វិធានការ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ទឹក​ជំនន់

គ្រោះ​ទឹក​ជំនន់ បាន​កើត​មាន​ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​តែង​តែ​ចេញ​ផ្សាយ​សេចក្តី​ណែនាំ និង​វិធានការ​នានា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​អំពី​វិធី​ការពារ​គ្រោះ​ទឹក​ជំនន់។
ដោយ ទេព សុរ៉ាវី
2012-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទឹក​ជំនន់305
ទឹក​ជំនន់​នៅ​ខេត្ត​ព្រៃវែង កាល​ពី​ខែ​សីហា ឆ្នាំ​២០០២។
AFP PHOTO

ក្រៅ​ពី​ការ​ណែនាំ​របស់​ស្ថាប័ន​ថ្នាក់​ជាតិ អ្នក​ជំនាញ​នៃ​ស្ថាប័ន​ឯកជន​នានា ក៏​បាន​ចូល​រួម​ផ្សព្វផ្សាយ​របៀប​ការពារ​ទឹក​ជំនន់​នោះ​ដែរ។ នៅ​ក្នុង​ក្រុមហ៊ុន​កំពត​ស៊ីម៉ងត៍ មាន​បង្កើត​គណៈកម្មាធិការ​មួយ​ឈ្មោះ​គណៈកម្មាធិការ​សុវត្ថិភាព របស់​ក្រុមហ៊ុន ដើម្បី​ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ជួយ​ពន្យល់​កម្មករ និង​ប្រជាពលរដ្ឋ ឲ្យ​ចេះ​របៀប​ការពារ​នៅ​ពេល​កើត​មាន​ទឹក​ជំនន់​នៅ​កម្ពុជា ទាំង​មុន​កើត​ទឹក​ជំនន់ ពេល​កំពុង​កើត​ទឹក​ជំនន់ និង​ទាំង​ក្រោយ​ទឹក​ជំនន់​ស្រក​រួច។

តើ​វិធានការ​ប្រុង​ប្រយ័ត្ន និង​ការពារ​ទឹក​ជំនន់​ទាំង​នោះ​មាន​អ្វី​ខ្លះ?

ដោយ​មិន​មាន​ការ​បង្ការ​ទុក​ជា​មុន ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​មួយ​ចំនួន ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ និង​ខ្លះ​ទៀត​មាន​ជំងឺ​អាសន្នរោគ​ជាដើម។

ក្នុង​របាយការណ៍​កម្រាស់ ១២ទំព័រ​ជា​ភាសា​ខ្មែរ របស់​គណៈកម្មាធិការ​សុវត្ថិភាព ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​កំពត​ស៊ីម៉ងត៍ បាន​ចេញ​ផ្សាយ​កាល​សប្ដាហ៍​មុន បាន​បង្ហាញ​ពី​របៀប​ត្រៀម​ខ្លួន និង​អនុវត្ត​នៅ​ពេល​ដែល​មាន​គ្រោះ​ទឹក​ជំនន់​កើត​ឡើង។ របាយការណ៍​ដែល​មាន​គំនូរ​តុក្កតា​សម្រាប់​ទាញ​អារម្មណ៍​អ្នក​មើល បាន​បែង​ចែក​ជា ៣ដំណាក់​កាល​នៃ​ការ​ត្រៀម​បង្ការ​ពេល​មាន​គ្រោះ​ទឹក​ជំនន់។ ទី១ គឺ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​ខ្លួន​មុន​ពេល​កើត​ទឹក​ជំនន់ ទី២ ពេល​កំពុង​កើត និង​ទី៣ ក្រោយ​ពី​កើត​ទឹក​ជំនន់​រួច។

លោក ពិន រ៉ាវុធ មន្ត្រី​សុវត្ថិភាព និង​ជា​លេខា​គណៈកម្មាធិការ​សុវត្ថិភាព ដែល​ចង​ក្រង​របាយការណ៍​នេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​រងគ្រោះ និង​មិន​ទាន់​រងគ្រោះ​ដោយ​ទឹក​ជំនន់ អាច​ស្វែង​យល់​បន្ថែម​ពី​ការ​ត្រៀម​បង្ការ​ពេល​មាន​គ្រោះ​ទឹក​ជំនន់​បាន ដោយ​អនុវត្ត​វិធី​ងាយៗ ដែល​បាន​ណែនាំ​ក្នុង​របាយការណ៍​នោះ។ ម្យ៉ាង​វិញ​ទៀត ប្រជាពលរដ្ឋ​អាច​ទប់ស្កាត់​ជំងឺ​រាតត្បាត​ផ្សេងៗ ដូច​ជា​ជំងឺ​អាសន្នរោគ ដែល​កើត​ចេញ​ពី​ការ​ហូប​មិន​ស្អាត​ពេល​មាន​គ្រោះ​ទឹក​ជំនន់​នោះ៖ «និយាយ​ឲ្យ​ចំ​ទៅ គឺ​រោគ​រាតត្បាត​ភាគ​ច្រើន។ អ៊ីចឹង បើ​គាត់​អាន​សៀវភៅ​ហ្នឹង​ទៅ គាត់​អាច​យល់​ថា​រោគ​រាតត្បាត​ហ្នឹង យើង​ត្រូវ​ការពារ​យ៉ាង​ម៉េច ក្រោយ​គ្រោះ​ទឹក​ជំនន់។ ទី១ យើង​ត្រូវ​សំអាត​បរិស្ថាន​ជុំវិញ​ខ្លួន​យើង។ ទី២ ទឹក​យើង​ត្រូវ​ការ​ដាំ​ឲ្យ​បាន​ស្អាត​អី​អ៊ីចឹង»

ក្នុង​របាយការណ៍​បង្ហាញ​ថា នៅ​ពេល​ដំណាក់​កាល​ដំបូង គឺ​មុន​កើត​ទឹក​ជំនន់ ប្រជាពលរដ្ឋ​ត្រូវ​ស្តាប់​ការ​ដាស់​តឿន​ពី​ទឹក​ជំនន់ និង​តាម​ដាន​ព័ត៌មាន​ពី​មន្ត្រី​រាជការ​ប្រចាំ​ឃុំ ឬ​សង្កាត់។ ដឹក​មនុស្ស សត្វ ឬ​របស់​របរ​ប្រើប្រាស់ ទៅ​ទុក​ដាក់​នៅ​ទី​ទួល​សុវត្ថិភាព ដែល​បាន​រៀបចំ​រួច។ ត្រូវ​ធ្វើ​ទំនប់​ការពារ​ទឹក​ជំនន់ នៅ​ទី​ទួល​សុវត្ថិភាព និង​ត្រៀម​បាវ​ខ្សាច់ ឬ​ដី ដើម្បី​ដាក់​បន្ថែម​ឲ្យ​ផុត​ពី​ទឹក​ជំនន់។ ត្រៀម​ទូក ឬ​ពោង​ពោះវៀន​កង់​ឡាន ដើម្បី​ប្រើប្រាស់​ពេល​ទឹក​ជំនន់​រយៈពេល​យូរ។ ត្រៀម​អាហារ​ក្រៀម អាហារ​កំប៉ុង និង​ទឹក​ស្អាត​សម្រាប់​បរិភោគ ត្រៀម​ថ្នាំ​ការពារ​សត្វ​ពិស​ផ្សេងៗ​ខាំ ឬ​ទិច​ដូច​ជា​ខ្ទួយ ក្អែប។ល។ ត្រៀម​ចង្កៀង ពិល និង​ដែក​កេះ និង​ទៀន នៅ​ជិត​ខ្លួន ដើម្បី​យក​មក​ប្រើប្រាស់​ពេល​អគ្គិសនី​ត្រូវ​បាន​កាត់​ផ្តាច់ ជាពិសេស ស្តាប់​ព័ត៌មាន​ជា​ប្រចាំ ដើម្បី​អាច​ដឹង​ពី​ស្ថានភាព​ទឹក​ជំនន់ ដែល​អាច​មក​ដល់។

សម្រាប់​ដំណាក់​កាល​ទី២ គឺ​ពេល​កំពុង​កើត​មាន​ទឹក​ជំនន់ ប្រជាពលរដ្ឋ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​បាន​នឹងន ក្នុង​ការ​សម្រេច​ចិត្ត ដើម្បី​ឲ្យ​រួច​ផុត​ពី​គ្រោះ​ទឹក​ជំនន់ ដោយ​សាក​សួរ​ព័ត៌មាន​ពី​ផ្នែក​ព្យាករណ៍​ឧតុនិយម។ ត្រូវ​កាត់​ផ្តាច់​ចរន្ត​ភ្លើង និង​បិទ​ហ្គាស៍​ដាំ​បាយ ឲ្យ​បាន​រួច​រាល់​ដើម្បី​សុវត្ថិភាព ត្រូវ​ស្នាក់​នៅ​ក្នុង​អគារ​ដែល​រឹងមាំ និង​ខ្ពស់​ផុត​ពី​កម្ពស់​ទឹក​ជំនន់ ដែល​ធ្លាប់​ជន់​លិច ធ្វើ​ឲ្យ​រាងកាយ​ឲ្យ​មាន​កម្ដៅ​ជា​ប្រចាំ ដោយ​ការ​អាំង​ភ្លើង និង​ហាម​បើកបរ​យាន​ជំនិះ​គ្រប់​ប្រភេទ​ចូល​ទៅ​ក្នុង​ទឹក​ដែល​កំពុង​ហូរ។ ហាម​លេង​ទឹក ឬ​ហែល​ទឹក​នៅ​ពេល​មាន​គ្រោះ​ទឹក​ជំនន់។ ប្រយ័ត្ន​សត្វ​មាន​ពិស ទិច ខាំ ឬ​រោល ដូចជា ពស់ ខ្យាដំរី ក្អែប ពេល​វា​គេច​ពី​ទឹក​ជំនន់​មក​លើ​ដំបូល​ផ្ទះ។ តាម​ដាន​ការ​ប្រកាស​របស់​ឧតុនិយម ជាពិសេស នៅ​ពេល​ទឹក​ជំនន់​មក​ដល់ សូម​គិត​ពី​សុវត្ថិភាព​អាយុ​ជីវិត កុំ​គិត​តែ​ពី​ទ្រព្យសម្បត្តិ​ក្រៅ​ខ្លួន។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ ធ្លាប់​ប្រាប់​ថា ពេល​ជំនន់​ទឹក​ភ្លៀង​ភ្លាមៗ នៅ​ខេត្ត​បន្ទាយមានជ័យ មាន​អ្នក​ភូមិ​មួយ​ចំនួន​នៅ​តែ​ក្រាញ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដែល​ជន់​លិច​ខ្លាំង និង​មិន​ព្រម​ផ្លាស់​ទៅ​ទី​ទួល​មាន​សុវត្ថិភាព​នោះ​ទេ ព្រោះ​នឹក​ស្ដាយ​ទ្រព្យសម្បត្តិ​មួយ​ចំនួន ដោយ​មិន​គិត​ពី​អាយុ​ជីវិត តែ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សមត្ថកិច្ច៖ «ពេល​ខ្លះ គាត់​ក្រាញ​នៅ​ក្នុង​ផ្ទះ​គាត់។ មាន​ផ្ទះ​មួយ​ជាក់​ស្ដែង ផ្ទះ​គាត់​លក់​ឥវ៉ាន់​ធំ​ផង នៅ​ចំ​ពី​មុខ​ទឹក​ធំ​ផង ទឹក​បុក​ហូរ​ពី​មុខ​ដូច​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​អ៊ីចឹង ស្ទើរ​តែ​រលំ​ផ្ទះ»

ដំណាក់​កាល​ទី៣ ក្នុង​របាយការណ៍​ត្រៀម​ខ្លួន និង​គ្រោះ​ភយន្តរាយ បាន​លើក​ពី​ចំណុច​ដែល​អ្នក​ភូមិ​ត្រូវ​អនុវត្ត​ក្រោយ​ពី​ទឹក​ជំនន់​ស្រក​រួច។ នៅ​ពេល​ទឹក​ស្រក​មក​ជា​ធម្មតា​វិញ ការ​ជួស​ជុល​ចាប់​ផ្ដើម​ភ្លាមៗ រួម​មាន​រុះរើ ជួស​ជុល​អ្វី​ដែល​បាក់​បែក និង​រៀបចំ​ទុក​ដាក់​ជួស​ជុល​ផ្ទះ​ផ្លូវ និង​ទី​សាធារណៈ​ឲ្យ​មក​នៅ​សភាព​ដូច​ដើម​វិញ។ ក្រោយ​ពី​ទឹក​ជំនន់ តែង​មាន​សត្វ​ងាប់​ជាច្រើន ហើយ​អ្នក​ភូមិ​ត្រូវ​រៀបចំ​កប់​ឲ្យ​បាន​លឿន។ រីឯ​សត្វ​នៅ​រស់ ប្រញាប់​ឲ្យ​អាហារ និង​បញ្ជូន​ទៅ​ម្ចាស់​ដើម​វិញ។

លោក ពិន រ៉ាវុធ មន្ត្រី​សុវត្ថិភាព និង​ជា​លេខា​គណៈកម្មាធិការ​សុវត្ថិភាព ដែល​ធ្លាប់​រៀន​ស្ដីពី​គ្រោះ​ភយន្តរាយ នៅ​ប្រទេស​ថៃ អំពី​គ្រោះ​ទឹក​ជំនន់ គ្រោះ​ខ្យល់​ព្យុះ និង​គ្រោះ​អគ្គិភ័យ លោក​បន្ត​ថា លោក​ចង់​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការ​ត្រៀម​ខ្លួន​នៅ​ពេល​មាន​គ្រោះ​ភយន្តរាយ ឬ​មហន្តរាយ​ដល់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា មាន​អ្នក​ភូមិ​ខ្លះ​ដែល​ជួប​គ្រោះ​ថ្នាក់​ជំនន់​រាល់​ឆ្នាំ មិន​បាន​ដឹង​ពី​ព័ត៌មាន​ស្ដីពី​ទឹក​ជំនន់​នោះ​ទេ។ ការ​មិន​ដឹង និង​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន​នេះ​ហើយ ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​នឹង​បាត់​បង់​ទ្រព្យសម្បត្តិ ផ្ទះ​សម្បែង និង​ពេល​ខ្លះ​គ្រោះ​ដល់​អាយុ​ជីវិត។ ហើយ​ថា ប្រសិន​អ្នក​ភូមិ​បាន​ដឹង​ពី​របៀប​ត្រៀម​ខ្លួន​នឹង​ទឹក​ជំនន់​នោះ គ្រោះ​ថ្នាក់​ទាំង​នោះ​អាច​នឹង​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​ខ្លះ៖ «នៅ​ថា ពេល​ដែល​គាត់​ទទួល​បាន​ព័ត៌មាន បាន​ថា​ក្រសួង​ឧតុនិយម​គាត់​ប្រកាស​មក​អ៊ីចឹង បាន​ន័យ​ថា យើង​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់ ហើយ​ស្វះ​ស្វែង​រក​ទី​ទួល​សុវត្ថិភាព​មុន»

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ថ្លែង​ថា ការ​ចេញ​របាយការណ៍​ណែនាំ​របស់​គណៈកម្មាធិការ​សុវត្ថិភាព មិន​មែន​អ្វី​ខុស​ប្លែក​ពី​ជំហរ​របស់​រដ្ឋាភិបាល​ដែល​មាន​ស្រាប់​នោះ​ទេ។ លោក​បន្ត​ថា ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​ចេញ​ផែនការ​ថ្នាក់​ជាតិ កាល​ពី​ថ្ងៃ​ទី២ ខែ​ឧសភា សម្រាប់​ត្រៀម​បង្ការ​គ្រោះ​ទឹក​ជំនន់ ទាំង​មុន​ពេល​ទឹក​ជំនន់ កំពុង​គ្រោះ​ទឹក​ជំនន់ និង​ក្រោយ​ពេល​គ្រោះ​ទឹក​ជំនន់៖ «គ្រប់​គ្នា​មិន​ថា​នៅ​ថ្នាក់​ជាតិ​ទេ ថ្នាក់​គ្រួសារ​ក៏​ត្រូវ​យល់​ដែរ។ អង្គការ​ឈរ​ជើង​នៅ​កន្លែង​មួយៗ​ហ្នឹង ត្រូវ​ដឹង​ដែរ ហើយ​ក្រោយ​ពេល​ហានិភ័យ​កើត​ឡើង ចង់​និយាយ​ថា ការ​ស្ដារ​ឡើង​វិញ ត្រូវ​តែ​មាន​ផែនការ​ស្ដារ​ឡើង​វិញ​មាន​គ្រប់​រូបភាព​ទាំង​អស់ ទាំង​បង្កបង្កើន​ផល ទាំង​សុខភាព​ប្រជាជន ទាំង​ទឹក​ស្អាត ទាំង​អនាម័យ​គ្រប់​បែប​យ៉ាង»

លោក ញឹម វណ្ណដា បញ្ជាក់​ថា ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​បន្ទាយមានជ័យ ចាប់​ផ្ដើម​ស្រក និង​អ្នក​ភូមិ​ជាង ៤ពាន់​នាក់ ដែល​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព កំពុង​វិល​ត្រឡប់​ទៅ​លំនៅឋាន​របស់​ខ្លួន​ជា​បណ្ដើរៗ ក្នុង​នោះ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហាញ​ថា មាន​មនុស្ស ៤នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង រីឯ​ទឹក​ជំនន់​ទឹក​ទន្លេ​មេគង្គ មិន​ទាន់​ជា​បញ្ហា​ចោទ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។