ប្រជាកសិករចំនួន៦គ្រួសារ រស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងតែប្រឈមមុខទៅនឹងការដាច់ស្បៀងអាហារបន្ទាប់ពីភ្លើងឆេះព្រៃបានបង្កការឆេះរាលដាលដល់ផ្ទះរបស់ពួកគាត់កាលពីថ្ងៃទី២៦ កុម្ភៈ កន្លងមកនេះ ៖ «ច្រើនណាស់ មួយគ្រួសារអស់ទាំងផ្ទះ អស់ទាំងស្រូវ អស់ទាំងរបស់របរនៅក្នុងនោះ អស់រលីង»។
កសិករម្នាក់ផ្សេងទៀតក្នុងចំណោមអ្នកឆេះផ្ទះទាំង៦គ្រួសារ គឺលោក នឿយ កែវ អាយុ៦៧ឆ្នាំ មានកូន៧នាក់ មានប្រសាសន៍ថា អ្នកភូមិបាននាំគ្នាពន្លត់ភ្លើងដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបានរហូតត្រូវឆេះអស់ផ្ទះចំនួន៦គ្រួសារ ជាផ្ទះនៅតាមចម្ការក្នុងព្រៃដែលមានស្តុកស្រូវ ហើយឥឡូវនេះពួកគាត់កំពុងតែដាច់ស្បៀងអាហារនិងគ្មានពូជធារសម្រាប់ដាំដុះនៅឆ្នាំខាងមុខនេះទេ។
លោក នឿយ កែវ បានឲ្យដឹងថា ៖ «អស់រលីងតែម្ដងឥឡូវនេះ។ សូមអំពាវនាវទៅដល់បងប្អូនសូមជួយឧបត្ថម្ភសម្ភារៈ ស្រូវអង្ករអីហ្នឹង ពូជធារផង»។
ប្រធានសហគមន៍ធនធានទឹកទន្លេស្រែពក គឺលោក កែវ មិប មានប្រសាសន៍ថា គ្រួសារទាំងនោះត្រូវខូចខាតគ្មានសេសសល់ផលដំណាំអ្វីទាំងអស់។ ពួកគាត់មិនមាននៅសល់ស្រូវអង្ករសម្រាប់ហូបទេ ប៉ុន្មានថ្ងៃកន្លងមកនេះត្រូវបានអ្នកភូមិគ្នាឯងខ្លះឲ្យអង្ករម្នាក់មួយកំប៉ុង ឬពីរកំប៉ុងជាដើមដើម្បីហូប។
លោក កែវ មិប មានប្រសាសន៍ដូច្នេះ ៖ «ភ្លើងឆេះផ្ទះថ្ងៃទី២៦ (កុម្ភៈ) វេលាម៉ោង៣កន្លះរសៀល។ ផ្ដើមមកពីរាលភ្លើងឆេះព្រៃទប់មិនឈ្នះ។ ឆេះអស់ច្រើនណាស់ ទាំងពីស្រូវអង្ករសម្ភារៈប្រើប្រាស់ ខ្ញុំរៀបរាប់ក្នុងរបាយការណ៍ហ្នឹងហើយ»។
លោក កែវ មិប បានរៀបរាប់បន្តទៀតថា ៖ «កូនចៅតូចៗ អ្នកចាស់ៗមិនបញ្ហាទេ។ កូនតូចៗឈឺរាកមូលផងស្អីផង គ្រុនក្ដៅផ្ដាសាយ។ គាត់ត្រូវការឲ្យខាងរាជរដ្ឋាភិបាល ឬអង្គការណាមួយជួយគាំទ្រគាត់ ដូចជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារអីហ្នឹង»។
ក្នុងជំហានដំបូងនេះគេបានសរុបផលស្រូវដែលឆេះក្នុងចំណោមកសិករ៦គ្រួសារនោះបានខូចខាតអស់ស្រូវប្រមាណជិត៥តោន។ ក្រៅពីបញ្ហាភ្លើងឆេះផ្ទះនិងផលស្រូវ កសិករទាំងនេះកំពុងមានបញ្ហាគោក្របីឈឺងាប់ ហើយកូនចៅរបស់ពួកគាត់កើតជំងឺរាករូសទៀតផង។
មេឃុំក្បាលរមាស លោក ឡា បឿ មានប្រសាសន៍ថា អ្នកភូមិមានអាសន្នផ្ទួនៗ ជាក់ស្តែងគោក្របីកំពុងឈឺងាប់ ឯមនុស្សម្នាក្នុងភូមិ ពិសេសកុមារជាច្រើនកំពុងឈឺរាករូសស្រាប់ផង មកត្រូវភ្លើងឆេះផ្ទះយ៉ាងនេះទៀត ដូច្នេះលោកអំពាវនាវដល់ខាងកាកបាទក្រហមនិងថ្នាក់លើមេត្តាជួយដល់អ្នកភូមិរបស់លោកផង។
លោក ឡា បឿ មានប្រសាសន៍ដូច្នេះថា ៖ «សូមមកជួយ ខាងពេទ្យផង ព្រោះនៅភូមិនេះមានកុមារឈឺច្រើនដែរ ហើយខាងឆេះផ្ទះផង»។
មកទល់នឹងពេលនេះពួកគេនៅមិនទាន់បានទទួលជំនួយសង្រ្គោះបន្ទាន់ណាមួយឡើយ។ ដោយឡែក លោក ប៊ូ កែវសុវណ្ណ អភិបាលស្រុកសេសាន មិនបានធ្វើអត្ថាធិប្បាយជុំវិញករណីនេះនៅឡើយទេ ដោយលោកអះអាងថា ជាប់រវល់ប្រជុំនៅសាលាខេត្ត៕
