ទឹក​ជំនន់​នៅ​ស្រុក​៤​នៃ​ខែត្រ​ព្រះវិហារ​ស្រក​ចុះ​ខ្លះ​ហើយ

ទឹក​ជំនន់​ដែល​លិច​ស្រុក​ចំនួន​៤​នៃ​ខេត្ត​ព្រះវិហារ​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ត្រូវ​អាជ្ញាធរ​អះអាង​ថា កំពុង​ស្រក​ចុះ​នៅ​ស្រុក​ខ្លះ​ដែល​បណ្ដាល​ឲ្យ​សន្ទូង​និង​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ទទួល​រង​ការខូចខាត។

0:00 / 0:00

អភិបាល​ស្រុក​ត្បែងមានជ័យ លោក តូច វង្ស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​តុលា ថា ទឹក​ជំនន់​បាន​ស្រក​ចុះ​នៅ​ក្នុង​ភូមិសាស្រ្ដ​ស្រុក​របស់​លោក ក៏ប៉ុន្តែ​បាន​បំផ្លាញ​សន្ទូង​របស់​ប្រជាពលរដ្ឋ​ជាង​១៤០​ហិកតារ និង​បំផ្លាញ​ដំណាំ​នៅ​ក្នុង​ចម្ការ​ប្រមាណ​១៦​ហិកតារ​ផ្សេង​ទៀត។

លោក តូច វង្ស បាន​ឲ្យ​ដឹង​ថា ៖ «ទឹក​ស្រក​ហើយ បណ្ដោះអាសន្ន​វា​ប្រហែល​១៤៣​ហិកតារ​កន្លះ និង​ចម្ការ​១៦​ហិកតារ ផ្ទះ​សម្បែង​អត់​មាន​អី​ទេ​ធម្មតា»

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្រ្តី​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ​នៅ​មិន​ទាន់​បាន​បង្ហាញ​តួលេខ​ការខូចខាត​ពី​ស្រុក​ទាំង​៤​ដែល​រង​ទឹក​ជំនន់​បាន​នៅ​ឡើយ​ទេ ដោយសារតែ​ស្រុក​ខ្លះ​ទឹក​មិន​ទាន់​ស្រក​ចុះ​ដល់​កម្រិត​ត្រួត​ពិនិត្យ​បាន។

ប្រធាន​ការិយាល័យ​ក្សេត្រ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ លោក កូវ ប៊ុណ្ណា បាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា​មាន​កុមារ​ម្នាក់​នៅ​ស្រុក​ត្បែងមានជ័យ​បាន​ស្លាប់​ដោយសារ​លក់​ទឹក ចំណែក​ស្រូវ​សន្ទូង​ដែល​នឹង​រង​ការខូចខាត លោក​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ​ដោយសារ​ស្រុក​ខ្លះ​ទឹក​មិន​ទាន់​ស្រក​អស់។

លោក កូវ ប៊ុណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «ក្មេង​ម្នាក់​លង់​ទឹក​ស្លាប់​នៅ​ស្រុក​ត្បែងមានជ័យ ទីរួមខេត្ត។ លិច​សរុប​១៣២០​ហិកតារ ប៉ុន្តែ​ឥឡូវ​៦១៧​ហិកតារ​នៅ​ខាង​គូលែន​ស្រក​ផុត​ទៅ​ហើយ ហើយ​អត់​មាន​ការខូចខាត​អី​ទេ ប៉ុន្តែ​នៅ​ទទួល​ព័ត៌មាន​មិន​ទាន់​បាន​ពី​ស្រុក​ជ័យសែន ជាំក្សាន្ត ហើយ​ត្បែងមានជ័យ ព្រោះ​ទឹក​មិន​ទាន់​ស្រក​ផុត អត់​ទាន់​ដឹង​ផល​ខូចខាត​ប៉ុន្មាន​ទេ»

ចំណែក​អនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ លោក យឹម សុងកន បាន​មាន​ប្រសាសន៍​ថា បន្ទាប់ពី​មាន​ទឹក​ជំនន់​មក នៅ​ស្ទើរតែ​គ្រប់​ស្រុក​ជំងឺ​រាក​បាន​កើន​ឡើង ក៏ប៉ុន្តែ​តួលេខ​មិន​មាន​កម្រិត​ខ្ពស់​ឆ្ងាយ​ជាង​ធម្មតា​ប៉ុន្មាន​ទេ។ ហើយ​ភ្នាក់ងារ​សុខាភិបាល​កំពុង​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការព្យាបាល។

លោក យឹម សុងកន បាន​បញ្ជាក់​ថា ៖ «ជំងឺ​រាក​តាម​មណ្ឌល រាយការណ៍​រាល់​អាទិត្យ​មក វា​គ្រាន់តែ​មាន​កើន​ជាង​ចំនួន​ធម្មតា​តិចតួច ប្រហែល​ជា​ក្នុង​ខ្ទង់ ១%។ យើង​បាន​ត្រៀម​ហើយ​នៅ​តាម​មណ្ឌល បើសិន​ជា​សភាពការណ៍​ទប់​អត់​ជាប់​ទេ យើង​នឹង​អន្តរាគមន៍​ពី​ខេត្ត​មក​ទៀត»

តាម​ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​ព្រះវិហារ លោក ជា មុន្នីវិសិដ្ឋ បាន​មាន​ប្រសាសន៍​ថា ទឹក​ជំនន់​ដែល​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តាម​ដងស្ទឹង​មាន​កម្ពស់​១,៧០​ម៉ែត្រ​បាន​ថយចុះ​មក​នៅ​កម្ពស់​លើ​មាត់​ស្ទឹង​ប្រហែល​ជា​០,៨០​ម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ជា មុន្នីវិសិដ្ឋ បាន​ឲ្យ​ដឹង​ថា ៖ «ទឹក​មក​វា​ស្រក​រហូត ឥឡូវ​ហ្នឹង​ទឹក​ហួស​នៅ​មាត់​ស្ទឹង​យើង វា​ស្រក​ប្រហែល​ជា​៨​តឹក​ទៀត​ទេ»

មន្រ្តី​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​មក ទឹក​ជំនន់​បណ្ដាល​មក​ពី​ភ្លៀង​ខ្លាំង​បាន​ជន់​លិច​ស្រុក​ចំនួន​៤ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត ស្រុក​ជ័យសែន និង​ស្រុក​គូលែន៕