នៅម៉ោងប្រមាណជិត១១ថ្ងៃត្រង់ថ្ងៃ២៥ វិច្ឆិកា អគ្គិភ័យមួយបានគំរាមកំហែងអគារអង្គភាពអង្គរក្សការពារលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលស្ថិតនៅផ្លូវលេខ៤៦២ ភូមិ១៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងក្រោយទីស្នាក់ការកណ្តាលគណបក្សប្រជាជន។
ទីកើតហេតុនេះស្ថិតនៅចំកណ្តាលចំណោមភូមិគ្រឹះរបស់មន្រ្តីថ្នាក់កំពូលៗក្នុងរដ្ឋាភិបាលកម្ពុជា យ៉ាងនេះហើយបានជាមន្រ្តីសមត្ថកិច្ចមានក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយបើកយុទ្ធនាការចុះពន្លត់នេះភ្លាមៗ និងមានសកម្មភាពមមាញឹក មានការទទួលខុសត្រូវខ្ពស់ជាងបណ្តាកន្លែងផ្សេងៗ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប្រធានការិយាល័យនគរបាល បង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក នេត វន្ថា។
លោក នេត វន្ថា មានប្រសាសន៍ឲ្យដឹងបន្តថា ដោយសារមានការទទួលខុសត្រូវខ្ពស់មួយជាពីរ ក្នុងការចុះពន្លត់អគ្គិភ័យ ក្រោមការចុះបញ្ជាផ្ទាល់ពីអគ្គស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ បេសកកម្មពិសេសនេះទទួលបានជោគជ័យក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។
លោក នេត វន្ថា មានប្រសាសន៍ដូច្នេះថា ៖ «ខូចខាតតែ២បន្ទប់ មួយផ្ទះហ្នឹងគឺមាន២បន្ទប់ ខូចខាតសម្ភារៈទាំងស្រុង។ សមត្ថកិច្ចយើងព្រួយបារម្ភព្រោះជារដូវក្ដៅ រដូវធ្លាក់ខ្យល់ស្ងួត ហើយយើងឃើញថា ប្លុកនេះជាប្លុកសំខាន់របស់ថ្នាក់ដឹកនាំកំពូលៗស្នាក់នៅទីនេះ អ៊ីចឹងយើងបារម្ភមែនទែន។ ឡានទឹកដែលយើងខ្ញុំបានចេញមកថ្ងៃនេះ គឺ៩គ្រឿង ចេញមកហូរហែ»។
នាយអង្គរក្សមួយរូបសុំមិនបញ្ចេញឈ្មោះ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានប្រាប់វិទ្យុអាស៊ីសេរីថា ជាសំណាងល្អប្រជាពលរដ្ឋនៅទីនេះគេចផុតពីការរងគ្រោះដោយអគ្គិភ័យនេះ ដោយសារតំបន់ជុំវិញកន្លែងកើតហេតុសុទ្ធតែផ្ទះអ្នកធំ ដែលក្រុមពន្លត់អគ្គិភ័យមកលឿនទាន់ចិត្ត និងមានរថយន្តច្រើនគ្រឿងបាញ់សម្រុកពន្លត់ព្រមគ្នា។
អង្គរក្សដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងដូច្នេះ ៖ «ផ្ទះថ្នាក់ដឹកនាំអ៊ីចឹងហើយ គេខ្លាច គេប្រយ័ត្នប្រយែង មិនមែនដូចផ្ទះប្រជាពលរដ្ឋក្រៅៗអី យឺតយ៉ាវដោយសារជួនកាលគេមិនសូវយកចិត្តទុកដាក់»។
លោក ទូច ណារ៉ុថ អគ្គស្នងការរាជធានីភ្នំពេញ មានប្រសាសន៍នៅនឹងកន្លែងកើតហេតុថា ពិតហើយ ទីនេះជាតំបន់ភូមិគ្រឹះថ្នាក់ដឹកនាំកំពូល មានប្រធានព្រឹទ្ធសភា រដ្ឋសភា ឧបនាយករដ្ឋមន្រ្តីជាដើម ដែលត្រូវមានការការពារខ្ពស់ និងមិនត្រូវឲ្យមានហេតុការណ៍អគ្គិភ័យនេះកើតឡើងជាដាច់ខាត។
លោកសូមអំពាវនាវដលប្រជាពលរដ្ឋថា ៖ «យើងសំណូមពរឲ្យប្រជាពលរដ្ឋលោកមានការប្រុងប្រយ័ត្នផង ពឹងតែសមត្ថកិច្ច ងាប់សមត្ថកិច្ចហើយ អ៊ីចឹងទាល់តែចេះការពារខ្លួនឯង»។
នៅក្នុងខែវិច្ឆិកានេះគេកត់សម្គាល់ឃើញថា នៅក្នុងរាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យកើតមានផ្ទួនៗគ្នាជាច្រើនកន្លែង ដូចជាកាលពីថ្ងៃទី១៩កន្លងទៅ អគ្គិភ័យបានបំផ្លាញផ្ទះជនជាតិចាម ក្នុងខណ្ឌឫស្សីកែវ ចំនួន២៤៣ខ្នង ហើយកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ បានឆេះនៅសង្កាត់ស្វាយប៉ាក និងនៅថ្ងៃអង្គារ បានឆេះនៅសង្កាត់បឹងសាឡាង ប៉ុន្តែមិនធ្ងន់ធ្ងរដូចនៅភូមិជនជាតិចាម ក្នុងសង្កាត់ច្រាំងចំរេះ២នោះទេ៕
