ឡានទឹកពន្លត់អគ្គិភ័យជាង ១០គ្រឿងបានព្យាយាមពន្លត់រោងសិប្បកម្មធ្វើធូបមួយកន្លែង ដែលភ្លើងកំពុងឆាបឆេះសន្ធោសន្ធៅនៅខាងក្រោយមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្នុងសង្គាត់ទំបន់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលអ្នកភូមិកំពុងលង់ដំណេកស្កប់ស្កល់។
អ្នកស្រុកនៅជិតខាងរោងសិប្បកម្មជាច្រើនបានផ្អើលឆោឡោ នាំគ្នាវេចបង្វេចរត់គេចចេញពីផ្ទះរៀងៗខ្លួនយ៉ាងស្លន់ស្លោ។
កញ្ញា កង កាន់តានា ផ្ទះក្បែរសិប្បកម្មដែលកំពុងស្ពាយអីវ៉ាន់សំពីងសំពោងរត់គេចចេញពីផ្ទះ បញ្ជាក់ថា ៖ «ភ្លើងឆេះផ្ទះលក់ធូបហ្នឹងហើយ! គេកំពុងពន្លត់ ឆេះខ្លាំងដែរ ម៉ែខ្ញុំឲ្យខ្ញុំស្ពាយអីវ៉ាន់រត់»។
មនុស្សរាប់រយនាក់បានភ្ញាក់ផ្អើលចោមរោមមើលភ្លើងឆេះទាំងភ័យរន្ធត់ទាំងយប់ ខណៈដែលដែលក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងយ៉ាងប្រញាប់ប្រញាល់។
ប្រធានការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ លោកវរសេនីយ៍ នេត វន្ថា ដែលបានចុះផ្ទាល់ដល់កន្លែងភ្លើងឆេះថ្លែងថា ការផ្ទុះចរន្តអគ្គិសនី ខ្សែភ្លើង ជាដើមហេតុនាំឲ្យសិប្បកម្មផលិតធូបមួយនេះឆេះ ហើយសម្ភារៈ និងវត្ថុធាតុដើម ដូចជាបាច់ឫស្សី សំបកក្រសាំង ស្លឹកគ ដែលស្តុកទុកក្នុងឃ្លាំងរាប់តោនសម្រាប់ផលិតធូប ត្រូវភ្លើងឆេះងំ ដែលត្រូវចំណាយពេលពន្លត់យូរទើបរលត់។
លោកវរសេនីយ៍ នេត វន្ថា មានប្រសាសន៍ដូច្នេះ ៖ «យើងថា ឆេះធំបង្គួរ។ យើងទទួលការប្រើប្រាស់នេះទ្រង់ទ្រាយធំដែរ។ រថយន្តយើងខ្ញុំដែលចេញមកអន្តរាគមន៍នេះ គឺមាន ១១គ្រឿង ប្រើប្រាស់ទឹកអស់ ៣៣ជើងឡាន ហើយករណីផ្តើមឡើងនេះពីការឆ្លងចរន្តអគ្គិសនី។ យើងទទួលព័ត៌មានភ្លាម យើងក៏អន្តរាគមន៍ភ្លាម ហើយផលលំបាកដែលយើងមកដល់ដំបូង គឺយើងមិនទាន់ហ៊ានធ្វើទេ គឺដោយសារមានខ្សែភ្លើងដាច់ធ្លាក់មកក្រោមរេលដូចពស់ គឺកម្លាំងយើងមិនអាចធ្វើការបានតាមជំនាញទេ ព្រោះតែកាលណាបាញ់ទឹកទៅវាឆក់ អ៊ីចឹងយើងត្រូវការទំនាក់ទំនងជាមួយក្រុមហ៊ុនខាងអគ្គិសនីឲ្យគាត់បិទដើម្បីយើងធ្វើការបន្ត។ អ៊ីចឹងជាលទ្ធផលយើងធ្វើបានជោគជ័យ មិនមានឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតទេ»។
លោក នេត វន្ថា ក៏បានបញ្ជាក់ដែរថា អគ្គិភ័យដែលកើតឡើងលើកនេះ គឺជាលើកទី ២៩ហើយ ក្នុងរាជធានីភ្នំពេញ នៅក្នុងរយៈពេលមួយខែចុងក្រោយនេះ។
ក្រុមពន្លត់ភ្លើងបានចំណាយពេលពន្លត់តាំងពីម៉ោង ៤ទៀបភ្លឺ រហូតដល់ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែសីហា ទើបរលត់ជាស្ថាពរ ហើយមិនមានគ្រោះថ្នាក់អ្វីទេ ក្នុងឧប្បត្តិហេតុភ្លើងឆេះនេះ។ ទន្ទឹមនឹងពេលនេះ លោក នេត វន្ថា បានអំពាវដល់ប្រជាជនទាំងអស់ឲ្យប្រុងប្រយ័ត្ន និងចេះការពារកុំឲ្យភ្លើងឆេះផ្ទះ៕
