ដោយមានការលំបាកក្នុងការរស់នៅនិងការធ្វើដំណើរ ប្រជាពលរដ្ឋរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ជាពិសេសអ្នកដែលរស់នៅតាមដងផ្លូវលេខ ១៩៨៦ ដែលកំពុងតែរងនូវការខូចខាត ហើយដែលពិបាកនឹងធ្វើដំណើរឆ្លងកាត់នោះ បានសំដែងនូវក្ដីកង្វល់ និងស្នើសុំឲ្យមានការបំភ្លឺពីសំណាក់មន្ត្រីដែលពាក់ព័ន្ធ ថាតើនឹងមានវិធានការយ៉ាងណាចំពោះបញ្ហានេះ ។
ស្ត្រីម្នាក់ជាមួយនឹងកូនប្រុសវ័យជំទង់ម្នាក់ផង ដែលកំពុងតែឈរមើលទឹកហូរកាត់ផ្លូវនៅពីមុខផ្ទះរបស់គាត់ និងដើម្បីជួយផ្ដល់ដំណឹងដល់អ្នកធ្វើដំណើរដើម្បីកុំឲ្យពួកគាត់ធ្លាក់រណ្ដៅជ្រៅផងនោះ បានរៀបរាប់អំពីការលំបាកដោយសារផ្លូវដែលខូចនិងការដែលមានទឹកជំនន់លិចភូមិ ៖ «អំពាវនាវដល់រដ្ឋាភិបាលដោះស្រាយធ្វើ ដើម្បីឲ្យយើងធ្វើដំណើរទាំងអស់គ្នា កុំឲ្យឃើញពិបាកពេក ពិបាកទាំងខ្ញុំ ពិបាកទាំងគេហើយ និយាយឲ្យត្រង់តែម្ដង ។ អាណិតពួកនិស្សិតៗ ធ្លាក់ម៉ូតូ ថ្ងៃហ្នឹងគ្រាន់ហើយ ពូមកឃើញមិនអី ដល់ពេលរាល់ថ្ងៃនេះ កន្លែងនេះទឹកលិច» ។
ស្ត្រីម្នាក់ទៀតដែលរស់នៅក្នុងភូមិភ្នំពេញថ្មីដែរ អ្នកស្រី ស៊ូ សុខុម បានឲ្យដឹងថា រូបគាត់ក៏ដូចជាក្រុមគ្រួសាររបស់គាត់ជួបការលំបាកដោយសារតែទឹកលិចផ្ទះសម្បែង ៖ «លិចចូលក្នុងផ្ទះត្រឹមៗជង្គង់ កល់ឥដ្ឋ កល់គ្រែដេក លិចអីវ៉ាន់ខូចខាតទៀត ។ រាល់តែឆ្នាំផ្ទះខ្ញុំ តាំងពី ១៩៧៩ លិចរហូត អត់ដែលស្រកទេ ។ សូមរដ្ឋាភិបាលជួយដោះស្រាយបារលូ បារប្រឡាយហ្នឹងទៅ ឥឡូវប្រជាជនងាប់អស់ហើយ ខ្ញុំវេទនាណាស់ ទឹកស៊ីជើងរលួយរលេះអស់ហើយ ទៅរកស៊ីអីក៏អត់កើតដែរ បើទឹកលិចផ្ទះ បើទៅកូនលង់ទឹកងាប់អស់ហើយ ។ ហើយមានលុយឯណាចាក់ដី លិចរាល់តែឆ្នាំ រកមកបានបន្តិចៗ ជឿគេមកចាក់ដីលិចទៀតដដែល» ។

មេភូមិភ្នំពេញថ្មី អ្នកស្រី ចន្ទ ម៉ារី បានមានប្រសាសន៍រៀបរាប់ពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាការលំបាករបស់អ្នកស្រីចំពោះការទទួលខុសត្រូវក្នុងឋានៈជាមេភូមិ ជាក់ស្ដែងពេលនេះអ្នកស្រីព្រមទាំងសហការីកំពុងតែមមាញឹកក្នុងការស្វែងរកប្រាក់ និងជំនួយតាមរយៈការអំពាវនាវដល់សប្បុរសជន និងការធ្វើបុណ្យដាក់វេនប្រមូលបច្ច័យដើម្បីយកទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលក្រីក្របំផុត ។
អ្នកស្រី ចន្ទ ម៉ារី មានប្រសាសន៍ដូច្នេះ ៖ «ប្រជាពលរដ្ឋជេរតែភូមិ ជេរតែសង្កាត់ ហើយបើប្រឡាយអូរអាគុច ទ្រង់ទ្រាយធំម្លឹងៗ ប្រព័ន្ធមេ ហើយឲ្យថ្នាក់ភូមិមានសមត្ថភាពឯណា ថ្នាក់ចៅសង្កាត់មានសមត្ថភាពឯណា មានតែថ្នាក់អភិបាលខណ្ឌ ពិគ្រោះជាមួយអភិបាលក្រុង និងគិតគូរ ។ ដូចឃើញស្រាប់ ផ្ទះលិចទឹកដល់ក្នុង ហើយសម្រាកអត់បានទេ នាំគ្នាមកចេញបាំងនៅខាងក្រៅ ហ្នឹងទឹកស្រកផង នៅក្នុងផ្ទះអ៊ីចឹង ។ អ៊ីចឹងបានខ្ញុំជម្រាបហើយថា មួយចំនៀរខាងត្បូងផ្លូវនេះប្រជាជនរងគ្រោះ ៤០៧គ្រួសារ មួយចំនៀរខាងជើងផ្លូវ ១១៦គ្រួសារ គឺរងគ្រោះខ្លាំងជាងគេ សង្កាត់ភ្នំពេញថ្មី ហើយក៏ភូមិភ្នំពេញថ្មីដែរដែលរងគ្រោះ ។ ហើយខ្ញុំមានការពិបាកណាស់» ។
ចៅសង្កាត់រងសង្កាត់ភ្នំពេញថ្មី លោក គង់ សំបូរ បានមានប្រសាសន៍ថា អាជ្ញាធរសង្កាត់បានព្យាយាមខ្នះខ្នែងជួយប្រជាពលរដ្ឋអស់ពីលទ្ធភាពហើយ ហើយពេលនេះក្ដីសង្ឃឹមគឺមានតែការរង់ចាំនូវដំណោះស្រាយពីសំណាក់អាជ្ញាធរថ្នាក់លើតែប៉ុណ្ណោះ ។
អភិបាលរងខណ្ឌឫស្សីកែវ លោក កូប ស្លេះ បានមានប្រសាសន៍ថា អាជ្ញាធរខណ្ឌឫស្សីកែវ ក៏ដូចជាអាជ្ញាធរក្រុងភ្នំពេញ បាននិងកំពុងតែគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិភ្នំពេញថ្មី តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការកសាងប្រព័ន្ធប្រឡាយដើម្បីរំដោះទឹកជំនន់ និងការសាងសង់ផ្លូវថ្នល់នៅភូមិភ្នំពេញថ្មី តែដោយរដូវនេះជារដូវភ្លៀង សកម្មភាពសាងសង់បានជួបការលំបាក ។
លោក កូប ស្លេះ មានប្រសាសន៍ដូច្នេះ ៖ «...វាអាស្រ័យទៅលើលទ្ធភាពរបស់យើងដែរ ទន្ទឹមនឹងធម្មជាតិ ។ យើងដឹងហើយថា ការបង្ហូរទឹកភ្លៀងវាច្រើនហួសពេក ហើយណាមួយទឹកហ្នឹង វាមិនមែននៅត្រឹមយើងឫស្សីកែវទេ គឺបង្ហូរតាំងពីដង្កោមក ។ អ៊ីចឹងកម្រិតការបញ្ចេញរបស់យើង ស្ថានីយយើង យើងបូមអស់លទ្ធភាពមានតែ ៧គ្រឿង» ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក ញ៉ែម សារ៉ន បានមានប្រសាសន៍ថា មន្ទីរបាននិងកំពុងតែដោះស្រាយជាបណ្ដើរៗនូវបញ្ហាប្រឡាយបង្ហូរទឹក ។ ចំណែកឯបញ្ហាផ្លូវដែលខូច លោកបានឲ្យដឹងថា មន្ទីរបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីជួសជុលផ្លូវនៅក្រោយរដូវភ្លៀង ។ ជាមួយគ្នានេះដែរ លោកក៏បានចោទជាសំណួរដល់ប្រជាពលរដ្ឋចំពោះការចាក់ដីលុបប្រឡាយ ។
លោក ញ៉ែម សារ៉ន មានប្រសាសន៍ថា ៖ «ចាំតែរាំងគេចាប់ធ្វើហើយ គម្រោងគេធ្វើហើយតើ! បើកំពុងតែភ្លៀងអ៊ីចឹង គាត់ដឹងដែរតើ! ទៅធ្វើទាំងភ្លៀងកើត? ថ្មយកទៅចាក់ចោល ភ្លៀងមកលិចទឹក ។ បងប្អូននៅហ្នឹងត្រូវសួរគាត់វិញ គាត់លុបប្រឡាយអីទាំងអស់ លិចផ្លូវលិចអីអស់រលីងហ្នឹង យ៉ាងម៉េច?» ។
អនុប្រធាននាយកដ្ឋានគ្រឿងចក្រធំៗនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក កង ភីរិទ្ធ បានមានប្រសាសន៍ពន្យល់តាមលក្ខណៈបច្ចេកទេសអំពីបញ្ហាផ្លូវដែលតម្រូវឲ្យមានការថែទាំជាចាំបាច់ ៖ «ធម្មតាផ្លូវជាតិក៏ដោយ ផ្លូវខេត្តក៏ដោយ ផ្លូវក្រុងក៏ដោយ គឺសំខាន់ណាស់ប្រឡាយទឹកហ្នឹងតែម្ដង បង្ហូរទឹកហ្នឹង ។ ផ្លូវប្រភេទអី សូម្បីតែបេតុង អាមេ ...ក៏ដោយ កាលណាទឹកហ្នឹង គឺខូចហើយ ។ ហើយផ្លូវហ្នឹងគឺសត្រូវធំបំផុត គឺទឹក ហើយនិងដីឥដ្ឋ» ។
តាមប្រសាសន៍របស់មេភូមិភ្នំពេញថ្មី អ្នកស្រី ចន្ទ ម៉ារី បានឲ្យដឹងថា ភូមិភ្នំពេញថ្មីលាតសន្ធឹងលើផ្ទៃដីទំហំ ១១៧ហិកតារ និងមានប្រជាពលរដ្ឋសរុបចំនួន ៦៩៥គ្រួសារ ស្មើនឹង ៣,៨៦៨ នាក់ ។
ទាក់ទិននឹងបញ្ហាផ្លូវដែលខូច អ្នកភូមិភ្នំពេញថ្មី ក៏ដូចជាមន្ត្រីជំនាញបានស្ដីបន្ទោសទៅលើការខ្វះការថែទាំ និងការសាងសង់ដោយពុំបានគិតគូរដល់ប្រព័ន្ធបង្ហូរទឹកឲ្យបានត្រឹមត្រូវ ដែលបន្ទាប់ពីការសាងសង់រយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ផ្លូវលេខ ១៩៨៦ បានវិលទៅរកសភាពដើមវិញ ។ ឯមន្ត្រីអាជ្ញាធរព្រមទាំងមន្ត្រីដែលពាក់ព័ន្ធបានដាក់ការស្ដីបន្ទោសទៅលើសំណង់អនាធិបតេយ្យ និងការចាក់ដីលុបប្រឡាយនៅតំបន់អភិវឌ្ឍន៍ភ្នំពេញថ្មី ។
គេនៅចាំបានថា កាលពីដើមឆ្មាំ ២០០៦ អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀតបានបើកការដ្ឋានសាងសង់ផ្លូវលេខ ១៩៨៦ តភ្ជាប់ពីផ្លូវលេខ ៥៩៨ (ផ្លូវទំនប់ទួលគោកត្រង់ម្ដុំត្រឡោកបែក) ឆ្ពោះទៅផ្លូវ ១៩១៩ ហៅផ្លូវហាណូយ ត្រង់ម្ដុំផ្សារដីហុយ ។
យោងតាមសេចក្ដីប្រកាសរបស់សាលាក្រុងភ្នំពេញ ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូននៅគ្រានោះបានឲ្យដឹងថា គម្រោងសាងសង់ផ្លូវលេខ ១៩៨៦ ដែលមានប្រវែង ១,៨៨៤ម៉ែត្រ ត្រូវបានអនុវត្តក្រោមថវិកាកម្ចីពីធនាគារពិភពលោក ក្នុងតម្លៃជាទឹកប្រាក់ចំនួន ៤៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ ការសាងសង់ត្រូវបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ ២០០៦ ហើយផ្លូវលេខ ១៩៨៦ ក៏ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ចាប់តាំងពីពេលនោះមកដែរ ។ លុះមកដល់ដើមរដូវវស្សានាឆ្នាំ ២០០៨ នេះ ផ្លូវលេខ ១៩៨៦ ក៏បានទទួលរងនូវការខូចខាតដោយដាច់ជាកំណាត់ៗហើយបង្កើតឲ្យមានជារណ្ដៅធំៗជាច្រើនកន្លែង ៕
