អគ្គីភ័យ​បំផ្លាញ​ផ្ទះ ២៥​ខ្នង​នៅ​ខណ្ឌ​ឫស្សីកែវ​ក្នុង​ក្រុង​ភ្នំពេញ

2009-02-02

អគ្គីភ័យ​បាន​ឆាប​ឆេះ​ផ្ទះ​ចំនួន ២៥​ខ្នង នៅ​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​នេះ ដែល​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។

RFA/Mom Sophon

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ភូមិ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។

ប្រពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ លោក ឡាយ ស៊ីហន អាយុ ៦០​ឆ្នាំ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អគ្គីភ័យ​បាន​ឆេះ​លឿន​ពេក​មិន​អាច​ធ្វើ​អ្វី​ទាន់​ឡើយ។

លោក ឡាយ ស៊ីហន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ផ្ទះ​នៅ​ក្នុង​ទឹក ហើយ​ដំបូល​ស័ង្កសី។ ឮ​ថា ទុស្សេ​ខ្សែ​ភ្លើង​ភឹង​ឡើង​លើ​តែ​ម្ដង ឡើង​លើ​ហើយ​បាន​ឆេះ​រាល​ដាល​ទៅ​លិច​ទៅ​កើត។ ម្ចាស់​នៅ​ហ្នឹង មិន​ដឹង​យ៉ាង​ម៉េច​បាន​ទុស្សេ​ហ្នឹង ...​គ្មាន​នរណា​ពន្លត់​ទាន់​ទេ អណ្ដាត​ភ្លើង​ឡើង​តែ​ម្ដង។ បន្តិច​ឡាន​ទឹក​មក​ដល់​ភ្លាម មក​ទាន់​ពេល​វេលា​ដែរ មក​កៀក​ៗ​គ្នា»

តាម​ការ​អះអាង​ពី​ប្រធាន​ក្រុម​ទី​១៨ ក្នុង​ភូមិ​ទួល​សង្កែ ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា តាម​ការ​មើល​ឃើញ​ភ្លើង​បាន​ឆាប​ឆេះ​ពី​ផ្ទះ​ឈ្មោះ ឡោក ធិន ហើយ​ការ​ឆេះ​នោះ​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

ចំណែក​ឯ​នាយ​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ក្រុង​ភ្នំពេញ លោក​វរសេនីយ៍​ត្រី នេត្រ វន្ថា ដែល​ចុះ​ជួយ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ បាន​ថ្លែង​បា្រប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពន្លត់​អគ្គីភ័យ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ១១​គ្រឿង រួម​ជាមួយ​រថយន្ត​សង្គ្រោះ​ផ្សេងៗ​ទៀត ហើយ​ប្រើ​ទឹក​ពន្លត់​អស់​ជិត ៣០​ឡាន ដោយ​ប្រើ​ពេល​អស់​មួយ​ម៉ោង​កន្លះទើប​អាច​ជួយ​សង្គ្រោះ​បាន។

លោក​វរសេនីយ៍​ត្រី នេត្រ វន្ថា ថ្លែង​ថា ៖ «ស្មុគស្មាញ​មែន​ទែន​តំបន់​នេះ ដោយសារ​សំណង់​នៅ​ទីនេះ​អត់​មាន​ផ្លូវ​សម្រាប់​យើង​ធ្វើ​អន្តរាគមន៍​ទេ គឺ​ពិបាក​មែន​ទែន។ ដោយសារ​ការ​ទម្លុះ​ទម្លាយ​ជាមួយ​មូលដ្ឋាន គាស់​ដំបូល គាស់​ចន្លោះ ទម្រាំ​បាន​យើង​មាន​លទ្ធភាព​ឲ្យ​ទុយោ​យើង​បាញ់​ដល់​គោលដៅ ហើយ​និង​ប្រជាពលរដ្ឋ​គាត់​ចូលរួម​ផង បាន​ទប់​ស្កាត់​បាន​ដល់​ម៉ោង​នេះ កុំ​អី​ប្រហែល​ជា​អាច​ខូច​ជាង​ហ្នឹង​ទៅ​ទៀត»

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ថ្លែង​ដែរ​ថា គេ​មិន​ទាន់​អាច​វាយ​តម្លៃ​នៃ​ការ​ខូច​ខាត​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា បើ​ទោះ​បី​ជា​ស្ថានភាព​ផ្លូវ​ចូល​ទៅ​កន្លែង កើត​ហេតុ​ហាក់​លំបាក​ក៏​ដោយ។

លោក ឃ្លាំង ហួត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​ស្មុគស្មាញ​គឺ​គ្មាន​ផ្លូវ​ចូល​សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ទាន់​ពេល​វេលា បើ​សិន​ជា​មាន​ផ្លូវ​ស្រួល​បួល​ប្រហែល​ជា​ការ​ខូចខាត​មិន​ធ្ងន់ធ្ងរ​ដល់​កម្រិត​ហ្នឹង​ទេ។ ការ​សង្រ្គោះ​ឥឡូវ​នេះ តាំង​ពី​មាន​កំណែ​ទម្រង់​គឺ​យើង​ល្អ​ណាស់ កាល​ណា​ឆេះ​គឺ​យើង​ត្រូវ​អន្តរាគមន៍​ពន្លត់​ភ្លាម អត់​មាន​បញ្ហា​ទេ មិន​គិត​ថា ផ្ទះ​អ្នក​តូច អ្នក​ធំ អ្នក​ក្រ​ទេ កន្លែង​ណា​ដែល​ឆេះ​គឺ​យើង​ពន្លត់​ទាន់​ពេល​វេលា។ ដូច​ជា​ពេល​នេះ​អ៊ីចឹង បើ​សិន​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ការ​ឆេះ​ហ្នឹង នឹង​រាល​ដាល​ធំ​ជាង​នេះ​ទៀត ដោយសារ​តំបន់​នេះ​ស្មុគស្មាញ ហើយ​ផ្ទះ​ជាប់​គ្នា»

ក្រុម​អាជ្ញាធរ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដោយសារ​តែ​រដូវ​ក្តៅ​ចូល​មក​ដល់ ខ្លាច​ក្រែង​មាន​អគ្គីភ័យ​កើត​ឡើង​ជា​យថា​ហេតុ​ដូច​នៅ​ពេល​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ផ្ទះ​ប្រហែល​៣០០​ខ្នង​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​ឫស្សីកែវ

មនុស្ស​២​នាក់​ស្លាប់​នៅ​ខែត្រ​មណ្ឌលគិរី​ដោយសារ​ខ្យល់​ព្យុះ

ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ប្រមាណ​១៥​ពាន់​គ្រួសារ​កំពុង​ដាច់​ស្បៀង

ព្យុះ​កេតសាណា​ធ្វើ​ឲ្យ​សាលា​ចំនួន​១​ពាន់​ត្រូវ​ទឹក​លិច

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រឈម​បញ្ហា​ដាច់​ស្បៀង​បន្ទាប់​ពី​ទឹក​ជន់​លិច​ភូមិ

អាជ្ញាធរ​គ្រោង​ជួប​ប្រជុំ​រៀបចំ​ផែនការ​ជួសជុល​ក្រុង​សៀមរាប​

គ្រោះ​ទឹក​ជំនន់​បំផ្លាញ​ស្រូវ​ប្រមាណ​២០​ម៉ឺន​ហិកតារ​នៅ​កម្ពុជា

ខ្យល់​ព្យុះ​កេតសាណា​សម្លាប់​មនុស្ស​២៤​នាក់​នៅ​កម្ពុជា

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​នៅ​កំពង់ធំ​ជួប​បញ្ហា​ដាច់​ស្បៀង

ផល​ប៉ះពាល់​បណ្តាល​មក​ពី​ខ្យល់​ព្យុះ​កំបុត​ត្បូង​នៅ​កម្ពុជា