ស្ថានភាព​រស់នៅ​របស់​ជន​រងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​ភូមិ​បឹងឈូក សង្កាត់​ទឹកថ្លា

ជន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ជាង​៤០០​គ្រួសារ​នៅ​ភូមិ​បឹងឈូក សង្កាត់​ទឹកថ្លា ក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ផ្តល់​ជម្រក​ដល់​ពួក​គេ​ឲ្យ​បាន​រួសរាន់ ព្រោះ​ការរស់នៅ​ក្នុង​តង់​បណ្ដោះ​អាសន្ន​កំពុងតែ​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន។

0:00 / 0:00

នៅ​លើ​ទី​វាល​មួយ​ប្រប​ផ្លូវ​ជាតិ​ត្រង់​សង្កាត់​ទឹកថ្លា ក្រុង​ភ្នំពេញ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មន្ទីរពេទ្យ​ព្រះកុសមៈ​ឬ​មន្ទីរពេទ្យ​លោក​សង្ឃ​នោះ​គេ​ឃើញ​មាន​ការបោះ​ជំរំ​ជា​ច្រើន​ដែល​មាន​ដំបូល​ប្រក់​ក្រណាត់​កៅស៊ូ ហើយ​ខ្លះ​មាន​ជញ្ជាំង ខ្លះ​នៅ​ល្ហល្ហេវ ហើយ​និង​សង់​រកេតរកូត​គ្មាន​សណ្ដាប់ធ្នាប់​ទេ ហើយ​នៅ​ក្នុង​ជម្រក​នីមួយៗ​នោះ​ភាគ​ច្រើន​គេ​ឃើញ​មាន​តែ​របស់​របរ​បន្តិច​បន្តួច ដូច​ជា​ចាន​ឆ្នាំង ខោ​អាវ និង​គ្រែ​ដេក​មួយ​ឬ​ពីរ​ប៉ុណ្ណោះ។

ជម្រក​ទាំង​នោះ​គឺ​ជា​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​របស់​ប្រជាពលរដ្ឋ​ដែល​បាន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ជាង​៤០០​គ្រួសារ​នៅ​ភូមិ​បឹងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ ក្រោយពី​ផ្ទះ​របស់​ពួក​គេ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​កាលពី​អំឡុង​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ហើយ​គេ​មិន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ឡើយ។

បើ​គិត​រាប់​តាំង​ពី​ពេល​នោះ​មក​ដល់​ពេល​ឥឡូវ​គឺ​មាន​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ហើយ​ដែល​ជង​រងគ្រោះ​ទាំង​នោះ​បាន​រស់នៅ​ក្នុង​ជម្រក​ដូច​ជន​ភៀស​ខ្លួន។

ក្នុង​ចំណោម​ជន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ដែល​កំពុង​រស់នៅ​ក្នុង​តង់​បណ្ដោះអាសន្ន​នោះ ស្រ្តី​មួយ​រូប​បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ដែល​បាន​ចុះ​ទៅ​ដល់​ទី​នោះ​យ៉ាង​ដូច្នេះ​ថា គ្រួសារ​គាត់​ក៏​ដូច​ជា​អ្នក​ឯទៀត​នៅ​ទី​នេះ​ដែរ​ភាគ​ច្រើន​មិន​ទាន់​ដឹង​គោលដៅ​ច្បាស់លាស់​ថា តើ​គេ​អាច​វិល​ត្រឡប់​ទៅ​រស់នៅ​ទី​ណា​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កំពុងតែ​រង់ចាំ​យ៉ាង​ទទូច​នូវ​ការជួយ​ដោះស្រាយ​ពី​សំណាក់​រាជ​រដ្ឋាភិបាល ពីព្រោះ​ថា​ការរស់នៅ​ក្នុង​ជម្រក​កៅស៊ូ​អស់​រយៈពេល​កន្លះ​ឆ្នាំ​នេះ​គឺ​ពិបាក​ណាស់ សូម្បីតែ​ដំបូល​កៅស៊ូ​ក៏​ធ្លុះធ្លាយ​អស់​ដោយសារ​មាន​ភ្លៀង​និង​ខ្យល់​បក់​បោក​ខ្លាំង​ពេក។

ស្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ព្រោះអី​ពេល​នេះ​ខែ​ភ្លៀង តង់​អី​ក៏​ត្រូវ​លិច​ធ្លុះ​ធ្លាយ​ព្រោះ​កន្លះ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​កូន​ចៅ​យើង​ហ្នឹង​ក៏​ពិបាក​រស់នៅ​ដែរ វា​ឧស្សាហ៍​ឈឺ ព្រោះ​ក្ដៅ​ផង ភ្លៀង​មក ហើយ​ស្អុយ​អ៊ីចឹង​ទៅ។ ចង់​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ឆាប់ៗ ពិបាក​ណាស់​ឥឡូវ ពិបាក​មែនទែន»

អ្នក​រងគ្រោះ​ដោយសារ​អគ្គិភ័យ​នៅ​ភូមិ​បឹងឈូក សង្កាត់​ទឹកថ្លា មួយ​រូប​ទៀត ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ត្អូញត្អែរ​ប្រាប់​ដែរ​ថា ការរស់នៅ​ក្នុង​តង់​កៅស៊ូ​បណ្ដោះអាសន្ន​នេះ​គឺ​ពិបាក​សព្វគ្រប់ ជា​ពិសេស​នៅ​ក្នុង​រដូវ​វស្សា​នេះ ទាំង​ការប្រកប​មុខរបរ​រកស៊ី​ចិញ្ចឹម​ជីវិត​មិន​ជាក់លាក់ ហើយ​កើត​មាន​ជំងឺ​តម្កាត់​ច្រើន​ដូច​ជា​ជំងឺ​ផ្ដាសាយ ក្អក និង​មាន​មូស​ក៏​ច្រើន ម៉្យាងទៀត​បញ្ហា​សុវត្ថិភាព​ក្នុង​ការរស់នៅ​កណ្ដាល​វាល​គ្មាន​ទ្វារ​បង្អួច។ល។ ៖ «ពិបាក​ណាស់ ដេក​ពួន​ក៏​ពិបាក​ដែរ ធ្លាយ​មុខ​ធ្លាយ​ក្រោយ បើ​យើង​ធ្វើ​អត់​មាំ​ផង ភ័យ​ខ្លាច។ ឥឡូវ​ហ្នឹង​ដូច​ថា ទាំង​ខ្ញុំ​ទាំង​គេ​មាន​ជំងឺ​ក្អក​និង​ផ្ដាសាយ ដូច​ថា​ព្យាបាល​បាត់​ហើយ ផ្ដាសាយ​ទៀត។ អត់​ដឹង​ថា គួរ​យើង​ទៅ​កន្លែង​ណា វិល​ទៅ​កន្លែង​យើង​វិញ ឬ​ក៏​យ៉ាង​ម៉េច យើង​អត់​ដឹង​ទេ»

ក្រៅពី​បញ្ជាក់​ប្រាប់​ពី​ភាព​លំបាក​ពី​ដំបូល​ជ្រក​មិន​គត់មត់ មិន​មាន​សុវត្ថិភាព ហើយ​និង​ការកើត​ជំងឺ​ជាដើម​នោះ អ្នក​រងគ្រោះ​ដោយសារ​អគ្គិភ័យ​នៅ​ភូមិ​បឹងឈូក​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បញ្ហា​មួយ​ទៀត​គឺ​មាន​ការពិបាក​ក្នុង​ការបន្ទោរបង់​យប់​ព្រលប់ ពីព្រោះ​មិន​មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ គឺ​មាន​តែ​បង្គន់​ដែល​គេ​ជីក​រណ្ដៅ​ដី​បណ្ដោះ​អាសន្ន​ដែល​ជះ​ក្លិន​ស្អុយ​ស្ទើរ​ទ្រាំ​ពុំ​បាន។

ជន​រងគ្រោះ​ដោយ​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​មិន​មាន​បង្គន់​អនាម័យ​សម្រាប់​បត់​ដៃ​បត់​ជើង​បាន​ត្រឹមត្រូវ​នោះ ប្រការ​ដែល​លំបាក​ខ្លាំង​ជាង​គេ​គឺ​ស្ដ្រី​និង​កុមារ ៖ «គេ​ជីក​នៅ​ព្រៃ ហើយ​គ្រាន់តែ​ជីក​រណ្ដៅ​ហើយ យើង​ជុះ​លើ​ហ្នឹង​តែម្ដង វេទនា។ ហើយ​យប់​ព្រលប់​អី​យើង​អត់​ហ៊ាន​ទៅ​ទេ ខ្លាច​ពស់ ខ្លាច​ក្អែប ព្រោះ​អី​ព្រៃ​ធំៗ មេឃ​ភ្លៀង​មក​ភក់​ជ្រាំ ហើយ​យើង​ងាយ​អី​ទៅ​បត់​ជើង រូច​ធុំ​ក្លិន​ក៏​ធុំ​ដែរ ដល់​អ៊ីចឹង​សុខភាព​យើង​ក៏​មិន​មែន​ល្អ​ដែរ»

បុរស​មួយ​រូប​សុំ​មិន​ប្រាប់​ឈ្មោះ​ដែល​ជា​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ ហើយ​ដែល​ជា​ជន​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​នៅ​ភូមិ​បឹងឈូក និង​កំពុងតែ​រស់នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន​នោះ បាន​បញ្ជាក់​ថា​ការរស់នៅ​ទី​នេះ​ពិត​ជា​ពិបាក​មែន​ហើយ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​បាន​ឃើញ​ថា រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង ព្រមទាំង​អង្គការ​មួយចំនួន​ក៏​បាន​មក​ជួយ​ខ្លះៗ​ដែរ ដូច​ជា​ផ្ដល់​ទីជម្រក​បណ្ដោះ​អាសន្ន ផ្ដល់​ទឹក​ស្អាត​ឲ្យ​ប្រើប្រាស់ ព្រមទាំង​ផ្ដល់​ការព្យាបាល​ជំងឺ​ជាដើម។

មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ដដែល​នោះ​បាន​បន្ថែម​ថា ការផ្គត់ផ្គង់​មក​ប៉ុណ្ណេះ​លោក​យល់​ថា​ជា​ការសមល្មម​ដែរ​ហើយ ប៉ុន្តែ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​គេ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​បា្រប់​ឲ្យ​ច្បាស់លាស់​អំពី​គោលដៅ ថា​តើ​គេ​អាច​ទៅ​រស់នៅ​ទី​កន្លែង​ណា​ពិត​ប្រាកដ។

មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ដដែល​បាន​មាន​ប្រសាសន៍​ថា ៖ «រាល់ថ្ងៃ​ហ្នឹង​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​ភ័យ​ខ្លាច​ក្រែង​រដ្ឋាភិបាល លោក​ធ្វើ​របង​ឃាំង​កុំ​ឲ្យ​យក​ដី​លោក​តើ! តែ​បើសិន​ជា​លោក​ថា​ឲ្យ​ទៅ​នៅ​វិញ​ក៏​គេ​ទៅ​ដែរ ព្រោះ​ទៅ​នៅ​ឯណា​ក្រៅពី​ទីក្រុង​ភ្នំពេញ? ពិបាក​ណាស់​នៅ​នេះ​អាច​រក​បាន​ខ្លះ។ ទី​១ យើង​ជិត​សាលារៀន ទី​២ ជិត​មន្ទីរពេទ្យ ទី​៣ ជិត​ផ្សារ។ នេះ​កន្លែង​ហ្នឹង​ដែល​យើង​ត្រូវការ​ចង់​បាន​ឲ្យ​ទៅ​នៅ​ឆ្ងាយ​អី​វា​ពិបាក​ដែរ មិន​មាន​គេ​ចង់​ទៅ​ទេ»

ទាក់ទង​នឹង​ការទាមទារ​នេះ​អភិបាល​រង​ក្រុង​ភ្នំពេញ លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា អាជ្ញាធរ​ក្រុង​បាន​និង​កំពុងតែ​គិតគូរ​ពី​បញ្ហា​នោះ​ហើយ ប៉ុន្តែ​មិន​កំណត់​ជាក់លាក់​ទេ​ពីព្រោះ​ត្រូវ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន ព្រមទាំង​បណ្ដា​អង្គការ​ក្រៅ​ដ្ឋាភិបាល​មួយចំនួន​ទៀត។

លោក ម៉ាន់ ឈឿន បាន​មាន​ប្រសាសន៍​ថា ៖ «កិច្ចការ​ហ្នឹង​យើង​បាន​ប្រុង​ធ្វើ​ថ្នល់​អី​ជូន​គាត់ ដើម្បី​គោលការណ៍​ទំនាក់​ទំនង​ហ្នឹង កំពុងតែ​រៀបចំ​ហើយ​តែ​កិច្ចការ​នេះ​មិន​មែន​អត្តនោម័តិ​បាន​ទេ ព្រោះ​វា​ជា​រឿង​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្នា រាស្រ្ដ​ចង់​យ៉ាង​ម៉េច? រដ្ឋ​អំណាច​ត្រូវ​ធ្វើ​យ៉ាង​ម៉េច? យើង​ជជែក​ជាមួយ​អិនជីអូ ធ្វើការ​រួម​គ្នា»

ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក​នៅ​ទីក្រុង​ភ្នំពេញ លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍​ពី​បញ្ហា​នេះ​ដែរ​ថា ចំពោះ​ជន​រងគ្រោះ​ដោយសារ​អគ្គិភ័យ​នៅ​ភូមិ​បឹងឈូក​នោះ​គឺ​ជា​បន្ទុក​រាជ​រដ្ឋាភិបាល​ដែល​លោក​គួរតែ​ធ្វើការ​ដោះស្រាយ​ជា​បន្ទាន់ ពុំ​គប្បី​បណ្តែត​បណ្ដោយ​ឲ្យ​នៅ​យូរ​ដូច្នោះ​ទេ ពីព្រោះ​ការរស់នៅ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ជីវភាព​រស់នៅ​ក៏​ដូច​ជា​សុខភាព​របស់​ពលរដ្ឋ​ទាំង​នោះ។

លោក ធន សារ៉ាយ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​សូម​អំពាវនាវ​ផងដែរ​ដល់​មន្រ្តី​ទទួល​ខុស​ត្រូវ សុំ​ឲ្យ​លោក​មាន​ការយក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជា​បន្ទាន់​ផង​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​នេះ​ជា​ភារកិច្ច​របស់​លោក​ហើយ ហើយ​អង្គការ​សង្គមស៊ីវិល​ដែល​មាន​លទ្ធភាព​ហ្នឹង ខ្ញុំ​មិន​ដឹង​ថា​មាន​ចំនួន​ប៉ុន្មាន ប៉ុន្តែ​អិនជីអូ​លោក​មាន​លទ្ធភាព​តែ​ត្រឹម​តូចៗ ឬ​ថ្នាំ​សង្កូវ​ម្ដង​ពីរ​ដង​អី​មួយ​រយៈពេល​ខ្លី អា​ហ្នឹង​ទៅ​បាន ប៉ុន្តែ​ឲ្យ​ទៅ​សង់​ជម្រក​ជូន​អី អា​ហ្នឹង​ជា​រឿង​ភារកិច្ច​របស់​រដ្ឋាភិបាល​ទេ​ដែល​ជួយ»

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ជាង​៤០០​គ្រួសារ​នៅ​ភូមិ​បឹងឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ បាន​ធ្វើការ​អំពាវនាវ​ដល់​ជា​រាជ​រដ្ឋាភិបាល ក៏​ដូច​ជា​សាលាក្រុង​ភ្នំពេញ ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​សាលាក្រុង​ភ្នំពេញ​ផងដែរ គឺ​សូម​លោក​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​រួសរាន់​ផង ពីព្រោះ​ការរស់នៅ​ក្នុង​ជម្រក​កៅស៊ូ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​នេះ​គឺ​មាន​ការពិបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ក្នុង​រដូវ​វស្សា​នេះ។

ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​បាន​បញ្ជាក់​ទៀត​ថា គេ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ផ្តល់​ឲ្យ​គេ​ទៅ​រស់នៅ​ទី​កន្លែង​ដើម​វិញ និង​ជួយ​សាងសង់​ផ្លូវថ្នល់​ចូល​ទៅ​ក្នុង​ភូមិ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ក៏​ដូច​ជា​ជួយ​ផ្ដល់​ឲ្យ​កុមារ​ជា​កូន​ចៅ​របស់​គេ​មាន​សាលា​រៀន​នៅ​ជិត​ផងដែរ៕