ភ្លើង​​ឆេះ​អគារ​បន្ទាយ​អង្គរក្ស​ជាស៊ីម​នៅ​ខណ្ឌ​ចំការមន

2009-11-25

អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បន្ទាយ​អង្គរក្ស​ជាន់​ទី​២ ស្ថិត​នៅ​ជិត​ភូមិគ្រឹះ លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ក្នុង​ខណ្ឌ​ចំការមន នៅ​ថ្ងៃ​ពុធ ២៥ វិច្ឆិកា ប៉ុន្តែ​ពុំ​មាន​បង្ក​គ្រោះថ្នាក់​និង​ខាត​បង់​ធ្ងន់ធ្ងរ​ឡើយ។

RFA/Sek Bandith

២៥-វិច្ឆិកា-០៩: រថយន្ត​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​​កើត​ហេតុ ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ

នៅ​ម៉ោង​ប្រមាណ​ជិត​១១​ថ្ងៃ​ត្រង់​ថ្ងៃ​២៥ វិច្ឆិកា អគ្គិភ័យ​មួយ​បាន​គំរាម​កំហែង​អគារ​អង្គភាព​អង្គរក្ស​ការពារ​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ដែល​ស្ថិត​នៅ​ផ្លូវ​លេខ​៤៦២ ភូមិ​១៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ខាង​ក្រោយ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន។

ទី​កើត​ហេតុ​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​ចំណោម​ភូមិ​គ្រឹះ​របស់​មន្រ្តី​ថ្នាក់​កំពូលៗ​​ក្នុង​រដ្ឋាភិបាល​កម្ពុជា យ៉ាង​នេះ​ហើយ​បាន​ជា​មន្រ្តី​សមត្ថកិច្ច​មាន​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយ​បើក​យុទ្ធនាការ​ចុះ​ពន្លត់​នេះ​ភ្លាមៗ និង​មាន​សកម្មភាព​មមាញឹក មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​បណ្តា​កន្លែង​ផ្សេងៗ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ប្រធាន​ការិយាល័យ​នគរបាល បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ លោក នេត វន្ថា។

លោក នេត វន្ថា មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ត​ថា ដោយសារ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​មួយ​ជា​ពីរ ក្នុង​ការ​ចុះ​ពន្លត់​អគ្គិភ័យ ក្រោម​ការ​ចុះ​បញ្ជា​ផ្ទាល់​ពី​អគ្គ​ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បេសកកម្ម​ពិសេស​នេះ​ទទួល​បាន​ជោគជ័យ​ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ។

លោក នេត វន្ថា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខូចខាត​តែ​២​បន្ទប់ មួយ​ផ្ទះ​ហ្នឹង​គឺ​មាន​២​បន្ទប់ ខូច​ខាត​សម្ភារៈ​ទាំងស្រុង។ សមត្ថកិច្ច​យើង​ព្រួយ​បារម្ភ​ព្រោះ​ជា​រដូវ​ក្ដៅ រដូវ​ធ្លាក់​ខ្យល់​ស្ងួត ហើយ​យើង​ឃើញ​ថា ប្លុក​នេះ​ជា​ប្លុក​សំខាន់​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​ស្នាក់​នៅ​ទី​នេះ អ៊ីចឹង​យើង​បារម្ភ​មែន​ទែន។ ឡាន​ទឹក​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ថ្ងៃ​នេះ គឺ​៩​គ្រឿង ចេញ​មក​ហូរ​ហែ»

នាយ​អង្គរក្ស​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ជា​សំណាង​ល្អ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​គេច​ផុត​ពី​ការ​រង​គ្រោះ​ដោយ​អគ្គិភ័យ​នេះ ដោយសារ​តំបន់​ជុំវិញ​កន្លែង​កើត​ហេតុ​សុទ្ធ​តែ​ផ្ទះ​អ្នក​ធំ ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​មក​លឿន​ទាន់​ចិត្ត និង​មាន​រថយន្ត​ច្រើន​គ្រឿង​បាញ់​សម្រុក​ពន្លត់​ព្រម​គ្នា។

អង្គរក្ស​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ដូច្នេះ ៖ «ផ្ទះ​ថ្នាក់​ដឹក​នាំ​អ៊ីចឹង​ហើយ គេ​ខ្លាច គេ​ប្រយ័ត្ន​ប្រយែង មិន​មែន​ដូច​ផ្ទះ​ប្រជាពលរដ្ឋ​ក្រៅៗ​អី យឺត​យ៉ាវ​ដោយសារ​ជួនកាល​គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់»

លោក ទូច ណារ៉ុថ អគ្គ​ស្នងការ​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​នៅ​នឹង​កន្លែង​កើត​ហេតុ​ថា ពិត​ហើយ ទី​នេះ​ជា​តំបន់​ភូមិគ្រឹះ​ថ្នាក់​ដឹក​នាំ​កំពូល មាន​ប្រធាន​ព្រឹទ្ធ​សភា រដ្ឋ​សភា ឧប​នាយករដ្ឋមន្រ្តី​ជា​ដើម ដែល​ត្រូវ​មាន​ការ​ការពារ​ខ្ពស់ និង​មិន​ត្រូវ​ឲ្យ​មាន​ហេតុការណ៍​អគ្គិភ័យ​នេះ​កើត​ឡើង​ជា​ដាច់​ខាត។

លោក​សូម​អំពាវនាវ​ដល​ប្រជាពលរដ្ឋ​ថា ៖ «យើង​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង ពឹង​តែ​សមត្ថកិច្ច ងាប់​សមត្ថកិច្ច​ហើយ អ៊ីចឹង​ទាល់​តែ​ចេះ​ការពារ​ខ្លួន​ឯង»

នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ​គេ​កត់​សម្គាល់​ឃើញ​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​គ្រោះ​អគ្គិភ័យ​កើត​មាន​ផ្ទួនៗ​គ្នា​ជា​ច្រើន​កន្លែង ដូច​ជា​កាល​ពី​ថ្ងៃ​ទី​១៩​កន្លង​ទៅ អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ​ជន​ជាតិ​ចាម ក្នុង​ខណ្ឌ​ឫស្សីកែវ ចំនួន​២៤៣​ខ្នង ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​នេះ បាន​ឆេះ​នៅ​សង្កាត់​ស្វាយប៉ាក និង​នៅ​ថ្ងៃ​អង្គារ បាន​ឆេះ​នៅ​សង្កាត់​បឹងសាឡាង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ដូច​នៅ​ភូមិ​ជន​ជាតិ​ចាម ក្នុង​សង្កាត់​ច្រាំងចំរេះ​២​នោះ​ទេ៕

មតិ

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។






Please type the characters you see in the image.



មើល​មតិ​ទាំង​អស់.

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ភ្លើង​ឆេះ​ផ្ទះ​ជាង​៣​ល្វែង​និង​ដេប៉ូ​ឈើ​មួយ​ចំនួន​ក្នុង​ខណ្ឌ​ទួលគោក

ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចែក​អំណោយ​ដល់​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​នៅ​ឫស្សីកែវ​ជួប​បញ្ហា​សុខភាព

ផ្ទះ​ប្រហែល​៣០០​ខ្នង​ត្រូវ​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​ឫស្សីកែវ

មនុស្ស​២​នាក់​ស្លាប់​នៅ​ខែត្រ​មណ្ឌលគិរី​ដោយសារ​ខ្យល់​ព្យុះ

ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​ប្រមាណ​១៥​ពាន់​គ្រួសារ​កំពុង​ដាច់​ស្បៀង

ព្យុះ​កេតសាណា​ធ្វើ​ឲ្យ​សាលា​ចំនួន​១​ពាន់​ត្រូវ​ទឹក​លិច

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រឈម​បញ្ហា​ដាច់​ស្បៀង​បន្ទាប់​ពី​ទឹក​ជន់​លិច​ភូមិ

អាជ្ញាធរ​គ្រោង​ជួប​ប្រជុំ​រៀបចំ​ផែនការ​ជួសជុល​ក្រុង​សៀមរាប​