ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់​កើន​​ឡើង នៅ​ខេត្ត​បន្ទាយ​មានជ័យ

ការ​នេសាទ​ត្រី​ជា​ទ្រង់ទ្រាយ​ធំៗ របស់​ក្រុម​ឈ្មួញ​ឡូត៍​បាន​ផ្អាក​សកម្មភាព​ទៅ​ហើយ ក្រោយ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដក​ហូត​ឡូត៍​ចំនួន ៣៧ កន្លែង​ជុំវិញ​បឹង​ទន្លេសាប មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។

0:00 / 0:00

ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋាភិបាល​ក៏​បាន​ប្រកាស​ហាមឃាត់ មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដើម្បី​ចាប់​ត្រី​នោះ​ទេ។ ប៉ុន្តែ នៅ​បញ្ហា​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​នេះ នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់។

ក្រុម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​យោធា​ខេត្ត​បន្ទាយ​មានជ័យ បាន​ឃុបឃិត​ជាមួយ​ក្រុម​ជន​ខិល​ខូច ដោយ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​បឹង​ទន្លេសាប។

ពួក​គេ​បាន​ប្រើ​​ម៉ូទ័រ​ឆក់​ត្រី មង​ព្រយុង​វែងៗ ពី ៨០ ទៅ ១០០ ម៉ែត្រ កំពុង​ធ្វើ​សកម្មភាព​បំផ្លិចបំផ្លាញ​ដល់​ធនធាន​មច្ឆាជាតិ។ បទ​ល្មើស ដែល​កំពុង​កើត​មាន​ឡើង​នេះ បាន​ផ្ទុយ​ពី​យុទ្ធសាស្ត្រ​កែ​ទម្រង់​ធនធាន​មច្ឆាជាតិ​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្រុម​អ្នក​ភូមិ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព បាន​ថ្លែង​ថា មាន​មន្ត្រី​យោធា​ខេត្ត​បន្ទាយ​មានជ័យ នៅ​យាម​ការពារ​ជន​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ។ ទាហាន​ទាំង​នោះ បាន​បណ្ដាក់​គ្នា​យាម​ប្រចាំការ​ក្នុង​មួយ​កន្លែងៗ មាន​គ្នា​ប្រហែល​ពី ៦ នាក់​ទៅ ៧ នាក់ ដែល​គេ​ដាក់​ទៅ​ការពារ។ ពួក​គេ​បាន​ឆ្លៀត​ឱកាស​គំរាម​យក​ប្រាក់​ពី​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ ហើយ​អនុញ្ញាត​ឲ្យ​ប្រើ​ឧបករណ៍​ឆក់​ត្រី មង​ក្រឡា​ល្អិត​ចាប់​ត្រី​តែ​ម្ដង។ លោក​ថា ម៉ូទ័រ​ឆក់​ត្រី មាន​ច្រើន​ជាង​គេ និង​មាន​មនុស្ស​ចុះ​ទៅ​ទាំង​ហ្វូងៗ តែ​ម្ដង។

សំឡេង៖ «ទីតាំង​ដែល​កំពុង​ធ្វើ​បទល្មើស​នេសាទ មាន​នៅ​តំបន់​កូប​ខ្ពស់ នៅ​ឡូត៍​នេសាទ ដែល​សម្ដេច​នាយក​បាន​ប្រកាស​បើក​ជា​សាធារណៈ​អោយ​ប្រជាពលរដ្ឋ សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវភាព​ក្រុម​គ្រួសារ​មាន​នៅ​កូប​ខ្ពស់​អូរជ្រៅ បោក​អណ្ដើក ដំណាក់​ទាន និង​តំបន់​សំបុក​សត្វ»។

ការ​ប្រព្រឹត្តិ​បទល្មើស​នេសាទ​នេះ មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង​វិញ។ ក្រុម​អ្នក​ភូមិ​បញ្ជាក់​ថា ច្បាប់ និង​បទ​បញ្ជា​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ខំ​ស្រែក​ប្រកាស​ក្ដែងៗ នេះ ពុំ​មាន​ប្រសិទ្ធភាព​ទេ។ ពួក​គាត់​ថា មន្ត្រី​ក្រោម​ឱវាទ មិន​អនុវត្ត​ទៅ​តាម​ច្បាប់ និង​តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ដែល​លោក​បាន​អំពាវនាវ​ឲ្យ​ទប់​ស្កាត់​រាល់​បទ​ល្មើស​ខុស​ច្បាប់។

ពួក​គេ​បាន​រិះគន់​ថា រាល់​ការ​ចុះ​ទៅ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ម្ដងៗ ខាង​មន្ត្រី​ជលផល​ចុះ​ទៅ​ដុត​បំផ្លាញ​តែ​របស់​ចាស់ៗ ប្រើ​អត់​កើត។ តែ​របស់​ថ្មីៗ គឺ​នៅ​សល់​ទាំង​អស់។ ក្រុម​អ្នក​ភូមិ​ដែល​បាន​ដឹង​ពី​រឿងរ៉ាវ​នេះ បាន​បញ្ជាក់​ថា ពួក​គេ​បាន​នាំ​គ្នា​ផឹក​ស៊ី​សប្បាយ​នៅ​ពេល​ចុះ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ គឺ​អត់​ជួយ​ប្រឹងប្រែង ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​រឹងមាំ ទៅ​តាម​ប្រសាសន៍​សម្ដេច ហ៊ុន សែន ទេ។ បញ្ហា​នេះ មិន​អាច​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​បាន​ទេ បើ​សិន​ប្រជាជន​រក​ហូប​ចុក​ចិញ្ចឹម​ជីវភាព​គ្រួសារ​មិន​បាន​ផង​នោះ។

សំឡេង៖ «ប្រើ​ទាហាន ប្រើ​អី​ទៅ​ហ្នឹង ដូច​ជា​ទៅ​យក​លុយ​ពី​ជនល្មើស។ ទៅ​ឃើញ​ឆក់​ហើយ ៧០ ៨០​ម៉ែត្រ ១០០​ម៉ែត្រ​អី ទាហាន​អ្នក​បញ្ជា​យក ៣​ម៉ឺន ៤​ម៉ឺន អី​ទៅ។ ពួក​គេ​បញ្ជា​ឲ្យ​ឆក់​បណ្ដោយ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​កម្ទេច រាល់​សកម្មភាព​ជន​ល្មើស ទាហាន​មិន​ត្រូវ​បទ​បញ្ជា​ឲ្យ​ទៅ​ចាប់​ត្រី​ទេ។ ទាហាន​ត្រូវ​តែ​ការពារ​ព្រំដែន បែរ​ស៊ុប​ខេត្ត​ទៅ​ចាប់​ត្រី»។

លោក អ៊ុក កែវរតនៈ ជា​មន្ត្រី​នាំ​ពាក្យ​សាលាខេត្ត​បន្ទាយ​មានជ័យ។ លោក​មាន​ប្រសាសន៍​ថា តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល ទោះ​បី​មន្ត្រី​យោធា​រូប​នោះ​ពាក់​ផ្កាយ ១០ ក៏​ដោយ ប៉ុន្តែ​បើ​សិន​ជា​ពួក​គេ​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់ ពួក​គេ​ត្រូវ​មាន​ទោស។

រាជ​រដ្ឋាភិបាល​មាន​វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ ការងារ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ មាន​ការ​លំបាក​ដោយសារ​តែ​ជន​ល្មើស លួច​ធ្វើ​សកម្មភាព​នៅ​ពេល​យប់ ដែល​កម្លាំង​មាន​សមត្ថកិច្ច​ពុំ​បាន​ដាក់​ទៅ​ការពារ​បាន​នោះ​ទេ។

លោក​បាន​ប្រៀបប្រដូច​ក្រុម​ជន​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​ទាំង​នោះ ទៅ​នឹង​ក្រុម​ចោរ​លួច​សត្វ​មាន់​នៅ​ពេល​យប់។ បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​សមត្ថកិច្ច​មាន​ការ​លំបាក​ក្នុង​ការ​បង្ក្រាប ព្រោះ​សមត្ថកិច្ច​មិន​អាច​ទៅ​ដេក​ចាំ​យាម ២៤ ម៉ោង​លើ ២៤ ម៉ោង នៅ​តាម​ត្រពាំង​បឹងបួ​នោះ​បាន​ទេ។ ការ​ខកខាន​នេះ បាន​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោង៖ «អញ្ចឹង​បាន​ប្រជា​ពលរដ្ឋ​យើង លោក​ដឹង​របៀប​ហ្នឹង លោក​គួរ​តែ​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​បើ​សមត្ថកិច្ច​គាត់​មិន​ធ្វើ វា​ជា​កំហុស​របស់​សមត្ថកិច្ច។ តែ​គួរ​ណា​បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង​អត់​រាយការណ៍​ឲ្យ​សមត្ថកិច្ច តើ​ឲ្យ​គ្នា​ទៅ​ធ្វើ​ឯណា ឲ្យ​គ្នា​ទៅ​បង្ក្រាប​យ៉ាងម៉េច​កើត ហើយ​សមត្ថកិច្ច​ប្រុង​ជើង​ការ​ចាំ​តែ​ចុះ ហើយ​ដឹង​ពី​ព័ត៌មាន​ពិត ព្រោះ​រដ្ឋបាល​ជលផល​គាត់​ចាំ​តែ​ដាក់​អន្ទាក់»។

លោក​ថា កន្លង​មក​នៅ​ខេត្ត​បន្ទាយ​មានជ័យ មាន​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេសាទ​យ៉ាង​ក្ដៅ​គគុក រហូត​មាន​ការ​ចាប់​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​ច្រើន​នាក់​ថែម​ទៀត។ ថ្មីៗ នេះ អ្នក​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​ចំនួន ៤ ទៅ ៥ នាក់ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​វិញ តាម​បទ​បញ្ជា​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​នោះ គឺ​ដើម្បី​ជា​ការ​អប់រំ​ព្រមាន​កុំ​ឲ្យ​នាំ​គ្នា​ប្រព្រឹត្តិ​បទ​ល្មើស​នេសាទ​ទៀត។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ នេះ លោក​បាន​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ទប់​ស្កាត់​បទ​ល្មើស​នេសាទ តែ​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ។ លោក​នាយក​រដ្ឋមន្ត្រី បាន​ហាម​ឃាត់​ដាច់​ខាត​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ ក្រៅ​ពី​នេះ លោក​បាន​ហាមឃាត់​មិន​ឲ្យ​ចាប់​ត្រី នៅ​រដូវ​ត្រី​ពង។ ហាម​កាប់​ព្រៃ​លិច​ទឹក និង​នាំ​គ្នា​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ ទុក​ជា​ទី​ជម្រក​ត្រី​ពង។ រួម​គ្នា​ការពារ​តំបន់​អភិរក្ស​ត្រី​ក្នុង​បឹង​ទន្លេសាប និង​ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ខិល​ខូច ដែល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​ធនធាន​មច្ឆាជាតិ​ក្នុង​តំបន់​អភិរក្ស។

សំឡេង៖ «ត្រី នៅ​ពេល​ហ្នឹង​នៅ​ក្នុង​តំបន់​អភិរក្ស​ពិត​ជា​សំបូរ​ណាស់។ អ៊ីចឹង​ពួក​ជន​ខិល​ខូច​ជួន​កាល គឺ​ទៅ​តែ​មួយ​កាណូត ប្រើ​ពេល​តែ ២ ម៉ោង វ៉ៃ​តែ​មួយ​ប្រឹប លាត​សន្ធឹង​អួន​ព័ទ្ធ​មួយ​ប្រឹប ត្រី​រាប់​រយ​គីឡូ ឬ​ក៏​តោន ហើយ​ចេញ​មក​វិញ។ អ៊ីចឹង ប្រជា​ពលរដ្ឋ​មាន​ភារកិច្ច និង​ថែទាំ ព្រោះ​នេះ ជា​របស់​ខ្លួន ដែល​ចិញ្ចឹម​ទុក​នៅ​ក្នុង​តំបន់​អភិរក្ស។ បើ​ទុក​ឲ្យ​ជន​ខិលខូច​រាប់​ទាំង​មន្ត្រី​ខិលខូច​សហការ​គ្នា​ចូល​ទៅ​វ៉ៃ​មួយ​ប្រឹប វ៉ៃ​រហ័ស​ដក​រហាស់​តាម​រយះ​ទូក​កាណូត​ធំៗ ទៅ​វ៉ៃ​ប្រឹប តែ​ប៉ុន្មាន​ម៉ោង​ចេញ​មក​វិញ​ខ្ញុំ​គិត​ថា ប្រជា​ពលរដ្ឋ និង​មាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​ផ្ដល់​ឲ្យ​អាជ្ញាធរ»។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​រក្សា​ទុក​ទីតាំង​បឹង​ព្រែក ដែល​ជា​គោលដៅ​សម្រាប់​នេសាទ​លក្ខណៈ​គ្រួសារ។ កុំ​ឲ្យ​មាន​ទំនាស់​រវាង​ប្រជា​នេសាទ​ជាមួយ​អ្នក​ធ្វើ​ស្រែ​ប្រាំង និង​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​ទិវា​មច្ឆា​ជាតិ ១ កក្កដា ដើម្បី​ជំរុញ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាជីវកម្ម​ចិញ្ចឹម​ត្រី ការ​ធ្វើ​វារីវប្បកម្ម ការ​រក្សា​ទុក​ពូជ​ត្រី​ធំៗ និង​អភិរក្ស​ត្រី​ជិត​ផុត​ពូជ​ជា​ដើម៕

កំណត់​ចំណាំ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​អ្នក​ដទៃ​ប៉ុណ្ណោះ។