គ្រួសារសហគមន៍អ្នកនេសាទ នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសំដែងការស្វាគមន៍ចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រគល់ឡូត៍នេសាទលេខ១ ឲ្យប្រជាពលរដ្ឋ ជិត ១០០០គ្រួសារគ្រប់គ្រង និងនេសាទត្រី ចាប់ពីខែកញ្ញានេះតទៅ។
ការសម្រេចដូច្នេះបានប្រកាសឲ្យដឹងកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅថ្មីៗនេះ ដោយអនុក្រឹត្យលេខ១១១ ក្រោយពីមានសំណើពីប្រជាពលរដ្ឋសហគមន៍អ្នកនេសាទ កាលពីខែកក្កដាកន្លងទៅ និងមានការពិនិត្យដោយប្រធានរដ្ឋបាលជលផល លោក ណៅ ធួក និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន។
ឡូត៍នេសាទនោះ មានទំហំបណ្ដោយប្រវែងជាង ៩០គីឡូម៉ែត្រ និងទទឹងជាង ៥០ម៉ែត្រ ទៅ១០០ម៉ែត្រ លើផ្ទៃទឹកស្ទឹងសែន នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប្រភពមច្ឆាជាតិរស់នៅ ដូចជាត្រីរាល ត្រីកញ្ចុះ ត្រីឆ្ពិន ត្រីរ៉ស់ ត្រីឆ្ដោរ នឹងត្រីឌៀបជាដើម។
ប្រធានសហគមន៍អ្នកនេសាទ នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លោក អ៊ំ ម៉េង អាយុ៦៨ឆ្នាំ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែកញ្ញាថា ៖ «ហើយម្យ៉ាងទៀត ការកាត់ឡូត៍នេះ មិនចំពោះប្រជាពលរដ្ឋនៅក្នុងផាត់សណ្ដាយ គឺវាអាចលែង បើធ្វើឲ្យត្រីហ្នឹង ធ្វើចរាចរណ៍រហូតដល់ឆ្លងខេត្តកំពង់ធំ ទៅលើដល់ខេត្តព្រះវិហារណោះ។ អ៊ីចឹងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ និងកំពង់ធំ ដែលរស់នៅជាប់មាត់ស្ទឹងហ្នឹង អាចរករបនេសាទជាលក្ខណគ្រួសារ ចិញ្ចឹមជីវិតបានដោយស្រួល»។
ឡូត៍នេសាទលេខ១នេះ កន្លងមកត្រូវបានគេលក់ឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងផ្ដាច់មុខ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋជិត ១០០០គ្រួសារ ដែលធ្លាប់នេសាទត្រីនៅទីនោះ តាំងពីដូនតាមក មិនឲ្យធ្វើអាជីវកម្មនេះបានទេ។ នៅក្នុងខេត្តកំពង់ធំមានឡូត៍នេសាទសំខាន់ៗ ចំនួន៥កន្លែង។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍អ្នកនេសាទ នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឈ្មោះ ជ័យ ប៊ុនថន បានថ្លែងថា ៖ «ត្រីឥឡូវខ្សោយណាស់ដែរហើយ។ ប្រជាជនបើថាកាត់ឲ្យប្រជាជន អាចមានសារសំខាន់ រកនៅក្នុងហ្នឹងបាន»។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ខាងគណបក្សប្រឆាំងសមរង្ស៊ី លោក ស៊ុន ធុន មានប្រសាសន៍ថា ៖ «សុំឲ្យសម្ដេចយកចិត្តទុកដាក់លើប្រជាជន នៅគ្រប់ទីកន្លែងទាំងអស់ មិនថានៅទីកន្លែងឡូត៍នេសាទទេ គឺអ្វីៗ ដីធ្លីសព្វបែប សព្វយ៉ាងទាំងអស់ ដែលប្រជាពលរដ្ឋកំពុងតែរងគ្រោះនេះណា»។
ទាក់ទងនឹងការសម្រេចរបស់រដ្ឋាភិបាលខាងលើនេះ ប្រធានរដ្ឋបាលជលផលខេត្តកំពង់ធំ លោក គី វ៉ាន់រិទ្ធ បានមានប្រសាសន៍បញ្ជាក់ដែរថា ៖ «សហគមន៍គ្រប់គ្រង បើសហគមន៍អនុវត្តតាមច្បាប់ ហើយមានប្រសិទ្ធភាព ដែលអាចអនុវត្តបាននិរន្តរភាព គឺមានន័យថា ការងារហ្នឹងបន្តរហូត ព្រោះសហគមន៍មានអាណត្តិទៅតាមអនុក្រឹត្យ»។
លោកបានទទូចសុំឲ្យសហគមន៍អ្នកនេសាទនៅឡូត៍នេសាទលេខ១នោះប្រើប្រាស់ និងរក្សាឲ្យបានត្រឹមត្រូវ តាមច្បាប់ស្ដីពីជលផល បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងដកហូតយកមកវិញ។
ប្រជាពលរដ្ឋសហគមន៍នេសាទបានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យនេសាទត្រី ចតទូកកាណូតជាដើម នៅក្នុងដែនឡូត៍នេសាទនោះទេ ដោយពលរដ្ឋទាំងនោះអះអាងថា បានបង្កឲ្យមានការលំបាកយ៉ាងច្រើន ក្នុងការរស់នៅប្រចាំថ្ងៃ៕
