អ្នកភូមិស្ថិតនៅក្នុងហេតុការណ៍ដែលសុំមិនឲ្យបញ្ចេញឈ្មោះ រស់នៅភូមិសាយ៉ោះលើ បញ្ជាក់ថា មេការក្រុមហ៊ុនឈ្មោះ មាស ម៉ុន បានបញ្ជាឲ្យទាហាននិងប៉ូលិសប្រដាប់ដោយអាវុធចំនួន៦នាក់បាញ់មកលើអ្នកភូមិខណៈពេលដែលអ្នកភូមិនាំគ្នាជម្រះស្មៅលើដីចម្ការជាង ២ហិកតារក្នុងបំណងដាំដុះ ត្រូវក្រុមកងប្រដាប់អាវុធបណ្ដេញចេញដោយសំអាងថា ដីនោះក្រុមហ៊ុនបានទិញរួចហើយ ក៏ប៉ុន្តែអ្នកភូមិមិនយល់ស្រប ហើយប្រឆាំងតបទើបផ្ទុះហេតុការណ៍នោះឡើង។
អ្នកភូមិដែលសុំមិនបញ្ចេញឈ្មោះដដែលថ្លែងដូច្នេះថា ៖ «ម៉ោង ១០ជាង បាញ់ប្រជាជន។ មាស ម៉ុន អ្នកបញ្ជា ហើយ វី បាញ់ ផល្លី បាញ់ ដេញបាញ់តែម្ដង ដេញខ្ញុំនិងបង ឆក ហ្នឹង។ មួយគ្រាប់ គេបាញ់គំរាមនឹងដី មួយគ្រាប់ទៀតគេបាញ់ចំភ្លៅតែម្ដង»។
អ្នកភូមិដែលត្រូវបាញ់ប្រហារមានឈ្មោះ សឿង ច្រាត អាយុ៤៩ឆ្នាំ រស់នៅភូមិសាយ៉ោះលើ ឃុំកាឡែង ស្រុកលំផាត់។ ប្រភពមន្រ្តីប៉ូលិសខេត្តឲ្យដឹងថា ជនរងគ្រោះត្រូវគេបាញ់ចំភ្លៅខាងស្ដាំកំពុងសង្រ្គោះនាំមកកាន់មន្ទីរពេទ្យ។
តំណាងក្រុមហ៊ុនឌីអឹមហ្គ្រូប លោក សាយ ចំរើន មានប្រសាសន៍ថា ពិតជាមានការបាញ់យ៉ាងដូច្នេះមែន។ លោកបញ្ជាក់ពីហេតុផល ៖ «ក្រុមហ៊ុនបានធ្វើដាំដុះហើយ រហូតដល់គាត់មកដាំស្រូវលើហ្នឹង ប្រធានការដ្ឋានលោកគាត់ទៅឃាត់ ពេលដែលឃាត់ទៅ គាត់ដេញកាប់ ក៏បានហៅកម្លាំងមកការពារ ពេលហ្នឹងគាត់ក៏ដេញកាប់ដោយទាំងកងកម្លាំងទៀត។ ហើយការដែលបាញ់បោះនេះគឺមិនមែនបាញ់ក្នុងគោលបំណងសម្លាប់ពួកគាត់ទេ ក៏ប៉ុន្តែបាញ់ដើម្បីដោះខ្លួន»។
ស្នងការរងប៉ូលិសខេត្តរតនគិរី លោក ផែន ឌីណា មានប្រសាសន៍ថា ប៉ូលិសកំពុងស៊ើបអង្កេតករណីនេះហើយ។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា នេះជាករណីថ្មីមួយទៀតដែលក្រុមហ៊ុន ឌីអឹម ហ្រ្គូប បំពានមកលើស្មារតីអ្នកភូមិក្នុងបញ្ហាដីធ្លី។
លោកថា ក្រុមហ៊ុនបានប្រើប្រាស់ទាហាននិងប៉ូលិសដើម្បីបំបាក់ស្មារតីអ្នកភូមិ ៖ «ប្រើអំណាចផ្ដាច់ការ ហើយប្រើការកាងឲ្យក្រុមហ៊ុន គឺយើងឃើញថា រំលោភសិទ្ធិ រំលោភច្បាប់ធំ ហើយយើងទាមទារសុំឲ្យស៊ើបអង្កេតករណីនេះជាបន្ទាន់ មិនមែនតែមួយទេ គឺទៅលើករណីទាំងអស់ បុគ្គលជាក្រុមហ៊ុនបានប្រើប្រាស់ឈ្មោះអ្នកដឹកនាំដទៃយកមកធ្វើជាការគំរាមកំហែងសហគមន៍នៅខេត្តរតនគិរី»។
សូមជម្រាបផងដែរថា ក្រុមហ៊ុនឌីអឹមហ្រ្គូប កន្លងទៅនេះ ក៏មានជម្លោះរ៉ាំរ៉ៃជាមួយអ្នកភូមិប៉ាតាង ស្រុកលំផាត់ ជាង ១០០គ្រួសារ ដែលប្ដឹងតវ៉ាថា ក្រុមហ៊ុនរំលោភបំពានដីធ្លីសហគមន៍ប្រមាណ ៣០០ហិកតារ ក៏ប៉ុន្តែក្នុងការតវ៉ានេះ អ្នកភូមិ៣នាក់ត្រូវចាប់ខ្លួន ៦នាក់ទៀតបានរត់ចូលព្រៃលាក់ខ្លួន បន្ទាប់ពីក្រុមហ៊ុនប្តឹងចោទអ្នកភូមិថារំលោភដីក្រុមហ៊ុន៕
