ចៅសង្កាត់រងទី១នៃសង្កាត់ភ្នំពេញថ្មី លោក គឹម សំបូរ មានប្រសាសន៍ថាបន្ទាប់ពីមានការជួយផ្សព្វផ្សាយពីទឹកជន់លិចភូមិមក មន្រ្តីគ្រប់ស្ថាប័នពាក់ព័ន្ធបានចុះជួយកាយប្រឡាយស្ទះផ្លូវទឹករត់បានមួយចំនួន ទើបទឹកស្រកបានខ្លះមកដល់ថ្ងៃអាទិត្យនេះ ។
លោកថាគ្រឿងចក្រនៅបន្តកាយរុករកកន្លែងដែលស្ទះខ្លាំងដែលទឹកមិនបានហូរលឿនដើម្បីរំដោះទឹកចេញឲ្យបានឆាប់ ។
លោក គឹម សំបូរ បានឲ្យដឹងថា ៖ «សភាពស្រកហាក់ដូចជាបានមួយតឹកអីប៉ុណ្ណឹងដែរទេ វាបានរាំងភ្លៀងផង ។ ខាងកម្លាំងខណ្ឌ កម្លាំងក្រុងអី គាត់បានយកអាអ៊ិចអីមកកាយប្រឡាយ កាយលូត្រង់ណាដែលស្ទះ បាក់កន្លងមកហ្នឹង ហើយកំពុងតែបន្តការកាយទៀត ។ ខាងជើងខ្លោងទ្វារវត្តសំរោងអណ្ដែតហ្នឹងវាស្ទះយូរហើយ យើងអត់ដឹង កន្លែងប្រជាជនរស់នៅ ឥឡូវយើងកំពុងចាប់បន្តកាយទៀត» ។
លោក គឹម សំបូរ បានឲ្យដឹងទៀតថាទឹកស្ទះខ្លាំងនេះមកពីគម្រោងកសាងបណ្តាញដាក់លូថ្មីបង្ហូរទឹកចេញពីទីក្រុងធ្វើយឺតពេក បានជាទឹកភ្លៀងធ្លាក់មកល្មមក៏លិចភូមិ ៖ «ព្រោះសាលាក្រុង និងបណ្ឌិត ម៉ុង ឫទ្ធី គាត់ធ្វើផ្លូវមួយនៅផ្លូវបឹងប្រយ៉ាប ដល់កំពុងតែធ្វើ វាជួបការលំបាកដោយស្ទះលូ អត់ទាន់បើកឲ្យលូហូរ ដល់អ៊ីចឹងទៅទឹកមួយចំនួនធំត្រូវចាល់បុកមកលើ ភូមិរោងចក្រ និងផ្លូវ១០១៩ តែម្ដង ។ ព្រោះលូហ្នឹង ផ្លូវ១៩២៨ ខ្ញុំជម្រាបជូនថា ក្រុង និងឧកញ៉ា ធ្វើហ្នឹង គឺកំពុងធ្វើ អ៊ីចឹងត្រូវបិទប្រឡាយជាបណ្ដោះអាសន្ន ដើម្បីដាក់លូដល់អ៊ីចឹងទឹកមួយចំនួន វាអត់ចែកទៅខាងហ្នឹងទេ វាច្រានមកត្បូងវិញទាំងអស់» ។
ប្រជាជនភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី លោក ថាច់ សេម ឲ្យដឹងថាទឹកទើបស្រកប្រមាណ១០សង់ទីម៉ែត្រ ដោយសារគ្មានភ្លៀងផងនិងការជួយកាយរកផ្លូវទឹករត់ផងពីសំណាក់អាជ្ញាធរក្រុងនិងសង្កាត់ផង ។ លោកថាទោះយ៉ាងណាជម្រៅទឹកលិចនៅតែជ្រៅជាងជំហរកុមារ នាំឲ្យគាត់បារម្ភពីកូនចៅខ្លាចធ្លាក់ទឹក គាត់បានជម្លៀសយកក្មេងៗទៅផ្ញើនៅផ្ទះបងប្អូន ។
លោក ថាច់ សេម បានឲ្យដឹងថា ៖ «វារាងស្រកបន្តិច ប៉ុន្តែស្រកតែផ្ទះខ្ញុំទេ ព្រោះដីរបស់ខ្ញុំហ្នឹងវារាងខ្ពស់ជាងគេ ។ ទឹកចេញពីផ្ទះមកនៅត្រឹមទីធ្លាមុខផ្ទះអ៊ីចឹង ហើយខាងថ្នល់កន្លែងផ្លូវដើរហ្នឹងសម្រាប់បើកម៉ូតូ បើកឡានបាន វាត្រឹមចង្កេះ» ។
ចំណែកពលរដ្ឋរស់នៅភូមិភ្នំពេញថ្មី មានប្រសាសន៍ថាទឹកនៅភូមិនោះស្រកបានប្រមាណ ៥សង់ទីម៉ែត្រ ៖ «ឃើញគេមកកាយ ប៉ុន្តែដូចជាប្រលោះកាយតូចជាងដីចាក់ឲ្យពេញអ៊ីចឹង អ៊ីចឹងហូរម៉េចនឹងទាន់ ដូចថាលើកមុនប្រឡាយ១០ម៉ែត្រ ឥឡូវសល់តែ១ម៉ែត្រអ៊ីចឹង អ៊ីចឹងទឹកប៉ាចហាចមក» ។
មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍ថាទឹកលិចក្នុងសង្កាត់ភ្នំពេញថ្មីជាទឹកលិចដោយសារទឹកភ្លៀងមិនមែនទឹកជន់មកពីទន្លេមេគង្គឡើយ ។
សូមជម្រាបថាទឹកជន់លិចសង្កាត់ភ្នំពេញថ្មី បានចាប់ផ្តើមពីថ្ងៃច័ន្ទដើមសប្តាហ៍ហើយបានលិចខ្លាំងនៅយប់ថ្ងៃពុធ បានលិច៥ភូមិក្នុងចំណោម១០ភូមិនៃសង្កាត់ភ្នំពេញថ្មី ៕
