អតីត​មន្ត្រី​បក្ស​សមរង្ស៊ី​គ្រោង​ប្ដឹង​ថ្នាក់​ដឹកនាំ​បក្ស

អតីត​មន្ត្រី​គណបក្ស សម រង្ស៊ី ដែល​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​លប់​ឈ្មោះ​ចេញ​ពី​បក្ស បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១០ តុលា ដោយ​បាន​បដិសេធ​ថា ពួកគាត់​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​​សុំ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​ពិចារណា​ចំពោះ​ការ​លប់​ឈ្មោះ​លោក​ពី​បក្ស​នេះ​ឡើង​វិញ។

0:00 / 0:00

ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​​​អគារ​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​១០ តុលា ដោយ​មាន​មេធាវី​របស់​លោក​ម្នាក់​ផង​នោះ លោក តុ វ៉ាន់ចាន់ អតីត​អ្នក​តំណាំង​រាស្ត្រ​របស់​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ទាំង​ទឹក​មុខ​ក្រៀមក្រំ​ថា លោក​ប្រាថ្នា​ចង់​អង្គុយ​ចរចា​ជា​មួយ​ថ្នាក់​ដឹកនាំ​បក្ស សម រង្ស៊ី ជា​ថ្មី​ម្ដង​ទៀត ដើម្បី​​ឲ្យ​លោក​បាន​នៅ​ធ្វើការ​ជា​មួយ​បក្ស សម រង្ស៊ី បន្ត​ទៅ​ទៀត។

ក៏​ប៉ុន្តែ​លោក​ថា បើ​សិន​ជា​ការ​ចរចា​មិន​បាន​សម្រេច លោក​នឹង​យក​ជម្រើស​ចុងក្រោយ គឺ​ដាក់​ពាក្យ​បណ្ដឹង​មេដឹកនាំ​បក្ស សម រង្ស៊ី ទៅ​តុលាការ ពី​បទ​បណ្ដេញ​លោក​ចេញ​ពី​បក្ស​មិន​យុត្តិធម៌៖ «ខ្ញុំ​មិន​បាន​ធ្វើ​សន្និសីទ​កាសែត​នេះ​បម្រើ​នយោបាយ​បក្ស​ណា​ទេ។ ខ្ញុំ​មិន​បាន​ក្បត់​នឹង​បក្ស​ទេ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​គិត​ថា ខ្ញុំ​នឹង​ទៅ​ធ្វើ​នយោបាយ​នៅ​គណបក្ស​ណា​ដែរ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​នេះ​ខ្ញុំ​សុំ​ជម្រាប​ថា​ ខ្ញុំ​សុំ​ឲ្យ​គណបក្ស សម រង្ស៊ី ពិចារណា​ឡើងវិញ។ យើង​អាច​អង្គុយ​និយាយ​គ្នា យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ប្រទេស​ជាតិ​របស់​យើង។ ក៏ប៉ុន្តែ​បើ​នៅ​របៀប​នេះ​ទៀត ខ្ញុំ​ត្រូវ​តែ​ប្រព័ន្ធ​តុលាការ»

កាល​ពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១១ គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី បាន​សម្រេច​លប់​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ពីរ​រូប គឺ​លោក វ៉ាន់ ស៊ីវឿន ជា​សមាជិក​ព្រឹទ្ធ​សភា លោក តុ វ៉ាន់ចាន់ អ្នក​តំណាំង​រាស្ត្រ ខេត្ត​តាកែវ និង​លោក ហុក លីហាក់ ជា​មន្ត្រី​បក្ស​ថ្នាក់​ស្រុក និង​បាន​ព្យួរ​ដំណែង​បក្ស​ថ្នាក់​ស្រុក ៤​នាក់​ទៀត ដោយ​​ចោទ​ថា ក្រុម​មន្ត្រី​ទាំង​នោះ​មិន​បាន​ធ្វើ​ការងារ​បម្រើ​បក្ស។

ទាក់ទង​បណ្ដឹង​ទៅ​តុលាការ លោក ពេជ្រ សម្បត្តិ មេធាវី​របស់​លោក តុ វ៉ាន់ចាន់​ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក​កំពុង​សិក្សា​មើល​អំពី​បទ​ដែល​ត្រូវ​ចោទ​ថ្នាក់​ដឹកនាំ​បក្ស សម រង្ស៊ី ក៏ប៉ុន្តែ​ លោក​បាន​បង្ហើប​ថា នៅ​ពេល​នេះ​បណ្ដឹង​អាច​ទាក់​ទង​រឿង​វិវាទ​ការងារ​ដែល​មិន​មាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​នោះ​ទេ បើ​សិន​ជា​ភាគី​ចុង​ចោទ​មាន​កំហុស​ដូច​ដើម​បណ្ដឹង​ចោទ​ប្រកាន់​មែន​នោះ។

លោក​បន្ថែម៖ «ខ្ញុំ​សព្វ​ថ្ងៃ​នេះ​​កំពុង​សិក្សា​រក​វិធី​ដែល​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា តាម​តុលាការ​ហ្នឹង ដើម្បី​បង្ហាញ​ថា ភាព​មិន​យុត្តិធម៌​វា​មាន​មែន​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​គណៈអចិន្ត្រៃយ៍​បក្ស សម រង្ស៊ី»

យ៉ាង​ណា​ក្ដី លោក យឹម សុវណ្ណ មន្ត្រី​បក្ស សម រង្ស៊ី ថ្លែង​ថា សំណើ​របស់​លោក តុ វ៉ាន់ចាន់ ដែល​សុំ​ចរចា​បន្ត​ធ្វើ​ការ​ជាមួយ​បក្ស​បន្ត​ទៅ​ទៀត​នោះ គឺ​ហួសពេល​ហើយ ៖ «មក​ដល់​ពេល​នេះ​សេចក្ដី​សម្រេច​របស់​គណៈ​អចិន្ត្រៃយ៍​ហ្នឹង​ចូល​ជា​ធរមាន​ហើយ។ កាល​ធ្វើ​សេចក្ដី​សម្រេច​ហ្នឹង​យើង​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អិត​ល្អន់ ផ្ទៃ​ក្នុង​បក្ស​ហើយ ជា​ពិសេស​គណៈ​អចិន្ត្រៃយ៍​​ដែល​ជា​ស្ថាប័ន​កំពូល​របស់​បក្ស»

មន្ត្រី​ពីរ​រួប​ទៀត ​គឺ​លោក វ៉ាន់ ស៊ីវឿន ជា​សមាជិក​ព្រឹទ្ធ​សភា និង​លោក ហុក លីហាក់ មន្ត្រី​បក្ស​ថ្នាក់​ស្រុក​ដែល​គណៈ​អចិន្ត្រៃយ៍​បក្ស សម រង្ស៊ី លប់​ឈ្មោះ​ចេញ​នោះ មិន​បាន​តវ៉ា​ទេ។

លោក វ៉ាន់ ស៊ីវឿន ថ្លែង​ថា លោក​កំពុង​ពិចារណា​ថា តើ​បន្ត​អាជីព​នយោបាយ​បន្ត​ទៅ​ទៀត​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស ឬ​យ៉ាង​ណា នៅ​ពេល​ដែល​លោក ហុក លីហាក់ បាន​ប្រកាស​ភ្លាម​ៗ​ថា លោក​នឹង​ទៅ​ចូល​បក្ស​សិទ្ធិ​មនុស្ស៕