នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១២ ក្រុមការងារនេះស្វែងរកការគាំទ្រពីគ្រប់គណបក្សនយោបាយទាំងអស់នៅកម្ពុជា ដើម្បីដំណើរការ និងពន្លឿនច្បាប់នេះឲ្យទាន់ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ខាងមុខ។
បន្ទាប់ពីមានការចុះហត្ថលេខារួមគ្នាពីតំណាងគណបក្សនយោបាយចំនួន ៤ គឺមានគណបក្ស សម រង្ស៊ី គណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គាំទ្រលើការបង្កើតច្បាប់ស្ដីអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្សនយោបាយនៅកម្ពុជា ក្រុមការងារមួយនេះកំពុងស្វែងរកការគាំទ្រពីគណបក្សនយោបាយមួយចំនួនទៀត ដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្ស នរោឧត្ដម រណឫទ្ធិ ជាដើម ដើម្បីដំណើរការ និងពន្លឿនច្បាប់នេះឲ្យទាន់ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ខាងមុខ។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថា ច្បាប់នេះមានប៉ុន្មានមាត្រា និងប៉ុន្មានជំពូកនោះទេ។ ប៉ុន្តែមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបញ្ជាក់ថា ច្បាប់នេះត្រូវចាប់ផ្ដើមពីអ្នកឯកទេសខ្មែរ សរសេរជាភាសាខ្មែរ ហើយបកប្រែជាភាសាអង់គ្លេស ដើម្បីពិនិត្យយ៉ាងល្អិតល្អន់ជាមួយនឹងអ្នកឯកទេសបរទេស មុននឹងដាក់ជូនរដ្ឋសភា។
ប្រធានអង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ច្បាប់នេះមានគោលបំណងសំខាន់ចំនួនពីរ គឺទី១ ប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងនយោបាយ និងទី២ ធ្វើឲ្យការបោះឆ្នោតមានយុត្តិធម៌។
លោក គល់ បញ្ជា៖ «មែនទែនប្រទេសគេច្រើនហើយ គេធ្វើច្បាប់ហ្នឹង ហើយយើងគ្រាន់តែមើលទៅ ហើយបន្ទាប់មកយើងរកអ្នកឯកទេសខ្មែរយើងដើម្បីចាប់ផ្ដើមធ្វើសេចក្ដីព្រាង ពិនិត្យមើល ហើយជជែកគ្នាឲ្យបានញឹកញាប់ទៅ យើងចង់ឲ្យមានការជជែកគ្នាច្រើនណាស់។ ខាងច្បាប់ខាងអីដែរហ្នឹង គឺជួយមើល ដែលគេបញ្ជូនមនុស្សគេមកជួយមើល អ្នកឯកទេសម្នាក់ខ្មែរយើងដែលសរសេរ ដើម្បីឲ្យយោបល់មតិ ហើយបន្ទាប់មកបកជាភាសាអង់គ្លេសវិញ ដើម្បីយកទៅឲ្យអ្នកឯកទេសខាងក្រៅគេជួយពិនិត្យទៀតទៅ»។
បន្ថែមពីលើនេះ ប្រធានសមាគមអាដហុក (Adhoc) លោក ធន សារាយ មានប្រសាសន៍ថា នេះគឺជាជំហានមួយថ្មីទៀត ដើម្បីឈានទៅរកតម្លាភាព និងយុត្តិធម៌ក្នុងការបោះឆ្នោតនៅកម្ពុជា។
លោកបន្តថា សមាគមរបស់លោកនឹងចូលរួមជាប្រចាំទៅលើការតាក់តែងច្បាប់នេះ៖ «យើងនឹងធ្វើក្រុមការងារមួយដើម្បីតាក់តែងច្បាប់ស្ដីអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្សនយោបាយទាំងអស់ឲ្យមានតម្លាភាព ដោយគ្រប់គ្រងដោយច្បាប់មួយអំពីការចាយហិរញ្ញវត្ថុរបស់គណបក្ស ជាពិសេសនៅក្នុងពេលឃោសនាបោះឆ្នោតហ្នឹង»។
ដើម្បីបំបាត់អំពើពុករលួយ និងតម្លាភាពនៅក្នុងការបោះឆ្នោត អង្គការចំនួន៥ គឺមានអង្គការខុមហ្វ្រែល និកហ្វិច អាយហ្វិច អាដ្រាក និងអង្គការអាដហុក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១២ បានជួបប្រជុំគ្នាដើម្បីរៀបចំក្រុមការងារតាក់តែងច្បាប់ស្ដីអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់គណបក្សនយោបាយនៅកម្ពុជា។ មុននឹងដំណើរការតាក់តែងច្បាប់នេះ ក្រុមការងារត្រូវមានការគាំទ្រពីគណបក្សនយោបាយជាច្រើនផ្សេងទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក ជាម យៀប និងតំណាងរាស្ត្រផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាបានទេ នៅថ្ងៃទី៩ ខែឧសភា ដើម្បីសុំការបញ្ជាក់បន្ថែមអំពីរឿងនេះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្ស នរោត្ដម រណឫទ្ធិ លោក ប៉ែន សង្ហា មានប្រសាសន៍ថា លោកនឹងចូលរួម ហើយគាំទ្រច្បាប់នេះរហូតច្បាប់នេះបានចេញជារូបរាង៖ «ប្រសិនបើគណបក្សណាមួយមានលុយចាយច្រើន ហើយគណបក្សផ្សេងៗទៀតមិនមានលុយចាយគ្រប់គ្រាន់ វាជះឥទ្ធិពលដល់ការបោះឆ្នោត មានច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុគណបក្សនយោបាយហើយ បើមានច្បាប់ដើម្បីអនុញ្ញាតឲ្យគណបក្សទាំងអស់អាចប្រើប្រាស់ថវិការបស់រដ្ឋ ដើម្បីឃោសនា ដើម្បីធ្វើជាសកម្មភាពនយោបាយ នេះក៏ជាការល្អប្រសើរផងដែរ»។
លោកបញ្ជាក់ថា គណបក្សរបស់លោកមិនអាចប៉ាន់ស្មានការចំណាយក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងអាណត្តិនេះបានទេ ព្រោះការចំណាយមិនបានធ្វើនៅទីស្នាក់ការកណ្ដាលបក្ស ពោលគឺចាយតាមធនធានរបស់សមាជិកតាមខេត្តនីមួយៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
