អ្នក​នេសាទ​នៅ​កំពង់ឆ្នាំង​ចោទ​ប្រធាន​សហគមន៍​ថា​លក់​ដែន​នេសាទ

ប្រជា​សហគមន៍​នេសាទ​ចំនួន​១០៩​គ្រួសារ​នៅ​ភូមិ​តាដោក ឃុំ​ប្រឡាយមាស ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​ប្រតិកម្ម​តវ៉ា​ដោយ​ចោទ​ប្រកាន់​ថា ប្រធាន​សហគមន៍​នេសាទ​ភូមិ​នេះ​បាន​លក់​ដែន​នេសាទ​ដែល​រដ្ឋ​ប្រគល់​មក​ឲ្យ​ប្រជាសហគមន៍​ទៅ​ឲ្យ​ឈ្មួញ។

0:00 / 0:00

តំណាង​ប្រជាសហគមន៍​នេសាទ​ទាំង​១០៩​គ្រួសារ គឺ​លោក ជូ គឹមសឿង មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​១០ មីនា ថា ប្រធាន​សហគមន៍​នេសាទ​ភូមិ​តាដោក គឺ​លោក យឹម សំអុល បាន​ក្បត់​នឹង​ប្រជាសហគមន៍ ដោយ​បាន​លក់​ដែន​នេសាទ​សហគមន៍​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​ផលប្រយោជន៍​បក្ស​ពួក​មួយ​ក្រុម​តូច ដែល​ក្នុង​នោះ​រួម​មាន​អាជ្ញាធរ​ភូមិ​ផង​ដែរ។

លោក ជូ គឹមសឿង បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «សហគមន៍​នេសាទ​ឡូត៍​ហ្នឹង​កាត់​ឲ្យ​រាស្រ្ដ​រក​ធ្វើ ប៉ុន្តែ​រាស្រ្ដ​លោក​មិន​បាន​រក​ទេ គាត់​ទៅ​ជា​ហៅ​ទូក​នាម ទូក​ម៉ាញ់​អី​មក​រក គ្រប​ដាច់​អស់​ហើយ​មង​រាស្រ្ដ។ ទូក​មួយ​ក្បាល​៣​ទៅ​៥​ម៉ឺន​រៀល»

ប្រជាសហគមន៍​នេសាទ​ម្នាក់​ទៀត​បន្ថែម​ថា ៖ «ឡូត៍​ហ្នឹង​កាត់​ឲ្យ​រាស្រ្ដ​រក ដល់​ពេល​មិន​ឲ្យ​រាស្រ្ដ​រក​បែរ​ជា​ឲ្យ​ពួក​មង... ចៃរ៉ា​អី​មក​រក​ពេញ​ទឹក​ពេញ​ដី ហើយ​ក៏​ប្រជាជន​មក​រក​ដាក់​មង​ដាក់​អី​មិន​បាន»

ប្រធាន​សហគមន៍​នេសាទ​ភូមិ​តាដោក គឺ​លោក យឹម សំអុល បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា ពុំ​មាន​បញ្ហា​នេះ​កើត​ឡើង​ទេ​នៅ​ក្នុង​សហគមន៍​នេសាទ​នេះ៖ «អត់​ទេ អត់​មាន​ទេ។ ខាង​គណៈកម្មការ​ខ្ញុំ​ទាំង​១១​នាក់​ហ្នឹង អត់​មាន​នរណា​មួយ​ទៅ​ធ្វើ​ខុស​ពី​លក្ខខណ្ឌ​នៃ​ច្បាប់​របស់​សហគមន៍​ទេ អត់​មាន​ទេ។ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​គាត់​ចោទ​ប្រកាន់​ខ្ញុំ​ដោយ​ប្រការ​ណា​មួយ​ក៏​មិន​ដឹង​ដែរ។ បើ​បង​ចង់​ដឹង​ពី​ករណី​ហ្នឹង​ច្បាស់ បង​អញ្ជើញ​ចុះ​មក​អង្កេត​តាម​ដាន​មើល​មើល៍»

ប្រធាន​ភូមិ​តាដោក គឺ​លោក ម៉ុល សុខុន ក៏​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដែរ ព្រម​ទាំង​បាន​ជំរុញ​ឲ្យ​សួរ​ទៅ​លោក​មេ​ឃុំ​ចំពោះ​បញ្ហា​នេះ ៖ «ទេ​អត់​ផង បើ​ថា ការពារ​មាន បើ​ថា​ឲ្យ​ទៅ​លក់​ទៅ​ដូរ​ដូច​អត់​មាន។ សួរ​លោក​មេ​ឃុំ​គាត់​អ្នក​ទទួល​ខុស​ត្រូវ​គាត់​ដឹង​ហើយ ព្រោះ​ការងារ​ធ្វើ​អី​សុទ្ធ​តែ​ប្រាប់​គាត់​ទាំង​អស់»

មេ​ឃុំ​ប្រឡាយមាស ពន្យល់​ចំពោះ​បញ្ហា​ខាង​លើ​នេះ​ថា ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ដែន​ដី​និង​ជា​សាក្សី​ក្នុង​ការ​អនុញ្ញាត​បង្កើត​សហគមន៍ លោក​សូម​អះអាង​ថា ពុំ​មាន​ការ​លក់​ដូរ​ដែន​នេសាទ​សហគមន៍​ភូមិ​តាដោក​ទេ។ តែ​លោក​ទទួល​ស្គាល់​ថា អាច​មាន​ការ​នេសាទ​ដោយ​បំពាន​ពី​សំណាក់​សមាជិក​គណៈកម្មការ​សហគមន៍។

លោក​មេឃុំ​ប្រឡាយមាស ពន្យល់​ដូច្នេះ ៖ «រឿង​ហ្នឹង​គ្រាន់​តែ​ឮ​ទេ តាម​ពិត​គ្នា​អត់​ហ៊ាន​ធ្វើ​អី​អ៊ីចឹង​ទេ។ វា​គ្រាន់​តែ​អ៊ី​ចេះ ឧទាហរណ៍​ដាក់​ទិស​ឲ្យ​អ្នក​មើល​ថែទាំ​អ៊ីចឹង​ទៅ ហើយ​គ្នា​មើល​ថែទាំ​គ្នា​រក​បន្តិច​បន្តួច បើ​ឲ្យ​គ្នា​ទៅ​ថែ​មិន​ឲ្យ​គ្នា​រក​គ្នា​បាន​អី​រស់? រឿង​មាន​តែប៉ុណ្ណឹង​ទេ រឿង​លក់​ដូរ​ដាច់​អី​គ្មាន​ទេ លក្ខន្តិកៈ​មាន​ត្រឹមត្រូវ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ពន្យល់​ករណី​ខាង​លើ​នេះ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១០ មីនា​នេះ ដោយ​លោក​ឆ្លើយ​ថា ជាប់​រវល់​ប្រជុំ។ ប៉ុន្តែ​បើ​តាម​កិច្ចព្រមព្រៀង កន្លែង​នេសាទ​សហគមន៍​បាន​ចែង​ថា រដ្ឋបាល​ជលផល​មាន​សិទ្ធិ​ដក​ហូត​ដែន​នេសាទ​សហគមន៍​វិញ​ក្នុង​ករណី​ដែល​សហគមន៍​នេសាទ​នោះ​មិន​គោរព​តាម​កិច្ចព្រមព្រៀង​ដោយ​ធ្វើ​សកម្មភាព​ដែល​បង្ក​ឲ្យ​ខូច​ដែន​នេសាទ​ឬ​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ធនធាន​ជលផល៕