មេភូមិពុទ្រា ឃុំត្រពាំងជោរ លោក កង ខុន ជនជាតិភាគតិចសួយ មានប្រសាសន៍ថា ជិត១ខែហើយ សត្វគោមានជំងឺដំបៅជើងនិងរលាកអណ្តាត ទាំងគោតូច ទាំងគោធំ។
លោកថា ជំងឺនោះបានឆ្លងពីសត្វគោ១ ទៅសត្វគោ១ រហូតមកដល់ពេលនេះ វាបានសម្លាប់សត្វគោងាប់អស់២ក្បាល។ គ្រួសារគាត់ ងាប់មេគោ ១ក្បាលដែរ ដោយសារជំងឺដំបៅជើង និងដំបៅមាត់នេះ ៖ «ឈឺទាំងអស់ ទាំងកូនទាំងមេ គោខ្ញុំ។ ហៀរសំបោរ ហៀរទឹកមាត់... ២ថ្ងៃងាប់បាត់»។
ជនជាតិសួយភូមិពុទ្រាដែរ អ្នកស្រី រី ថា ឲ្យដឹងថា ២ខែមុន មន្រ្តីពេទ្យសត្វរដ្ឋ បានចុះចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់។ ប៉ុន្តែនៅពេលគោមានជំងឺជើងនិងមាត់ ជិត១ខែមកនេះ មិនទាន់មានមន្រ្តីពេទ្យសត្វរដ្ឋ មកចាក់ថ្នាំការពារទេ។ ម្ចាស់គោបានព្យាបាលគោជាមួយនឹងថ្នាំខ្មែរមិនជា បានរត់រកពេទ្យសត្វឯកជនចាក់ថ្នាំព្យាបាល។ ប៉ុន្តែតម្លៃឈ្នួលថ្លៃខ្ពស់ជាងពេទ្យរដ្ឋ ៖ «ចាក់ហើយហ្នឹង ចាក់ថ្នាំស្កាត់ ប៉ុន្តែអត់ត្រូវ»។
ជនជាតិភាគតិចសួយ លោក ឡឹក ភឹម អះអាងថា សត្វគោនៅសហគមន៍ជនជាតិសួយ មានភូមិពុទ្រា ភូមិកោដូនតី ភូមិតានីល ឃុំត្រពាំងជោរ កំពុងកើតជំងឺឈឺជើងនិងដំបៅមាត់ ជិត១ខែ នាំឲ្យអ្នកស្រុក មិនអាចធ្វើស្រែបាន ខណៈទឹកភ្លៀងកំពុងតែធ្លាក់ល្អ ហើយក៏បាត់ចំណូលពីរបរដឹកអុសគ្រាក់ពីព្រៃមកលក់ទិញអង្ករ ក្នុងពេលដែលកំពុងដាច់ស្បៀងនាំឲ្យមានអ្នកទទួលទានមើមក្តួចជាអាហារ ៖ «អុតក្ដាម អុតជ្រូកសាមញ្ញអ៊ីចឹង ពិបាកណាស់ ពិបាកទប់ស្កាត់។ ថ្នាំខ្មែរចេះតែដាក់ខ្លះទៅ អានេះ អានោះខ្លះទៅ។ ចាក់ថ្នាំគោមួយម្ជុល ៥ពាន់រៀល តែមួយឈុត ៣ម៉ឺនរៀល»។
មេឃុំត្រពាំងជោរ លោក ទេព ណែម មានប្រសាសន៍ថា សត្វគោមានជំងឺអុតក្តាម កំពុងរាលដាលក្នុងឃុំនេះ ពីភូមិ១ទៅភូមិ១។ លោកបានរាយការណ៍ទៅមន្រ្តីកសិកម្ម ប៉ុន្តែមិនទាន់មានមន្រ្តីពេទ្យសត្វរដ្ឋចុះចាក់ថ្នាំជួយការពារជំងឺនោះ ជូនអ្នកស្រុក នៅឡើយទេ។
លោក ទេព ណែម មានប្រសាសន៍ថា ៖ «ពេលដែលចាក់ហើយ គោហ្នឹងមាននៅតែឈឺជាបន្តបន្ទាប់។ យើងក៏បានស្នើគាត់មក ជួនកាលក៏គាត់បានមក ជួនកាលក៏គាត់មិនបានមក អានេះមិនដឹងជាបញ្ហាអីទេ ប៉ុន្តែជាផែនការរដ្ឋាភិបាលយើងតែងតែឲ្យចុះជារៀងរាល់ឆ្នាំ»។
ចំណែកមន្រ្តីអនុប្រធានការិយាល័យកសិកម្មស្រុកឱរ៉ាល់ លោក ណែម វណ្ណ មានប្រសាសន៍ថា ក្រោយពីភ្លៀងបានធ្លាក់ជោកជាំ បន្ទាប់ពីភាពរាំងស្ងួត ជំងឺបូសខ្យល់និងអុតក្តាម បានកើតលើសត្វពាហនៈនៅក្នុងស្រុកឱរ៉ាល់។ លោកថា មន្ទីរនិងការិយាល័យកសិកម្មស្រុកបានចុះចាក់ថ្នាំការពារ។ ប៉ុន្តែជំងឺដំបៅជើងនិងដំបៅមាត់សត្វគោ ដែលកំពុងរាលដាលថ្មីនេះ មិនកាចសាហាវទេ វាអាចបាត់ទៅវិញ ៖ «គ្រាន់តែជំងឺហ្នឹងវាមិនធ្ងន់ធ្ងរ ទាល់តែម្ចាស់គាត់ហ្នឹងចូលរួមសហការជាមួយនឹងយើង»។
ទោះជាយ៉ាងណា មានសត្វគោតូចធំ ក្នុងភូមិទាំង២៣ នៃឃុំត្រពាំងជោរ កើតជំងឺដំបៅជើងនិងមាត់ និងមានដង្កូវចោះចោលក្លិនស្អុយ ស្ទើរគ្រប់ក្រោលគោ៕
