សមាជិកម្នាក់នៅក្នុងចំណោមសមាជិកគណៈកម្មការ ១០រូបជាតំណាងប្រជាពលរដ្ឋ ២៥៧គ្រួសារដែលរងគ្រោះដោយភ្លើងឆេះ លោក ឈន សុផល បានឲ្យដឹងថា អាជ្ញាធរបានកាត់ដីចេញពីផ្លូវរថភ្លើងចំនួន ១០ម៉ែត្រ និងថយចេញពីរបងវត្ត ៣ម៉ែត្រទៀត បញ្ហានេះបានធ្វើឲ្យប៉ះពាល់ដល់ទំរង់ទីតាំងចាស់យ៉ាងធ្ងន់ធ្ងរ គឺទំហំដីបានរួមតូចច្រើន ហើយអាជ្ញាធរមិនទុកពេលវេលាឲ្យប្រជាពលរដ្ឋតវ៉ា និងដោះស្រាយចំពោះបញ្ហានេះឡើយ។
លោក ឈន សុផល បានបញ្ជាក់ថា ៖ «គាត់ថា អ៊ីចឹងត្រូវតែចុះមកវាស់តែម្ដង ហើយបោះបង្គោលតែម្ដង! អ៊ីចឹងក្រុមខាងខ្ញុំ ជនរងគ្រោះទាំងអស់គ្នា ប្រជាពលរដ្ឋនៅទីនេះគឺមិនសុខចិត្តជាដាច់ខាត ព្រោះថា នៅកន្លែងនេះអ្នកតំណាងទាំង ១០នាក់នោះមិនទាន់ទាំងបានចរចាជាមួយគាត់ថា តើដំណោះស្រាយប្រជាពលរដ្ឋគេព្រមឬមិនព្រម?»។
ក្រុមប្រជាពលរដ្ឋនៅតែបន្តទាមទារឲ្យអាជ្ញាធរទុកឲ្យប្រជាពលរដ្ឋសាងសង់ផ្ទះតាមទីតាំងចាស់រៀងៗខ្លួនដូចដើម និងថយពីអ័ក្សផ្លូវរថភ្លើងតែ ៥ម៉ែត្របានហើយ ៖ «រាជរដ្ឋាភិបាលដូចជាសម្ដេចនាយកក្ដី សូមឲ្យជួយដោះស្រាយឲ្យប្រជាជន។ ទឹកដីកន្លែងហ្នឹងឲ្យប្រជាជនណាដែលរស់នៅកន្លែងណា សូមឲ្យគ្នារស់នៅបាន។ កុំអាលឲ្យវាស់វែងអី សូមឲ្យនៅទីកន្លែងហ្នឹងដដែលសិន បានធ្វើទៅរួច។ បើថា រៀបចំនោះមិនអាចធ្វើទៅរួចទេ! មិនអាចធ្វើកើតទេ! ច្របូកច្របល់គ្នា មិនអាចដោះស្រាយកើតអ៊ីចឹងតែម្ដង!»។
អភិបាលរងខណ្ឌទួលគោក លោក ធឹម សំអាន ដែលដឹកនាំកម្លាំងចុះរៀបចំតំបន់ភ្លើងឆេះនោះឡើងវិញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានអនុវត្តតាមសំណើរបស់ប្រជាពលរដ្ឋ ហើយគឺពួកគាត់ចង់រស់នៅកន្លែងចាស់ ដូច្នេះអាជ្ញាធរត្រូវរៀបចំជូនពួកគាត់ឲ្យមានសណ្ដាប់ធ្នាប់ល្អចៀសវាងមានគ្រោះថ្នាក់នៅលើកក្រោយទៀត។
ទាក់ទិននឹងទីតាំងរៀបចំថ្មី និងទំហំដីដែលពលរដ្ឋអាចទទួលពេលអនាគតនោះ លោក ធឹម សំអាន បញ្ជាក់ថា ៖ «យើងបែងចែកឲ្យគាត់មានស្មើៗគ្នា ហើយឥឡូវហ្នឹងតើយើងត្រូវទុកផ្លូវ មានអាផ្លូវតូចទទឹង ២ម៉ែត្រទៀត ព្រោះផ្ទះហ្នឹងយើងអាចនឹងរៀបឲ្យគាត់ទល់ខ្នងគ្នា បានមានផ្លូវ។ អ្នកណាទៅមុខខាងផ្លូវ ចេញទៅផ្លូវខាងណោះ មុខផ្លូវខាងណេះយើងចេញខាងណេះ។ ដីនៅទីនេះ បើតាមខ្ញុំគិតមើល វាមិនអាចទៅដល់នៅសល់ ២-៣ម៉ែត្រទេ គឺនៅសមល្មមបងប្អូនប្រជាពលរដ្ឋរស់នៅបាន។ ជួនកាលអាចនឹងប្រហាក់ប្រហែល ហើយជួនកាលអាចនឹងធំជាងបងប្អូនធ្លាប់រស់នៅពីមុនផង ដែលអ្នកខ្លះធ្លាប់នៅតូចហ្នឹង។ ឥឡូវដល់ពេលបានស្មើៗគ្នាទៅ អាចនឹងធំជាងក៏មានដែរ»។
ទោះយ៉ាងណាក្តីនៅរសៀលថ្ងៃទី១៧ មីនា អាជ្ញាធរបានត្រឹមតែបោះតម្រុយចោលប៉ុណ្ណោះ ដោយពុំទាន់បានបែងចែកចេញជាប្លង់យ៉ាងណាមួយច្បាស់លាស់នៅឡើយទេ៕
