ៉េត ទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹងផងដែរថា អ្នកស្រីក៏បានជួបពិភាក្សាជាមួយតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីជជែកពីកិច្ចខំប្រឹងប្រែងរបស់ពួកគេក្នុងការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃការជួញដូរផ្លូវភេទលើស្ត្រី និងកុមារ និងសេវាដល់ជនរងគ្រោះ។
តំណាងអង្គការទាំងនោះបានបង្ហាញពីក្តីបារម្ភមួយចំនួន រួមមានឧបសគ្គក្នុងការយកឧក្រិដ្ឋជនមកផ្ដន្ទាទោសតាមច្បាប់ ភាពលំបាកវេទនារបស់ជនរងគ្រោះ ភាពខ្វះខាតក្នុងកិច្ចប្រឹងប្រែងបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអំពើពុករលួយក្នុងប្រព័ន្ធតុលាការកម្ពុជាជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
