ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក បានសម្ដែងសេចក្ដីព្រួយបារម្ភក្នុងខណៈដែលផ្ទះរបស់ពួកគាត់កំពុងតែត្រូវទឹកលិច ហើយថា ទឹកមិនទាន់ស្រកនៅឡើយ តែចេះតែឡើងទៅៗ នៅពេលមានភ្លៀងធ្លាក់ម្ដងៗ។
ប្រជាពលរដ្ឋទាំងនោះ មានការត្អូញត្អែរថា ពួកគាត់មានការពិបាកធ្វើដំណើរដោយជួលទូកនិងជិះពោង ហើយមានការពិបាកក្នុងការប្រកបមុខរបររកស៊ី ហើយក៏បានសម្ដែងសេចក្ដីខកចិត្តថា អជ្ញាធរមូលដ្ឋានមិនបានមកសួរសុខទុក្ខពួកគាត់ ដូចកាលពីមុនបោះឆ្នោតឡើយ។
ប្រជាពលរដ្ឋម្នាក់ បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានបានព្រងើយកន្តើយចំពោះពួកគាត់ នៅពេលដែលពួកគាត់កំពុងជួបការលំបាក ហើយថា អាជ្ញាធរមកយកចិត្តពួកគាត់តែនៅពេលមានការបោះឆ្នោតតែប៉ុណ្ណោះ ៖ «ប្រជាជនសួរដែរថា ហេតុអ្វីក៏ពេលដែលលិចទឹក បងម៉េចក៏អត់ចុះមកជួយមើលប្រជាជន? គាត់ថា លិចហើយមកមើលធ្វើអីទៀត។ អ៊ីចឹងពាក្យសម្ដីមួយម៉ាត់ហ្នឹង គឺសុំសរសើរគាត់ដែរ អរគុណគាត់ហើយដែលគាត់និយាយពាក្យហ្នឹង តែហេតុអីមុនបោះឆ្នោត គាត់មិននិយាយពាក្យហ្នឹងទៅ? ប្រជាជនសោកស្ដាយណាស់ អាណត្តិក្រោយនឹងបោះជូនគាត់ទៀត»។
ប្រជាពលរដ្ឋម្នាក់ទៀត បានបន្ថែមយ៉ាងដូច្នេះថា៖ «ទឹកលិចមិនចង់បន្ទោសអ្នកណាឡើយ ធម្មជាតិវាកើតមកវាពិតហើយ ប៉ុន្តែអ្នកដឹកនាំ ដូចយ៉ាងប្រធានភូមិ ចៅសង្កាត់ នាងខ្ញុំចង់ឲ្យគាត់មកមើលដល់កន្លែង សួរសុខទុក្ខខ្ញុំ តែគាត់អត់មានបានមកសួរមកនាំអីទេ។ ពួកខ្ញុំ ជាង ៨០គ្រួសារ រងគ្រោះទាំងអស់ ៩៣គ្រួសារ លិចលង់អស់រលីង។ គ្មានអ្នកណានៅមួយទេនៅក្នុងផ្ទះហ្នឹង ខ្ញុំមិនចង់និយាយទេ ប៉ុន្តែខ្ញុំឈឺចិត្តដោយអ្នកដឹកនាំមិនមកមើលហើយ បោះសម្ដីថា ងាប់ៗទៅ មិនចេះរកស៊ីហីទៅ និយាយពាក្យហ្នឹងខ្ញុំឈឺចាប់ណាស់ ខ្ញុំសព្វថ្ងៃរកស៊ី មានឲ្យអ្នកណាចិញ្ចឹម។ ប៉ុន្តែអ្នកឯងចង់បានប្រយោជន៍អី អ្នកឯងមករកខ្ញុំ ពេលអ្នកឯងមានប្រយោជន៍ហើយ អ្នកឯងមិនគិតខ្ញុំ»។
ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ស្រី ម៉ៅ បានសុំឲ្យអាជ្ញាធរធ្វើការរំដោះទឹកដែលកំពុងជនលិចធ្ងន់ធ្ងរក្នុងសង្កាត់ស្វាយប៉ាកនេះ ឲ្យបានកាន់តែឆាប់រហ័សដើម្បីឲ្យគាត់បានទៅរកស៊ី ដូចធម្មតា ៖ «ដូចគេមានប្ដីអី គេចេះតែរកស៊ីបានហើយ មានកូនធ្វើការងារ ខ្ញុំមានអីកូនដល់ទៅ ៤នាក់ឯណោះ ហើយខ្លួនឯងមេម៉ាយទៀតសព្វថ្ងៃហ្នឹង មានរកស៊ីអី។ មុខរបរយើងរកស៊ីសព្វថ្ងៃ យើងដឹងតែចំណេញហើយ ហើយដល់ទឹកលិចអ៊ីចឹងមានផ្ទះ មានកន្លែងណាជ្រក ខ្យល់មកនាំគ្នាអង្គុយឱបក្បាលកូន ៤-៥នាក់ទាំងអស់គ្នាហ្នឹង បានស្អី ដល់ពេលអ៊ីចឹងទៅ ចេះតែធ្ងន់ធ្ងរខ្លាំងឡើង...»។
ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ បានអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ជួយដល់ពួកគាត់ក្នុងការរំដោះទឹកឲ្យបានឆាប់ ផ្ដល់ថ្នាំនិងស្បៀងអាហារដល់ពួកគាត់ ហើយថា កូនចៅរបស់ពួកគាត់ មិនអាចទៅរៀនសូត្របានឡើយ នៅពេលដែលវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ ត្រូវទឹកលិចលង់ មិនអាចឲ្យសិស្សចូលទៅរៀនបាននោះ ៖ «មានវិទ្យាល័យមួយដែរដាក់ថា ជាស៊ីម ចម្រើនរដ្ឋ តែឥឡូវនេះមិនមែន ជា ស៊ីម ចម្រើនរដ្ឋទេ គឺជាស៊ីមលិចទឹក សូម្បីតែសិស្សនៅក្នុងសាលាក៏អត់មករៀនដែរ តើរដ្ឋគិតយ៉ាងណា?»។
សិស្សវិទ្យាល័យ ជា ស៊ីម ចម្រើនរដ្ឋ ម្នាក់ បានឲ្យដឹងថា សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវផ្លាស់ទៅរៀននៅសាលាបឋមសិក្សាចម្រើនរដ្ឋ បណ្ដោះអាសន្នសិន ហើយថាសិស្សថ្នាក់ទី៧ ទី៨ ទី១០ និងទី១១ មិនមានកន្លែងរៀនសូត្រឡើយ ហើយបានសម្ដែងសេចក្ដីព្រួយបារម្ភចំពោះការសិក្សា បន្ទាប់ពីសាលារបស់ខ្លួនបានលិចលង់ ហើយមិនអាចចូលរៀនបាន ៖ «ស្នើសុំឲ្យសម្ដេច ជា ស៊ីម គាត់ជួយមើល សាលាលិចទឹកអ៊ីចឹងហើយបានអីរៀន បើគាត់អត់ជួយបូមទឹកចេញពីសាលា។ បានរៀនតែថ្នាក់ទី៩ ទី១០ ទី១២ ចុះទី៧ ទី៨ ទី១០, ១១ អត់បានរៀនផងហ្នឹង អ៊ីចឹងចង់ឲ្យគាត់ជួយបូមទឹកចេញពីសាលាឲ្យអស់។ ជារឿងអាម៉ាស់សម្រាប់គាត់ដែរ សាលាឈ្មោះគាត់ គាត់អត់យកចិត្តទុកដាក់មើលថែអ៊ីចឹង ឲ្យលិចក៏លិច»។
ប្រជាពលរដ្ឋរស់នៅភូមិស្វាយប៉ាក បាននិយាយថា ការលិចលង់ខ្លាំងនៅក្នុងតំបន់របស់គាត់ ក៏ដោយសារតែមានការបូមទឹកពីបឹងកក់ទម្លាក់តាមប្រឡាយធ្លាក់ទៅដល់ភូមិរបស់ពួកគាត់។
ឆ្លើយតបទៅនឹងការទាមទាររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកលិចក្នុងសង្កាត់ស្វាយប៉ាក អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេស បានមានប្រសាសន៍ថា អាជ្ញាធរបានធ្វើការខួងលូ កាត់ផ្លូវជាតិលេខប្រាំ នៅក្នុងភូមិលូ សង្កាត់ស្វាយប៉ាក បានសម្រេចដើម្បីបង្ហូរទឹកចូលទៅក្នុងទន្លេសាប បន្ទាប់ពីធ្វើការខួងលូនោះ តាំងពីថ្ងៃទី២១ តុលា មកម្ល៉េះ។
លោក កូប ស្លេស មានប្រសាសន៍ថា ៖ «បានបើកហើយ មិនទាន់បាន ១០០% បានប្រហែលជា ៧០% ហើយអ៊ីចឹងយើងវាធូរទ្រូងមួយចំនួនធំហើយ។ ទឹកទំហំប៉ុណ្ណឹង តាមដែលយើងបើកបានប៉ុណ្ណេះ ខ្ញុំជឿថាមិនយូរទេ តែមេត្តាទេព្ដាកុំទម្លាក់ភ្លៀងច្រើនពេក»។
លោក កូប ស្លេស បានមានប្រសាសន៍ផងដែរថា អាជ្ញាធរធ្លាប់បានចុះមើលស្ថានភាពទឹកលិចម្ដងរួចមកហើយ ហើយថា បើតាមការរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន គេឃើញថា ប្រជាពលរដ្ឋទាំងនោះមិនមានបញ្ហាខ្វះខាតអ្វីឡើយ។
លោក កូប ស្លេស បានទទួលស្គាល់ថា ពិតជាមានការបូមទឹកនៅបឹងកក់ពិតមែន គឺដើម្បីកុំឲ្យលិចក្នុងទីក្រុងភ្នំពេញ ប៉ុន្តែថា ភាពធ្ងន់ធ្ងរនៃការលិចលង់នៅក្នុងខណ្ឌឫស្សីកែវ គឺដោយសារតែមានភ្លៀងធ្លាក់ច្រើននៅក្នុងរដូវវស្សា ហើយស្ថានីយបូមទឹកកប់ស្រូវ មិនទាន់បានសាងសង់រួច។ លោកបានបន្តថា បន្ទាប់ពីស្ថានីយបូមទឹកកប់ស្រូវ សាងសង់រួច ការប្រឈមមុខនឹងទឹកលិចលង់ក្នុងនិងជាយក្រុងភ្នំពេញ នឹងមានការធ្លាក់ចុះ។
លោក កូប ស្លេស មានប្រសាសន៍ថា ៖ «បើសិនជាគម្រោងយើងបើកទ្វារកប់ស្រូវផង គីឡូលេខ៩ផង មិនមានអីជាបញ្ហាទេ ប៉ុន្តែក្នុងលក្ខណៈថា យើងមើលមិនឃើញបញ្ហាការវិវឌ្ឍរបស់ធម្មជាតិហ្នឹង»។
លោក កូប ស្លេស បានឲ្យដឹងផងដែរថា សាលាក្រុងភ្នំពេញនឹងបញ្ជាឲ្យមន្ទីរសុខាភិបាលរាជធានីផ្ដល់ថ្នាំសង្កូវបន្ថែមទៀតដល់មន្ទីរពេទ្យក្នុងមូលដ្ឋាននៅក្នុងខណ្ឌនេះដើម្បីផ្ដល់ដល់ប្រជាពលរដ្ឋដែលអាចទទួលរងគ្រោះថ្នាក់សុខភាព ដោយសារទឹកជន់លិចនោះ។
លោកបានបន្តថា សាលាក្រុងនឹងចុះធ្វើការសិក្សាពីប្រជាពលរដ្ឋដែលជួបបញ្ហាជីវភាពនិងធ្វើការកសាងផ្លូវដែលខូចខាតឡើងវិញ។
ប្រធានកម្មវិធីលើកកម្ពស់សុខុមាលភាពទីក្រុងភ្នំពេញ លោកវេជ្ជបណ្ឌិត ឆូវ គង់ផល្លី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងតែស្ថិតក្នុងស្ថានភាពទឹកលិចទាំងនោះ អាចនឹងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដែលបណ្ដាលមកពីការហូបចុក បរិស្ថានមិនល្អ ដែលបណ្ដាលឲ្យមានជំងឺសើស្បែក ជំងឺផ្លូវដង្ហើម និងជំងឺផ្លូវអាហារជាដើម។
គួរជម្រាបថា ខណ្ឌឫស្សីកែវ កំពុងតែទទួលរងការលិចលង់អស់រយៈពេលជាងពីរខែមកហើយ ហើយប្រជាពលរដ្ឋមួយចំនួនត្រូវធ្វើដំណើរតាមទូក ហើយមួយចំនួនត្រូវមករស់នៅក្នុងតង់ដោយសារផ្ទះរបស់ពួកគាត់ត្រូវបានលិចលង់៕
