ផ្ទៃទឹកបានលាតសន្ធឹងយ៉ាងល្វឹងល្វើយស្ទើរទូទាំងឃុំត្នោតជុំនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្សល់ទុកតែទីទួលបន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែលវិទ្យុអាស៊ីសេរីចុះទៅដល់កាលពីថ្ងៃទី១៣ កញ្ញាកន្លងទៅនេះ។
ប្រភពពីអ្នកភូមិបានអះអាងថា ស្ថានភាពទឹកជំនន់ធំនៅក្នុងឃុំនេះពុំធ្លាប់កើតមានឡើយអស់រយៈពេល១០ឆ្នាំកន្លងមកនេះ។
ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរតាមទូកផងនិងលុយទឹកត្រឹមជង្គង់ផងដោយទឹកជន់លិចផ្លូវនិងភូមិឋានអ្នកស្រុកស្ទើរទាំងស្រុង។

លោក ឯក ឡៃ អាយុ៦៥ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្នោតជុំ ឃុំត្នោតជុំ មានប្រសាសន៍ទាំងទឹកមុខក្រៀមក្រំថា ស្រែស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិ រួមទាំងស្រូវរបស់គាត់ជាងមួយហិកតារផងរងការខូចខាតទាំងស្រុង ដោយសារទឹកជំនន់ដែលបានជន់លិចតាំងពីថ្ងៃទី៧ ខែកញ្ញា ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំងនិងជាប់គ្នាជាច្រើនថ្ងៃកន្លងទៅនេះ។
លោក ឯក ឡៃ បានឲ្យដឹងថា ៖ «ជីវភាពប្រជាពលរដ្ឋដែលនៅក្នុងភូមិត្នោតជុំយើងខ្ញុំនេះ មានសេចក្ដីលំបាកជាខ្លាំង ព្រោះទឹកជំនន់លិចអស់ភោគផលដំណាំ។ រួមទាំងអស់ក្នុងមួយភូមិត្នោតជុំនេះរាប់ពាន់ហិកតារ»។
នៅឆ្ងាយពីភូមិលើទីទួលមួយដែលព័ទ្ធជុំវិញដោយទឹកល្ហល្ហាច ស្ត្រីឈ្មោះ ជៀប ខេត អាយុ៣១ឆ្នាំកំពុងឈរសម្លឹងមើលស្រូវគាត់ដែលលិចសល់តែចុងបន្តិចៗលើផ្ទៃទឹកមានប្រសាសន៍ទាំងទឹកមុខស្រពាប់ស្រពោនប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដែលបានចុះផ្ទាល់ដល់តំបន់ទឹកលិចនោះថា ស្រូវចំនួន៥ហិកតាររបស់គាត់រងការលិចលង់ទាំងស្រុង។
អ្នកស្រីសម្តែងពីក្តីកង្វល់ចំពោះកង្វះខាតក្នុងជីវភាពរស់នៅបន្ទាប់ពីទឹកស្រកទៅវិញថា ៖ «បើលិចទឹកអស់អ៊ីចឹងបានអីហូប នៅពូជទៀត បានអីធ្វើពូជ ធ្វើដើម។ ទើបលិចឆ្នាំហ្នឹងទេ ។ ឆ្នាំ២០០០ លិចមួយឆ្នាំដែរ អត់ពូជទាំងអស់ ទិញពូជគេទាំងអស់ឆ្នាំ២០០០ ហើយឆ្នាំនេះដូចឆ្នាំ២០០០ដែរ ប៉ុន្តែវាមិនទាន់លិចខាងត្បូងថ្នល់ លិចតែខាងជើងថ្នល់ ខាងត្បូងថ្នល់លិចប្រហែលជាពាក់កណ្ដាល ប៉ុន្តែវាលខាងលិចហ្នឹងលិចអស់ហើយពង្រោះ។ ខ្ញុំស្ទូងបានតិចទេ ប្រហែលជា៣ហិកតារ ស្ទូងបានកន្លះហិកតារ...»។
ចំណែកលោកយាយ ញ៉ែម ខាន់ អាយុ៧៥ឆ្នាំ កំពុងលុយទឹកត្រឡប់មកពីវត្តត្នោតជុំដែលរងទឹកលិចស្ទើរទាំងស្រុងដែរនោះ មានប្រសាសន៍ថា ៖ «អស់រលីងហើយ គ្រួសារយាយ។ គ្នាមានតែខាងណេះ គិតទៅ៩ពូជ អស់២ស្លឹក៥ប្លូន បានប្រហែលជា១០០ថាំង»។
ត្នោតជុំគឺជាឃុំមួយដែលមានទីតាំងជាប់នឹងដងស្ទឹងជីនិតស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឃុំនេះមានផ្ទៃដីជាង៤ពាន់ហិកតារ។ ក្នុងនោះដីស្រែមានប្រមាណជិត៤ពាន់ហិកតារដោយចែកជាដីស្រែលើនិងដីស្រែក្រោម។ មេឃុំត្នោតជុំ លោក ចាន់ ប៉ុក មានប្រសាសន៍ថា ស្រែលើប្រមាណ១៨០០ហិកតារកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ហើយក្នុងនោះប្រមាណ៨០០ហិកតាររងការខូចខាតទាំងស្រុង។ លោកថា ទឹកស្ទឹងជីនិតឆ្នាំនេះបានឡើងខ្ពស់ខុសពីបណ្តាឆ្នាំមុនៗ ហើយប្រសិនបើទឹកស្ទឹងមិនស្រកតែបែរជាស្ទុះឡើងបន្ថែមទៀតនោះការខូចខាតនឹងធ្ងន់ធ្ងរជាងនេះជាមិនខាន។
លោក ចាន់ ប៉ុក បានឲ្យដឹងថា ៖ «ឆ្នាំនេះត្រូវរងគ្រោះ ព្រោះស្ទឹងជីនិតនេះត្រូវទាំង៩ភូមិ ព្រោះភូមិទាំង៩ ជាប់នឹងដងស្ទឹងជីនិតទាំងអស់។ មកដល់ពេលនេះយើងធ្វើការប៉ាន់ស្មានប្រហែលជា១៥០០ទៅ១៨០០ ហើយដែលភាពប៉ះពាល់ ហើយក្នុងនោះខូចទាំងស្រុងរង្វង់ប្រហែលជា៧០០ទៅ៨០០ហិកតារហើយ»។
លោកមេឃុំត្នោតជុំបានមន្ទិលចំពោះការកាប់បំផ្លាញព្រៃឈើពីសំណាក់ជនល្មើសនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវខុសបច្ចេកទេសគឺជាកត្តានាំឲ្យកើតមានគ្រោះមហន្តរាយទឹកជំនន់នេះឡើង។
លោក ចាន់ ប៉ុក បានបញ្ជាក់ថា ៖ «ទឹកជំនន់នេះ តាមការសន្និដ្ឋានរបស់ខ្ញុំគឺមានបញ្ហាពីរ។ ទី១ ធនធានធម្មជាតិ ហើយទី២ ការបាត់បង់ព្រៃឈើនៅខាងលើ អាចទឹកដែលហូរធ្លាក់មកមានភាពចាល់ ហើយស្តុកទុកនៅខាងលើអាចបុកមកតែម្ដង ធ្វើឲ្យភាពធ្ងន់ធ្ងរនៅកន្លែងទាំងនេះ គឺទឹកបុកខ្លាំងបណ្ដាលឲ្យទឹកច្រើនតែម្ដង។ បញ្ហាផ្លូវលំ ហើយមានទឹកមានភាពលម្អៀងគ្នា កម្ពស់ខាងលើ និងទខាងក្រោមថ្នល់ មានទំហំប្រហែលជា៧-៨តឹក រហូតពីថ្ងៃ៦ ថ្ងៃ៧ ដែលភ្លៀងខ្លាំងអាចកម្ពស់ដល់១ម៉ែត្រកន្លែងខ្លះ»។
អភិបាលស្រុកបារាយណ៍គឺលោក ហាក់ ម៉ូវសេង មានប្រសាសន៍ថា ឃុំចំនួន៨ក្នុងស្រុកបារាយណ៍ដែលមានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងជីនិតបានរងផលប៉ះពាល់ដោយទឹកជំនន់នេះ។ក្នុងនោះឃុំត្នោតជុំបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
លោក ហាក់ ម៉ូវសេង បានមានប្រសាសន៍ថា ៖ «៨ឃុំដែលប៉ះពាល់ ហើយប៉ះពាល់ហ្នឹង រឿងស្រូវលិចទឹក២០៨១ហិកតារ ហើយប៉ះពាល់លិចផ្ទះបងប្អូនរបស់យើងហ្នឹងគឺចំនួន៣៥ខ្នង ប៉ុន្តែការលិចលង់ផ្ទះហ្នឹងគឺយើងបានរៀបចំហើយ កាកបាទក្រហមបានចែកអំណោយដល់គ្រួសារដែលលិចផ្ទះហ្នឹងរួចហើយ ហើយស្រូវលិចហ្នឹងអាចមិនខូចខាតទាំងអស់ទេ យើងប៉ាន់ស្មានមើលទៅប្រហែលជាខូចខាត១ពាន់ហិកតារ ហើយដែលប៉ះពាល់ធ្ងន់គឺនៅឃុំត្នោតជុំតែម្ដង»។
ទោះបីជាយ៉ាងនេះក្តី មេឃុំត្នោតជុំ លោក ចាន់ ប៉ុក មានប្រសាសន៍ថា លោកបានប្រជុំក្រុមប្រឹក្សាឃុំរួចហើយក្នុងការរៀបចំគម្រោងស្នើទៅរាជរដ្ឋាភិបាលនិងកាកបាទក្រហមតាមរយៈអភិបាលស្រុកបារាយណ៍សុំជំនួយសង្គ្រោះបន្ទាន់រួមទាំងស្រូវពូជផងដែរដើម្បីជួយប្រជាពលរដ្ឋបន្ទាប់ពីទឹកជំនន់ស្រកទៅវិញនោះ។
គួរបញ្ជាក់ផងដែរថា ឃុំត្នោតជុំមានភូមិចំនួន៩ដែលភូមិទាំងអស់ត្រូវរងផលប៉ះពាល់។ ឃុំនេះមានប្រជាជនរស់នៅចំនួន១.៥៨៧គ្រួសារ គិតជាចំនួនមនុស្សគឺ៨.៧៤៧នាក់។ ៨៥%នៃប្រជាជនក្នុងឃុំប្រកបមុខរបរធ្វើស្រែ ឯ១៥%ទៀតប្រកបមុខរបរឡើងត្នោតនិងលក់ដូរបន្តិចបន្តួច។ ជាមួយគ្នានឹងការបំផ្លាញផលដំណាំស្ទើរទាំងស្រុងរបស់អ្នកស្រុកនៅក្នុងភូមិនិងក្តីបារម្ភអំពីគ្រោះទុរ្ភិក្សរបស់អ្នកស្រុកនៅឆ្នាំខាងមុខនេះ គេនៅមិនទាន់ឃើញមានវិធានការណាមួយច្បាស់លាស់របស់អាជ្ញាធរខ្មែរក្នុងការជួយទប់ស្កាត់ឬក៏ដោះស្រាយដល់អ្នកស្រុកនៅឡើយទេ៕
