ភ្ញៀវអ្នកធ្វើដំណើរកកកុញនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងសៀមរាប ត្រូវខកដំណើររាប់រយនាក់។
ចំណែកឯមន្រ្តីនៃក្រុមហ៊ុនព្រលានយន្តហោះអន្តរជាតិភ្នំពេញមួយរួបដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣នោះគឺក្រុមហ៊ុន Bangkok Airways, Thai Airways និងក្រុមហ៊ុន Air Asia ត្រូវបានផ្អាកជើងហោះហើរបណ្តោះអាសន្ននៅថ្ងៃនេះ ដោយសារអសន្តិសុខក្នុងក្រុងបាងកក។ មន្រ្តីរូបនោះបានបញ្ជាក់ទៀតថា ការផ្អាកបណ្តោះអាសន្ននេះ គឺប៉ះពាល់តែការហោះហើរឆ្ពោះទៅទីក្រុងបាងកកប៉ុណ្ណោះ។
អ្នកដឹកនាំប្រជាពលរដ្ឋខ្មែរអ៊ិស្លាមចំនួន ១៥០នាក់ ទៅធ្វើហាជ្ជនៅទីក្រុងម៉ាក្កះនៃប្រទេសអារ៉ាប៊ីសាអូឌីត ឈ្មោះ អាលី មោសា បានមានប្រសាសន៍ថា ខាងក្រុមហ៊ុនគួរតែរកដំណោះស្រាយឲ្យបានឆាប់ព្រោះអ្នកទៅធ្វើហាជ្ជ គឺមានកាលបរិច្ឆេទនិងត្រូវទៅសុំទិដ្ឋាការទៅប្រទេសអារ៉ាប៊ី សាអូឌីត តាមរយៈស្ថានទូតអារ៉ាប៊ី សាអូឌីត ក្នុងប្រទេសថៃ។
លោក អាលី មោសា មានប្រសាសន៍ដូច្នេះថា ៖ «ក្រុមរបស់ខ្ញុំមានជាង១០០នាក់ ទៅពីរជើង ជើងទីមួយទៅព្រឹកនៅម៉ោង ៩ជាង ខក ហើយនៅពេលល្ងាចនៅម៉ោងជាង ៧។ ឆ្នាំនេះគឺមានបញ្ហាច្រើននៅស្រុកថៃ ដូចជាមានបាតុកម្មច្រើនដែលនាំឲ្យលំបាកដល់អ្នកធ្វើដំណើរ។ ខ្ញុំគិតថា គេគួរតែដោះស្រាយបញ្ហានេះឲ្យបានឆាប់»។
លោក លី បូរី ដែលជូនដំណើរបងប្អូនទៅក្រៅប្រទេស បានមានប្រសាសន៍ដែរថា លោកមានការបារម្ភចំពោះការខកខាននេះ ព្រោះស្ទើរតែគ្រប់គ្នានៃអ្នកធ្វើដំណើរគឺមានការងារសំខាន់របស់ខ្លួនក្នុងការចាកចេញទៅក្រៅប្រទេសនោះ។
លោក លី បូរី ថ្លែងដូច្នេះថា ៖ «បើសិនជានៅខាងប្រទេសថៃគេអាចសម្រួលបាន គឺយើងអ្នកទៅហ្នឹងអត់មានបញ្ហាអីទេ ប៉ុន្តែបើបញ្ហាចេះតែកើតមានបន្តពីមួយថ្ងៃមិនអាចដោះស្រាយបាន ហើយថ្ងៃស្អែកមិនអាចដោះស្រាយបានទៀត គឺអាចប៉ះពាល់ច្រើន»។
សូមជម្រាបថា យោងតាមជើងហោះហើររបស់ក្រុមហ៊ុន Bangkok Airways ចេញដំណើរពីភ្នំពេញ-បាងកក ពីរជើងក្នុងមួយថ្ងៃ គឺពេលព្រឹកចេញដំណើរនៅម៉ោង ៩និង៤០នាទី និងពេលយប់នៅម៉ោង ៨។ ក្រុមហ៊ុន Thai Airways ពេលព្រឹកចេញដំណើរនៅម៉ោង១០ និងល្ងាចនៅម៉ោង ៨និង២៥នាទី និងក្រុមហ៊ុនAir Asia គឺចេញដំណើរនៅម៉ោង៥ល្ងាច។
អ្នកធ្វើដំណើរទាំងអស់ដែលបានពន្យារការធ្វើដំណើរនោះ មានប្រមាណ ៧០០នាក់ រីឯការខកខាននៃការធ្វើដំណើរក្នុងខេត្តសៀមរាបវិញ មានប្រមាណ ៥០០នាក់។
យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋខ្មែរដែលបានស្ទះដំណើរក្នុងក្រុងបាងកកតាំងពីល្ងាចថ្ងៃទី២៥ វិច្ឆិកា មក បានឲ្យដឹងថា ពួកគាត់នៅមិនទាន់អាចចេញទៅកាន់ប្រទេសទី៣នៅឡើយទេ៕
