បញ្ហានេះគេបានយល់ថា គឺបណ្ដាលមកពីការរស់នៅក្នុងជម្រកតង់នោះអស់រយៈពេលកន្លះឆ្នាំមកហើយដែលខ្វះខាតសព្វបែបយ៉ាង ទាំងការទទួលទានដំណេកមិនបានលក់ស្រួល បញ្ហាត្រូវភ្លៀងលិចគ្មានអនាម័យ។
ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ ស្រ្តីមួយរូបដែលសុំមិនប្រាប់ឈ្មោះបានបញ្ជាក់ប្រាប់ពីទុក្ខលំបាករបស់គាត់យ៉ាងដូច្នេះ ៖ «ជំងឺរាកហើយនិងក្ដៅផ្ដាសាយ ថ្នាំដូចដាក់មិនត្រូវ។ ម្សិលមិញស្លាប់ម្នាក់មនុស្សចាស់ គាត់លើសឈាម គាត់ក្ដៅ»។
ការរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅភូមិបឹងឈូកហើយដែលកំពុងបោះជម្រកតង់កៅស៊ូនៅបណ្ដោះអាសន្នដែលកំពុងជួបប្រទះជំងឺរាករូសនិងជំងឺផ្សេងៗដូចបានបញ្ជាក់មកនេះ គេឃើញមានការចោទខ្លាំងចំពោះកុមារជាកូនចៅរបស់គេដោយកុមារខ្លះបានធ្លាក់ខ្លួនឈឺយូរថ្ងៃរហូតខកខានមិនបានទៅរៀនសូត្រ។
កុមារីមួយរូបក្នុងចំណោមកុមារកូនចៅអ្នករងគ្រោះដោយអគ្គិភ័យនោះបានប្រាប់ឲ្យដឹងពីការលំបាករបស់នាងយ៉ាងដូច្នេះ ៖ «ខ្ញុំជិតមួយអាទិត្យ ក្ដៅខ្លួន ញាក់ញ័រ។ ខ្ញុំពិបាកណាស់ពេលយប់ឡើងខ្ញុំត្រូវការរៀនសូត្រ អត់មានភ្លើងងងឹតឈឹងតែម្ដង។ ភ្លៀងលិចមកខ្ញុំពិបាកទាំងការរៀន ហើយនិងការសម្រាក មិនដឹងទៅសម្រាកឯណាផង។ ខ្ញុំចង់ឲ្យរដ្ឋាភិបាលជួយដោះស្រាយឲ្យឆាប់ៗដើម្បីឲ្យខ្ញុំមានទីតាំងសម្រាប់រៀនសមរម្យ ហើយមានផ្ទះស្នាក់នៅ កុំឲ្យដូចរាល់យប់ខ្ញុំអត់បានរៀនអ៊ីចឹង»។
ចំពោះការអំពាវនាវទាំងអម្បាលម៉ាណនេះវិទ្យុអាស៊ីសេរីបានព្យាយាមសាកសួរទៅអាជ្ញាធរក្រុងភ្នំពេញផងដែរដើម្បីចង់ដឹងថា តើលោកនឹងវិធានការដោះស្រាយយ៉ាងណាដែរចំពោះប្រជាពលរដ្ឋរបស់លោក ជាពិសេសដែលពួកគេកំពុងតែកើតមានជំងឺរាករូសបែបនេះ ក៏ប៉ុន្តែមិនអាចទាក់ទងបានឡើយនៅក្នុងថ្ងៃនេះ។
តែទោះជាយ៉ាងនេះក្តីអភិបាលរងក្រុងភ្នំពេញ លោក ម៉ាន់ ឈឿន ធ្លាប់បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីផងដែរកាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះថា អាជ្ញាធរក្រុងបាននិងកំពុងតែគិតគូរពីបញ្ហានោះហើយ ក៏ប៉ុន្តែលោកមិនកំណត់ពេលជាក់លាក់ថាពេលណានោះទេ ពីព្រោះបញ្ហានេះគេត្រូវតែធ្វើការពិភាក្សាឲ្យបានល្អិតល្អន់ជាមួយរដ្ឋអំណាចមូលដ្ឋានព្រមទាំងបណ្ដាអង្គការក្រៅដ្ឋាភិបាលមួយចំនួនទៀត។
គួរបញ្ជាក់ជូនដែរថា ចំពោះជនរងគ្រោះដោយអគ្គិភ័យនៅភូមិបឹងឈូកកន្លងមកគេឃើញមានការអំពាវនាវពីសំណាក់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ដូចជាសមាគមសិទ្ធិមនុស្សអាដហុកនៅទីក្រុងភ្នំពេញជាដើម ដោយគេបានលើកឡើងថា រាជរដ្ឋាភិបាលលោកគួរតែធ្វើការដោះស្រាយជាបន្ទាន់ឲ្យជនរងគ្រោះទាំងនោះមានទីលំនៅសមរម្យឡើងវិញ ពីព្រោះការរស់នៅក្នុងជម្រកតង់កៅស៊ូហាលក្ដៅភ្លៀងខ្យល់យូរយ៉ាងដូច្នោះ គេមិនអាចធានានូវសុវត្ថិភាពសុខភាពរបស់ពួកគេបានឡើយ ហើយដែលប៉ះពាល់ធ្ងន់ខ្លាំងជាងគេនោះគឺកុមារ៕
