អ្នក​រង​គ្រោះ​ដោយ​អគ្គីភ័យ​ស្ទាក់ស្ទើរ​ក្នុង​ការ​រើ​ទៅ​នៅ​ទីតាំង​ថ្មី

ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក ដែល​ទទួល​រង​នូវ​ភ្លើង​ឆេះ​ផ្ទះ​កាល​ពី​ដើម​ខែ​មីនា​នេះ​កំពុង​មាន​ការ​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ថា តើ​ត្រូវ​រើ​ទៅ​នៅ​ទីតាំង​ថ្មី​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ ​ឬ​បន្ត​រស់​នៅ​កន្លែង​ចាស់​ដែល​កំពុង​មាន​សភាព​តូច​ចង្អៀត។

តំណាង​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ​ដែល​ទទួល​រង​នូវ​គ្រោះ​អគ្គីភ័យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​បន្ត​បើក​កិច្ច​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​សម្រេច​ចិត្ត​​រៀបចំ​ទីតាំង​សាង​លំនៅ​ឋាន​ឡើង​វិញ នៅ​ថ្ងៃ​អង្គារ ទី​១៦ មីនា បន្ទាប់​ពី​ពួក​គេ​មាន​គណៈកម្មការ​ជា​តំណាង​ប្រជាពលរដ្ឋ​រួច​ហើយ​នោះ។

ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ពួក​គេ​មាន​បញ្ហា​ពីរ​ជា​ភាព​ស្មុគស្មាញ​ក្នុង​ការ​សម្រេច​ចិត្ត។ ទី​មួយ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​សាង​សង់​នៅ​នឹង​កន្លែង​ដើម ប៉ុន្តែ​ទីតាំង​ត្រូវ​រួម​តូច​ជាង​មុន​ព្រោះ​អាជ្ញាធរ​ត្រូវ​កាត់​ដី​ចេញ​ពី​របង​វត្ត​នាគវ័ន្ត​ចំនួន ៣​ម៉ែត្រ និង​កាត់​ចេញ​ពី​ផ្លូវ​រទេះ​ភ្លើង​ចំនួន ១០​ម៉ែត្រ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត។ ចំពោះ​ជម្រើស​ទី​ពីរ គឺ​ប្ដូរ​ទីតាំង​ថ្មី​ដែល​ស្ថិត​នៅ​ក្រៅ​ក្រុង ដែល​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​ការ​រស់​នៅ​ឆ្ងាយ​ពី​ក្រុង ពុំ​សាលា​រៀន ទីផ្សារ និង​បញ្ហា​ទឹក​ភ្លើង​ជាដើម។

អ្នក​ស្រី គិត សៀងហៃ មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «បើ​សិន​ជា​នៅ​ហ្នឹង​វា​ដល់ ២៥៧​គ្រួសារ ទាល់​តែ​រំលែក​ជា ២៥៧​គ្រួសារ បាន​នៅ​កើត។ បើ​សិន​ជា​ឲ្យ​តាម​ចំនួន​ក្នុង​ផ្ទះ នៅ​អត់​កើត​ទេ! ព្រោះ​ប្រជាជន​ច្រើន គាត់​មាន​កូន​ច្រើន ហើយ​បើ​សិន​ជា​គុណ​ទូទាត់​ទៅ​បាន​តែ ៤​-​៥​ម៉ែត្រ​ហ្នឹង នៅ​យ៉ាង​ម៉េច​ទៅ? នៅ​គរ​ជើង​គ្នា! ខ្ញុំ​ក៏​អត់​ទាន់​ហ៊ាន​ថា ជម្រើស​នឹង​យក​ដី​ខាង​ក្រៅ​ដែរ ចាំ​មើល​សិន!»

បុរស​ម្នាក់​ទៀត​ដែល​ផ្ទះ​លោក​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ដែរ​នោះ លោក ឈីវ នេត បាន​បន្ថែម​ថា ៖ «ចំពោះ​ខ្ញុំ​វិញ វា​គួរតែ​យើង​រៀប​ឲ្យ​មាន​កន្លែង​ណា​មួយ​ឲ្យ​ច្បាស់លាស់​នោះ​ណា៎! បើ សិន​ជា​នៅ​ត្រង់​នេះ យើង​មើល​ទៅ​ឃើញ​លំបាក បើ​ទុក​ផ្លូវ​ទុក​អី​ទៅ អស់​រលីង​ហើយ ខ្ញុំ​ថា វា​អត់​លំនឹង!»

បញ្ហា​ទាំង​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បាន​លើក​ទៅ​ពិចារណា​ជាមួយ​អាជ្ញាធរ​អស់​រយៈពេល​ចំនួន ២​ថ្ងៃ​មក​ហើយ។

អ្នកស្រី គិត សៀងហៃ បញ្ជាក់​ថា កិច្ច​ប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃ​អង្គារ ទី​១៦ មីនា ប្រជាពលរដ្ឋ​អ្នក​ចូលរួម​ភាគ​ច្រើន​បាន​សម្រេច​ចិត្ត​រស់​នៅ​កន្លែង​ចាស់​ដដែល ប៉ុន្តែ​នៅតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​នៅ​ឡើយ​រវាង​អ្នក​មាន​ផ្ទះ​លើ​ចំណី​ផ្លូវ​ដែល​ត្រូវ​កាត់​ចេញ និង​អ្នក​ដែល​ធ្លាប់​មាន​ផ្ទះ​និង​ដី​ធំ​ត្រូវ​កាត់​ចែក​រំលែក​គ្នា​ខ្លះ។

អ្នកស្រី គិត សៀងហៃ បាន​ឲ្យ​ដឹង​ថា ៖ «យល់​ព្រម អ្នក​ខ្លះ​គាត់​អត់​យល់​ព្រម​ទេ ហើយ​ខ្ញុំ​ជឿ​ថា អ្នក​អត់​យល់​ព្រម​ច្រើន​ណាស់។ ប្រជាជន​នៅ​ខាង​ក្រោយ​គាត់​ថា បើ​កាត់​ដី​ឲ្យ​គាត់​ទៅ​នៅ​ឯ​ណា? ហើយ​បើ​សិន​ជា​ប្រជាជន​ខាង​ក្រោយ​ហ្នឹង​គាត់​ថា បើ​កាត់​ដី​ហើយ​គាត់​អត់​ឲ្យ​អ្នក​មុខ​មក​នៅ​ក្រោយ​ទេ គាត់​ដឹង​តែ​ទំហំ​របស់​គាត់។ ឥឡូវ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ច្រើន​ណាស់ ហើយ​ណា​មួយ​គណៈកម្មការ​ទាំង ១០​ហ្នឹង​ប្រហែល​ជា​បរាជ័យ​ហើយ អត់​ទៅ​មុខ​រួច​ទេ!»

អភិបាល​រង​ខណ្ឌ​ទួល​គោក និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​ឡើង​វិញ គឺ​លោក ធឹម សំអាន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​នឹង​អនុវត្ត​តាម​មតិ​ប្រជាពលរដ្ឋ​ភាគ​ច្រើន គឺ​បែង​ចែក​ដី​នូវ​ទំហំ​ប្រហាក់​ប្រហែល​គ្នា​តាម​ប្លង់​ត្រឹមត្រូវ។

លោក ធឹម សំអាន បាន​បញ្ជាក់​ថា ៖ «បង​ប្អូន​ប្រជាពលរដ្ឋ​លោក​គួរតែ​សហការ​ចូលរួម ហើយ​គួរតែ​មាន​ឆន្ទៈ។ ចង់​ជួយ​គ្នា​ឲ្យ​បាន​រស់​នៅ​កន្លែង​ហ្នឹង បាន​យើង​ធ្វើ​អ៊ីចឹង។ ដល់​ធ្វើ​អ៊ីចឹង មតិ​ភាគ​ច្រើន​គឺ​គេ​គាំទ្រ​ឲ្យ​ធ្វើ​អ៊ីចឹង ហើយ​មតិ​តិច​ណាស់​ដែល​គាត់​មាន​គំនិត​អ៊ីចឹង​ណា៎!»

លោក​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៧ មីនា អាជ្ញាធរ​និង​គណៈកម្មការ​លោក​នឹង​ចុះ​វាស់វែង​កំណត់​ធ្វើ​ប្លង់​ផ្ទះ​ថ្មី​ហើយ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​បន្ត​រស់​នៅ​ក្រោម​ដំបូល​តង់​បណ្ដោះ​អាសន្ន​នៅ​ឡើយ ដោយ​រង់ចាំ​ការ​សម្រេច​ពី​អាជ្ញាធរ​រៀបចំ​ប្លង់​សង់​ផ្ទះ​ថ្មី​តាម​ការ​កំណត់​របស់​អាជ្ញាធរ៕