មិនមានមនុស្សរងគ្រោះថ្នាក់នៅក្នុងព្រឹត្តិការណ៍អគ្គិភ័យដែលបានកើតឡើងវេលាម៉ោង ៨:៥០នាទីព្រឹក នៅក្រុងភ្នំពេញនោះឡើយ ក៏ប៉ុន្តែសម្ភារៈនៅក្នុងផ្ទះត្រូវបានខូចខាតទាំងស្រុង ។ ផ្ទះបួនល្វែងនោះជាផ្ទះថ្មក្រោម ឈើលើប្រក់ក្បឿង។
ហើយបើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ផ្ទះនោះជាសំណង់ផ្ទះចាស់របស់នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌។
នាយរងការិយាល័យអគ្គិភ័យក្រុងភ្នំពេញ លោក ឃិន សំអួរ បានមានប្រសាសន៍ថាមូលហេតុដែលនាំឲ្យកើតអគ្គិភ័យនោះដោយសារការឆ្លងចរន្តអគ្គិសនី។ អគ្គិភ័យនោះបានត្រូវគេពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង ប្រមាណ ១១:៣០នាទី។
គេនៅមិនទាន់ដឹងពីការខូចខាតដោយគ្រោះអគ្គិភ័យនោះ ថាបើគិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ៕
