បទ​ល្មើស​នេសាទ​មាន​ច្រើន​នៅ​តំបន់​ឡូត៍​ខេត្ត​ពោធិ៍សាត់

បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ឡូត៍​នេសាទ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ប្រគល់​មក​ឲ្យ​ប្រជា​ពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ​នោះ គេ​សង្កេត​ឃើញ​ថា បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ បាន​កើត​មាន​ឡើង​យ៉ាង​ច្រើន​នៅ​តាម​តំបន់​ឡូត៍​ទាំង​នោះ។

0:00 / 0:00

គេ​សង្កេត​ឃើញ​ថា បទ​ល្មើស​នេសាទ បាន​កើត​ឡើង​នេះ​កាន់​តែ​រីក​រាល​ដាល និង​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​ឡើងៗ។ ករណី​នេះ បើ​សិន​ជា​មិន​មាន​ការ​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​នោះ​ទេ អាច​ឈាន​ទៅ​ដល់​ការ​វិនាស​ផុត​ពូជ​ហ្វូង​មច្ឆាជាតិ ដែល​មាន​ក្នុង​តំបន់​បឹង​ទន្លេសាប​នោះ។

ផ្ដើម​ចេញ​ពី​ក្ដី​កង្វល់​ទាំង​នេះ អាជ្ញាធរ និង​សហគមន៍​នេសាទ​នៅ​ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ «សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ដែល​ភាសា​អង់គ្លេស​ហៅ​ថា Fisheries Action Coalition Team (FACT)» បាន​មក​ជួប​ប្រជុំ​គ្នា ដើម្បី​ស្វែង​រក​វិធី​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ទាំង​នោះ។

បទ​ល្មើស​នេសាទ ដែល​រួម​មាន​ការ​អូស​អួន​មាន​បណ្ដោយ​ច្រើន​រយ​ម៉ែត្រ ការ​ដាក់​របាំង​ក្រឡា​ញឹក និង​ការ​ប្រើ​ឧបករណ៍​ឆក់ ដើម្បី​ចាប់​យក​ត្រី​ជា​ដើម ក្នុង​តំបន់​ដែន​នេសាទ​សហគមន៍ ក្លាយ​ជា​ក្ដី​កង្វល់​សម្រាប់​ប្រជា​សហគមន៍​អ្នក​នេសាទ និង​អាជ្ញាធរ​នៃ​ខេត្ត​ពោធិ៍សាត់។

លោក ឡុង សុចែត ជា​ប្រធាន​សម្ព័ន្ធ​ប្រជា​នេសាទ​កម្ពុជា។ លោក​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ជួប​ប្រជុំ​គ្នា​រវាង​អាជ្ញាធរ និង​សហគមន៍​នេសាទ​នៅ​ខេត្ត​ពោធិ៍សាត់​ថា បច្ចុប្បន្ន​បទ​ល្មើស​នេសាទ​គ្រប់​ប្រភេទ បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់ ដែន​នេសាទ​សហគមន៍។ លោក​ថា ការ​ជួប​គ្នា​រវាង​អាជ្ញាធរ​ដែន​ដី អាជ្ញាធរ​ជំនាញ និង​តំណាង​សហគមន៍​នេសាទ​នេះ គឺ​ដើម្បី​ពិភាក្សា​ស្វែង​រក​គន្លឹះ​ក្នុង​ការ​បង្ក្រាប និង​បំបាត់​បទ​ល្មើស​នេសាទ​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ឡុង សុចែត «ទី​១ គឺ​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​អាជ្ញាធរ​ជំនាញ និង​តំណាង​សហគមន៍​បាន​ជួប​គ្នា រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់។ ទី​២ គឺ​ដើម្បី​រួម​គ្នា​អនុវត្តន៍​ច្បាប់​នេសាទ​ទាំង​អស់​គ្នា។ ទី​៣ គឺ​ជំរុញ​ឲ្យ​អាជ្ញាធរ​ជំនាញ និង​តំណាង​សហគមន៍​សហការ​គ្នា​ដោះស្រាយ​បញ្ហា»។

លោក ព្រំ សេន ជា​ប្រធាន​អង្គការ​មហាជន​ភូមិ​ព្រែក ឃុំ​រាំងទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ លោក​បាន​សំដែង​ពី​ក្ដី​កង្វល់​របស់​ប្រជា​ពលរដ្ឋ​នៅ​ភូមិ​ព្រែក ជា​ភូមិ​មួយ ដែល​មាន​ប្រជា​ពលរដ្ឋ​ស្ទើរ​តែ ១០០% មាន​មុខ​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

ប៉ុន្តែ ឥឡូវ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​នេះ មិន​អាច​នេសាទ​ត្រី​មក​លក់ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ទៀត​ទេ ព្រោះ​ក្រុម​ជន​ល្មើស​ដោយ​អាង​ខ្នង​បង្អែក​ជា​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​បាន​វាត​ទី​ធ្វើ​ការ​នេសាទ​ដោយ​ប្រើ​អួន​ក្រឡា​ញឹក និង​មាន​ប្រវែង​រាប់​រយ​ម៉ែត្រ ដែល​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ធ្វើ​ឲ្យ​ខូច​ខាត​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ​ក្នុង​ភូមិ​គ្មាន​សល់​តែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ពួក​គេ​ឡើយ។

លោក ព្រំ សេន៖ «អួន​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គាត់​ធ្វើ​ការ​នេសាទ​អត់​បាន​ទេ ព្រោះ​កាល​ណា​គេ​អូស​អួន គឺ​ដាច់​មង​អ្នក​ភូមិ​ទាំង​អស់។ បច្ចុប្បន្ន មាន​រហូត​ដល់​វ៉ៃ​ចូល​សៃយឺន អ្នក​ភូមិ​ហើយ​បោក​សៃយឺន​អ្នក​ភូមិ​ចោល​ទៀត។ ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល និង​អង្គការ​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង»។
យ៉ាង​នេះ​ក្ដី មេ​ឃុំ​រាំង​ទិល គឺ​លោក គឹម សំអែល មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​របស់​ប្រជា​នេសាទ​ភូមិ​ព្រែក មាន​លក្ខណៈ​ត្រឹមត្រូវ​ច្រើន។ ប៉ុន្តែ ក៏​មាន​កត្តា​ខ្លះ​កើត​ចេញ​ពី​ការ​ខ្វះ​ចន្លោះ​នៃ​ច្បាប់​ដែរ។

លោក​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដោយ​ច្បាប់​មាន​ការ​កែប្រែ​លើ​ចំណុច​មួយ​ចំនួន ឯ​ប្រជា​ពលរដ្ឋ​ មិន​ទាន់​មាន​ការ​យល់​ដឹង ទើប​កើត​មាន​បទ​ល្មើស​នេសាទ​មួយ​ចំនួន​ក្នុង​ពេល​បច្ចុប្បន្ន។

លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជំនាញ​រួសរាន់​ធ្វើ​ការ​ផ្សព្វផ្សាយ​ឧបសម្ពន្ធ​ថ្មី​នៃ​ច្បាប់​នេសាទ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​នេសាទ​ទម្រង់​អួន​អូស​បណ្ដោយ​វែង​នេះ។

លោក គឹម សំអែល៖ «ក្នុង​លក្ខន្តិកៈ និង​កិច្ច​ព្រមព្រៀង​ចាស់ គឺ​ឧបករណ៍​នេសាទ​អួនអូស និង​មង​អូស​ជា​លក្ខណៈ​គ្រួសារ មាន​ប្រវែង ២០០ ម៉ែត្រ។ ដូច្នេះ ខ្ញុំ​សំណូមពរ​ឲ្យ​អង្គ​ប្រជុំ ក៏​ដូច​ជា ផ្នែក​ជំនាញ ធ្វើ​ការ​ពន្យល់ និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​កិច្ច​ព្រមព្រៀង​ថ្មី»។

ប៉ុន្តែ លោក ភួង ហ៊ីង ជា​ប្រធាន​បណ្ដាញ​ប្រជា​នេសាទ​ខេត្ត​ពោធិ៍សាត់​មិន​យល់ស្រប​ចំពោះ​ការ​ពន្យល់​របស់​លោក​មេ​ឃុំ​រាំងទិល​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា បទ​ល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ពិត​ជា​កើត​ចេញ​ពី​ក្រុម​អ្នក​មាន​ប្រាក់​មាន​អំណាច ដោយ​មាន​ការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ។

លោក ភួង ហ៊ីង៖ «ខ្ញុំ​មិន​ដឹង​ជា​ខាង​ជំនាញ​ទាក់ទង​គ្នា​យ៉ាង​ណា​ជាមួយ​អ្នក​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​យល់ បើ​ជលផល​ដក​ចេញ​អស់ គឺ​ត្រូវ​ខ្ទេច​ទាំង​អស់​គ្មាន​សល់​ទេ។ តាម​ខ្ញុំ​ទទួល​បាន​ព័ត៌មាន គឺ​មាន​អួន​ទាំង​តូច​ទាំង​ធំ ៧២ វង់។ បើ​អ៊ីចឹង គឺ​ខ្ទេច​អស់​ហើយ​តំបន់​ឡូត៍​ទាំង​នោះ...»។

យ៉ាង​ណា​ក៏​ដោយ នាយ​រង​សង្កាត់​រដ្ឋបាល​ជលផល​កំពង់លួង លោក នូ សារី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ពុំ​មាន​មន្ត្រី​ជលផល​ណា​ម្នាក់​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដោយ​អនុញ្ញាត​ឲ្យ​ជន​ល្មើស នេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ទង្វើ​បែប​នេះ មាន​ន័យ​ថា ប្រឆាំង​នឹង​បទ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ដែល​ប្រការ​នេះ​ពុំ​អាច​កើត​មាន​នោះ​ទេ។

លោក នូ សារី៖ «ជា​ចំណុច​លំបាក​បំផុត​របស់​សមត្ថកិច្ច គឺ​នៅ​ពេល​ដែល​យើង​ចុះ​ទៅ​បង្ក្រាប គឺ​ត្រូវ​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ។ តែ​បើ​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ គឺ​ព័ត៌មាន​វា​បែក ព្រោះ​ឥឡូវ​បច្ចេកវិទ្យា​ទំនើប គេ​អាច​ផ្ដល់​ព័ត៌មាន​ទៅ​ជន​ល្មើស​តាម​ទូរស័ព្ទ​ភ្លាម។ ហើយ​យើង​ដឹង​ហើយ​ថា ឧបករណ៍​ឆក់​នេះ គឺ​គ្រាន់​តែ​បោះ​ចូល​ក្នុង​ទឹក គឺ​ចប់​បាត់​ទៅ​ហើយ​យើង​ពុំ​អាច​ចាប់​គេ​បាន​ទេ...»។

បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ ០១ សម្រេច​កាត់​ឡូត៍​នេសាទ​ទាំង​អស់ ដែល​នៅ​ជុំវិញ​បឹង​ទន្លេ​សាប ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​នេសាទ​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ដោះស្រាយ​ជីវភាព​នោះ បទ​ល្មើស​នេសាទ ក៏​បាន​កើត​ឡើង​យ៉ាង​ច្រើន​ដែរ។

ទន្ទឹម​គ្នា​នេះ ជន​ល្មើស​ដែល​អាង​ខ្នង​បង្អែក ពុំ​មាន​ចិត្ត​ក្រែង​រអា​ចំពោះ​ច្បាប់​ទេ។ ពេល​ប្រជា​សហគមន៍​ហាម​ឃាត់ ពួក​គេ​ថែម​ទាំង​ចំអក និង​គំរាម​មក​លើ​ប្រជា​សហគមន៍​នេសាទ​ទៀត​ផង។

មេ​ភូមិ​ទាំង ៥ នៃ​ឃុំ​រាំងទិល គឺ​ភូមិ​រាំងទិល ភូមិ​ចា​រុះ ភូមិ​ព្រែក ភូមិ​តាកែវ និង​ភូមិ​កោះ​ក្អែក បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា ការ​ប្រើ​ឧបករណ៍​ឆក់​កំពុង​ជា​ក្ដី​កង្វល់​ចម្បង​សម្រាប់​ប្រជា​សហគមន៍​នេសាទ​ដែរ។

មេ​ភូមិ​រាំង​ទិល លោក កុក ស៊ត៖ «ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​ធ្វើ​ការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ទិញ​ត្រី ដែល​បាន​ពី​ការ​ឆក់​នោះ ទើប​អាច​ទប់ស្កាត់​បាន​ការ​ប្រើ​ឧបករណ៍​ល្មើស​ច្បាប់​នេះ​បាន...»។

ក្ដី​កង្វល់​របស់​ប្រជា​នេសាទ បាន​ធូរ​ស្រាល​ដោយ​អង្គ​ពិភាក្សា​រក​ឃើញ​គន្លឹះ​សម្រាប់​ដោះស្រាយ​មួយ​ចំនួន ដូចជា​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់​លើ​ឲ្យ​បាន​ដឹង​អំពី​កង្វល់​របស់​ប្រជា​ពលរដ្ឋ។ សំខាន់​ជាង​នេះ​ទៀត អាជ្ញាធរ​ជំនាញ និង​អាជ្ញាធរ​ដែនដី​អះអាង​ថា នឹង​ចូលរួម​សហការ​ដោយ​ធ្វើ​ការ​ត្រួត​ពិនិត្យ មិន​ឲ្យ​ឈ្មួញ​ទិញ​ប្រភេទ​ត្រី ដែល​បាន​ពី​ការ​ប្រើ​ឧបករណ៍​ឆក់​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។