នៅ​រតនគិរី កម្លាំង​ការពារ​ក្រុមហ៊ុន​ឯកជន​បាញ់​គំរាម​អ្នក​ភូមិ

2009-06-22

ប្រភព​សាក្សី​ក្នុង​ហេតុការណ៍​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ម្នាក់​ត្រូវ​បាន​បាញ់​ត្រូវ​ភ្លៅ​និង​អ្នក​ភូមិ​ជិត ១០​នាក់​ផ្សេង​ទៀត រង​ការ​បាញ់​គំរាម​ដោយ​ក្រុម​ប្រដាប់​អាវុធ​ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​ការពារ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ ឌីអឹម ហ្រ្គូប កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២២ មិថុនា ឆ្នាំ​២០០៩​នេះ។

អ្នក​ភូមិ​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​សាយ៉ោះ​លើ បញ្ជាក់​ថា មេការ​ក្រុមហ៊ុន​ឈ្មោះ មាស ម៉ុន បាន​បញ្ជា​ឲ្យ​ទាហាន​និង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ចំនួន​៦​នាក់​បាញ់​មក​លើ​អ្នក​ភូមិ​ខណៈ​ពេល​ដែល​អ្នក​ភូមិ​នាំ​គ្នា​ជម្រះ​ស្មៅ​លើ​ដី​ចម្ការ​ជាង ២​ហិកតារ​ក្នុង​បំណង​ដាំ​ដុះ ត្រូវ​ក្រុម​កង​ប្រដាប់​អាវុធ​បណ្ដេញ​ចេញ​ដោយ​សំអាង​ថា ដី​នោះ​ក្រុមហ៊ុន​បាន​ទិញ​រួច​ហើយ ក៏​ប៉ុន្តែ​អ្នក​ភូមិ​មិន​យល់​ស្រប ហើយ​ប្រឆាំង​តប​ទើប​ផ្ទុះ​ហេតុការណ៍​នោះ​ឡើង។

អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​ថ្លែង​ដូច្នេះ​ថា ៖ «ម៉ោង ១០​ជាង បាញ់​ប្រជាជន។ មាស ម៉ុន អ្នក​បញ្ជា ហើយ វី បាញ់ ផល្លី បាញ់ ដេញ​បាញ់​តែ​ម្ដង ដេញ​ខ្ញុំ​និង​បង ឆក ហ្នឹង។ មួយ​គ្រាប់ គេ​បាញ់​គំរាម​នឹង​ដី មួយ​គ្រាប់​ទៀត​គេ​បាញ់​ចំ​ភ្លៅ​តែ​ម្ដង»

អ្នក​ភូមិ​ដែល​ត្រូវ​បាញ់​ប្រហារ​មាន​ឈ្មោះ សឿង ច្រាត អាយុ​៤៩​ឆ្នាំ រស់​នៅ​ភូមិ​សាយ៉ោះ​លើ ឃុំ​កា​ឡែង ស្រុក​លំផាត់។ ប្រភព​មន្រ្តី​ប៉ូលិស​ខេត្ត​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​ចំ​ភ្លៅ​ខាង​ស្ដាំ​កំពុង​សង្រ្គោះ​នាំ​មក​កាន់​មន្ទីរពេទ្យ។

តំណាង​ក្រុមហ៊ុន​ឌីអឹម​ហ្គ្រូប លោក សាយ ចំរើន មាន​ប្រសាសន៍​ថា ពិត​ជា​មាន​ការ​បាញ់​យ៉ាង​ដូច្នេះ​មែន។ លោក​បញ្ជាក់​ពី​ហេតុ​ផល ៖ «ក្រុមហ៊ុន​បាន​ធ្វើ​ដាំ​ដុះ​ហើយ រហូត​ដល់​គាត់​មក​ដាំ​ស្រូវ​លើ​ហ្នឹង ប្រធាន​ការដ្ឋាន​លោក​គាត់​ទៅ​ឃាត់ ពេល​ដែល​ឃាត់​ទៅ គាត់​ដេញ​កាប់ ក៏​បាន​ហៅ​កម្លាំង​មក​ការពារ ពេល​ហ្នឹង​គាត់​ក៏​ដេញ​កាប់​ដោយ​ទាំង​កង​កម្លាំង​ទៀត។ ហើយ​ការ​ដែល​បាញ់​បោះ​នេះ​គឺ​មិន​មែន​បាញ់​ក្នុង​គោល​បំណង​សម្លាប់​ពួក​គាត់​ទេ ក៏​ប៉ុន្តែ​បាញ់​ដើម្បី​ដោះ​ខ្លួន»

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី លោក ផែន ឌីណា មាន​ប្រសាសន៍​ថា ប៉ូលិស​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ហើយ។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត​ដែល​ក្រុមហ៊ុន ឌីអឹម ហ្រ្គូប បំពាន​មក​លើ​ស្មារតី​អ្នក​ភូមិ​ក្នុង​បញ្ហា​ដី​ធ្លី។

លោក​ថា ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​ទាហាន​និង​ប៉ូលិស​ដើម្បី​បំបាក់​ស្មារតី​អ្នក​ភូមិ ៖ «ប្រើ​អំណាច​ផ្ដាច់​ការ ហើយ​ប្រើ​ការ​កាង​ឲ្យ​ក្រុមហ៊ុន គឺ​យើង​ឃើញ​ថា រំលោភ​សិទ្ធិ រំលោភ​ច្បាប់​ធំ ហើយ​យើង​ទាមទារ​សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​នេះ​ជា​បន្ទាន់ មិន​មែន​តែ​មួយ​ទេ គឺ​ទៅ​លើ​ករណី​ទាំង​អស់ បុគ្គល​ជា​ក្រុមហ៊ុន​បាន​ប្រើ​ប្រាស់​ឈ្មោះ​អ្នក​ដឹកនាំ​ដទៃ​យក​មក​ធ្វើ​ជា​ការ​គំរាម​កំហែង​សហគមន៍​នៅ​ខេត្ត​រតនគិរី»

សូម​ជម្រាប​ផង​ដែរ​ថា ក្រុមហ៊ុន​ឌីអឹម​ហ្រ្គូប កន្លង​ទៅ​នេះ ក៏​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​អ្នក​ភូមិ​ប៉ាតាង ស្រុក​លំផាត់ ជាង ១០០​គ្រួសារ ដែល​ប្ដឹង​តវ៉ា​ថា ក្រុមហ៊ុន​រំលោភ​បំពាន​ដី​ធ្លី​សហគមន៍​ប្រមាណ ៣០០​ហិកតារ ក៏​ប៉ុន្តែ​ក្នុង​ការ​តវ៉ា​នេះ អ្នក​ភូមិ​៣​នាក់​ត្រូវ​ចាប់​ខ្លួន ៦​នាក់​ទៀត​បាន​រត់​ចូល​ព្រៃ​លាក់​ខ្លួន បន្ទាប់​ពី​ក្រុមហ៊ុន​ប្តឹង​ចោទ​អ្នក​ភូមិ​ថា​រំលោភ​ដី​ក្រុមហ៊ុន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អ.ស.ប.​អំពាវនាវ​ឲ្យ​អាជ្ញាធរ​រតនគិរី​បញ្ឈប់​ការ​យាយី​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​សារ​ព័ត៌មាន

ក្រុម​សិទ្ធិ​មនុស្ស​ស្នើ​ឲ្យ​ស៊ើប​អង្កេត​អំពើ​មិន​ត្រឹម​ត្រូវ​នៃ​អនុប្រធាន​តុលាការ​រតនគិរី

អ្នក​ភូមិ​នៅ​រតនគិរី​នាំ​គ្នា​ផ្ដិត​មេ​ដៃ​ស្នើ​សុំ​ការ​វិល​ត្រឡប់​នៃ​សកម្ម​ជន​សិទ្ធិ​មនុស្ស

សាលា​ឧទ្ធរណ៍​បង្គាប់​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ជុំ​វិញ​ករណី ប៊ន សំណាង និង​សុខ សំអឿន

អ្នក​ភូមិ​នៅ​រតនគិរី​អះអាង​ថា​មេ​ភូមិ​មេ​ឃុំ​បង្ខំ​ពួក​គេ​ឲ្យ​ទម្លាក់​កំហុស​លើ​អាដហុក

សមាគម​អាដហុក​សោក​ស្ដាយ​ចំពោះ​ការ​រំខាន​ដល់​ការងារ​របស់​ប៉ែន ប៊ុណ្ណារិ៍

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បារម្ភ​អំពី​ករណី​ផ្លាស់​មន្ត្រី​អាដហុក​ចេញ​ពី​រតនគិរី

មេធាវី​ទាមទារ​ឲ្យ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​ប៊ន សំណាង និង​សុខ សំអឿន

អាដហុក​ផ្លាស់​មន្ត្រី​ចេញ​ពី​រតនគិរី​ដើម្បី​បញ្ចប់​រឿង​ក្ដី​តុលាការ

អាជ្ញាធរ​ចាប់​ផ្ដើម​វិធានការ​ចាប់​ជន​អនាថា​តាម​ដង​ផ្លូវ