មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ថា ក្រៅពីមានមនុស្សស្លាប់ ៦នាក់ ជំនន់ទឹកភ្លៀងពីប្រទេសថៃ ក៏បានជន់លិចប៉ះពាល់ដំណាំស្រូវជាង ៤ម៉ឺនហិកតារ ក្នុងក្រុង-ស្រុកចំនួន៧ របស់ខេត្តបន្ទាយមានជ័យ និងប៉ះពាល់ដំឡូងមី ជាង ២ម៉ឺនហិកតារ ហើយមានប្រជាពលរដ្ឋចំនួនជាង ៣ពាន់គ្រួសារ បានរំដោះទៅកាន់ទីទួលសុវត្ថិភាព។
លោក អ៊ុក កែវរតនៈ៖ «ស្រក ប៉ុន្តែវានៅចាល់នៅក្រុងសិរីសោភ័ណ ហើយនិងមង្គលបុរី។ ទឹកហូរទៅដែរ ប៉ុន្តែវាហូរអត់ទាន់ ហូរយឺត ព្រោះប្រភពទឹកហ្នឹង វាបុកមកខ្លាំងទៅ។ យើងមានស្ទឹងតែពីរខ្សែ បីខ្សែ។ ដូច្នេះ ទឹកស្ទឹង វាត្រូវហូរទៅទន្លេ។ ស្ទឹងវាចាល់ទៅហៀរចូលផ្ទះប្រជាពលរដ្ឋ។ ឥឡូវវាស្រកបណ្ដើរៗ ប៉ុន្តែដូចមិនទុកចិត្តប៉ុន្មាន ព្រោះមេឃដូចទាបៗ ម្សិលមិញក៏ភ្លៀង»។
លោកបានបញ្ជាក់ថា ទឹកជំនន់ដោយសារទឹកភ្លៀង ហូរចាក់មកពីខេត្តស្រះកែវ ប្រទេសថៃ បានជន់លិចក្រុង-ស្រុកទាំង៧ ក្នុងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១៥ មកទល់ថ្ងៃទី២៨ ខែកញ្ញា នេះ មានការស្រកចុះទៅវិញបន្តិច ប៉ុន្តែក្រុមអាជ្ញាធរនៅតែមានការព្រួយបារម្ភ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះមេឃនៅតែបន្តធ្លាក់ភ្លៀងស្ទើររាល់ថ្ងៃ។
ខេត្តបន្ទាយមានជ័យ បានរងគ្រោះខ្លាំងជាងគេ ដោយសារតែគ្រោះទឹកជំនន់បួនឆ្នាំជាប់គ្នា ជន់លិចមកពីប្រទេសថៃ។ ស្ថានភាពទឹកជំនន់បានហូរលិចក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី។ ទឹកភ្លៀង បានជន់លិចផ្លូវថ្នល់ជាច្រើនខ្សែ រហូតដល់ជាង ៤ម៉ឺនម៉ែត្រ ខូចខាត ៣ពាន់ម៉ែត្រ សាលារៀន ១១៨ខ្នង និងលំនៅឋានប្រជាពលរដ្ឋជាង ៦ពាន់ខ្នងរងការជន់លិច។
លោក អ៊ុក កែវរតនៈ៖ «ខេត្តបន្ទាយមានជ័យ មើលទៅ ៤ឆ្នាំហើយ រងការជន់លិចទឹក ២០០៩ ២០១០ ២០១១ និងឆ្នាំ២០១២ ប៉ុន្តែយើងសំណាងដែរ ទឹកជន់លិចអាចស្រកចុះវិញភ្លាម ប៉ុន្តែឥឡូវនេះ អ្នកដែលលិចមុនគេ ប៉ោយប៉ែត អូរជ្រៅ គេទៅវិញអស់ហើយ ទៅផ្ទះវិញអស់ នៅសល់អ្នកសិរីសោភ័ណ ជាង ៣០០គ្រួសារ »។
រយៈពេលជាច្រើនឆ្នាំកន្លងមក ខេត្តបន្ទាយមានជ័យ មិនធ្លាប់រងគ្រោះទឹកជំនន់ទេ ទើបតែរយៈពេល ៤ឆ្នាំជាប់គ្នានេះ ទឹកភ្លៀងបានជន់លិចរាល់ឆ្នាំ។ ជំនន់ទឹកភ្លៀងពីប្រទេសថៃ លិចខេត្តបន្ទាយមានជ័យ បានជំរុញឲ្យក្រុមអាជ្ញាធរខេត្ត អំពាវនាវទៅសហគមន៍អឺរ៉ុប អង្គការនានា ជួយផ្ដល់ស្បៀងអាហារ ទីជម្រកស្នាក់នៅ និងថ្នាំសង្កូវ សម្រាប់ព្យាបាលជំងឺផ្សេងៗដល់ប្រជាពលរដ្ឋជាអ្នករងគ្រោះដោយសារទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។