ក៏ប៉ុន្តែថា អ្នកសេដ្ឋកិច្ចថ្លែងបន្តថា សេដ្ឋកិច្ចកម្ពុជាអាចនឹងប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរនៅពេលដែលមានអតិផរណាកើតឡើង ឬក៏ត្រូវយាយីពីវិបត្តិហិរញ្ញវត្ថុអន្តរជាតិ។
សាស្ត្រាចារ្យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងសេដ្ឋកិច្ច គឺលោកសាស្ត្រាចារ្យ ហ៊ួត ពុំ មានប្រសាសន៍ថា ខណៈដែលកម្ពុជាកំពុងធ្វើឲ្យមានស្ថិរភាពសេដ្ឋកិច្ចនោះ គឺវត្តមាននៃរូបិយប័ណ្ណបរទេសក្នុងកាលៈទេសៈនេះ គឺជាចំណុចល្អមួយក្នុងមធ្យោបាយទូទាត់។
លោកសាស្ត្រាចារ្យ ហួត ពុំ មានប្រសាសន៍ដូច្នេះថា ៖ «មធ្យោបាយទូទាត់យើងមើលថា តើអ្នកណាគេត្រូវការអាហ្នឹងខ្លះ? ហើយមនុស្សទាំងអស់គេត្រូវការអាហ្នឹង អ៊ីចឹងវាជាមធ្យោបាយមួយទូទាត់ ហើយវាងាយជាងគេ អ៊ីចឹងគេទទួលលុយហ្នឹងទៅ។ នៅតាមព្រំដែនទាំងអស់ ជាពិសេសទំនាក់ទំនងខាងពាណិជ្ជកម្ម ឬសកម្មភាពសេដ្ឋកិច្ច យើងប្រើលុយបាតតែម្ដង ហើយកន្លែងហ្នុងស្ទើរតែលុយដុល្លារអត់ចង់យកទៀត។ គឺលុយបាត និងលុយខ្មែរហ្នឹងឯង អ៊ីចឹងទៅវាតាមតម្រូវការជាក់ស្ដែង។ ហើយបើយើងគិតរឿងថាខាតហ្នឹង គឺខាតលក្ខណៈជានយោបាយ ជាសង្គមអី ប៉ុន្តែលក្ខណៈសេដ្ឋកិច្ច វាអត់ខាតទេ ចំណេញវិញ ពីព្រោះធម្មតារបស់ដែលគេសម្រាប់ទូទាត់ របស់ដែលគេចូលចិត្ត គេនិយមជាង គេយកអាហ្នឹងទៅមានប្រយោជន៍ហើយ ទាំងអ្នកទទួលលុយ អ្នកទូទាត់ឲ្យគេក៏ងាយដែរ»។
ក៏ប៉ុន្តែលោកសាស្ត្រាចារ្យ ហ៊ួត ពុំ បានថ្លែងថា រូបិយប័ណ្ណនិងសេដ្ឋកិច្ចកម្ពុជា អាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ នៅគ្រាដែលអតិផរណាកើតឡើង ៖ «បញ្ហាគឺយើងអាស្រ័យលើគេទាំងស្រុង ហើយជួនកាលរបស់យើងត្រូវចំណេញ ប៉ុន្តែដោយសារអតិផរណាឡើង យើងប្ដូរមកលុយយើងវិញ យើងខាតតែម្ដង អាហ្នឹងជាចំណុចមួយធំដែរ ដែលលើកនៅក្នុងការដែលយើងចាយលុយបរទេស ដែលប្រើពាក្យថា Monetary substitution ដែលចាយលុយគេហ្នឹងឯង ហើយយើងខាត ខាតអាហ្នឹងមួយធ្ងន់ដែរ នៅពេលដែលអត់មានស្ថិរភាព»។
អ្នកសេដ្ឋកិច្ចបានថ្លែងថា អ្នកជំនួញមិនទុកចិត្តអំពីតម្លៃនិងស្ថិរភាពនៃប្រាក់រៀលខ្មែរ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ រហូតមកទល់បច្ចុប្បន្ននេះ នៅតាមតំបន់ព្រំដែនជាប់ប្រទេសថៃ អាជីវករ ឬអ្នកជំនួញបានប្រើប្រាក់បាតថៃ។ ចំណែកឯនៅតាមតំបន់ព្រំដែនជាប់ប្រទេសវៀតណាម គេប្រើប្រាក់ដុងរបស់វៀតណាម ស្របនឹងប្រាក់រៀលរបស់ខ្មែរ។
អ្នកសេដ្ឋកិច្ចមួយរូប គឺលោកស្រី គីន ណាតាស្យា ដែលជាចាងហ្វាងទស្សនាវដ្តីសេដ្ឋកិច្ច មានប្រសាសន៍បន្ថែមអំពីលំហូរចូលនិងការចរាចរណ៍ប្រាក់បរទេសនៅប្រទេសកម្ពុជាយ៉ាងដូច្នេះថា ៖ «មួយដោយសារលុយដុល្លារហ្នឹងវាហូរចូលច្រើន តាំងពីអ៊ុនតាក់មក ហើយមួយទៀតដោយសារគេឃើញថា អ្នកវិនិយោគ វាមានសម្ពាធខ្លាំង ខាងអ្នកវិនិយោគដើម្បីប្រើលុយដុល្លារ ដោយសារវាស្រួលខាងអ្នកវិនិយោគបរទេសអ៊ីចឹង។ ហើយអ្នកសេដ្ឋកិច្ចក៏គេថាអ៊ីចឹងដែរ ក្នុងពេលដែលយើងប្រើលុយដុល្លារ ពេលហ្នឹងធ្វើឲ្យការងាយស្រួលធ្វើការរកស៊ី លក់ដូរអ៊ីចឹង»។
សេដ្ឋកិច្ចកម្ពុជា ដែលរួមមានទាំងវិស័យទេសចរណ៍ វិស័យសំណង់ និងវិស័យកាត់ដេរសម្លៀកបំពាក់នោះ ត្រូវគេមើលឃើញថា ពឹងអាស្រ័យលើការវិនិយោគពីបរទេសនិងប្រើការទូទាត់ជាប្រាក់ដុល្លារសហរដ្ឋអាមេរិក។
ថ្មីនេះៗ បណ្តាប្រទេសនៅអាស៊ីមួយចំនួនបានត្រៀមខ្លួនទប់លំនឹងសេដ្ឋកិច្ចរបស់ខ្លួន ស្របពេលដែលវិបត្តិសេដ្ឋកិច្ចពិភពលោកកំពុងបន្តកើតមាននោះ។ ស្ថាប័នរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF ក៏បានប្រកាសនាពេលថ្មីៗនេះដែរថា នៅឆ្នាំ២០០៩ ប្រាក់ដុល្លារអាមេរិក ប្រាក់យូរ៉ូ និងប្រាក់យ៉េនរបស់ជប៉ុន នឹងធ្លាក់ចុះជាកំហុគ ដែលនេះគឺជាវិបត្តិហិរញ្ញវត្ថុពិភពលោកថ្មីមួយដែលកើតមាននៅ ៥០ឆ្នាំចុងក្រោយនេះ។
មន្ត្រីធនាគារជាតិមិនអាចទាក់ទងបានដើម្បីបញ្ជាក់អំពីផែនការទប់ទល់វិបត្តិហិរញ្ញវត្ថុពិភពលោកនោះនៅឡើយទេ។
លោកស្រី គីន ណាតាស្យា ចាងហ្វាងទស្សនាវដ្តីសេដ្ឋកិច្ចមានប្រសាសន៍ថា ធនាគារជាតិរបស់ខ្មែរអាចលំបាកក្នុងករណីខាងលើនេះ ដោយសារតែធនាគារជាតិមិនអាចធ្វើអន្តរាគមន៍ណាមួយ លើការធ្លាក់ចុះនៃប្រាក់ដុល្លារ ឬប្រាក់បរទេសដែលកំពុងចរាចរណ៍ក្នុងប្រទេសកម្ពុជានោះឡើយ។
លោកស្រី គីន ណាតាស្យា មានប្រសាសន៍ថា ៖ «ធម្មតា ឧទាហរណ៍មានអតិផរណា ដែលមានទំនិញឡើងថ្លៃ ធនាគារកណ្ដាលអាចធ្វើអន្តរាគមន៍ដើម្បីទប់ស្កាត់អាហ្នឹង ដូចជាគេបោះពុម្ពលុយខ្មែរអីអ៊ីចឹង។ ប៉ុន្តែបើសិនជានៅក្នុងស្រុកខ្មែរយើង យើងប្រើលុយទាំង២ លុយខ្មែរនិងលុយដុល្លារ គឺធនាគារកណ្ដាលមិនអាចប៉ះពាល់លុយដុល្លារទេ»។
ក៏ប៉ុន្តែ លោកបណ្ឌិតសេដ្ឋកិច្ច កង ច័ន្ទតារារដ្ឋ មានប្រសាសន៍ថា វិបត្តិនោះគឺមិនធ្វើឲ្យប៉ះពាល់ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចកម្ពុជានោះទេ ៖ «លុយរៀលយើងវាអត់មានតួនាទីអី ឬក៏ទម្ងន់អីខ្លាំងទៀតទេ នៅក្នុងសេដ្ឋកិច្ចនៅក្នុងការប្រើប្រាស់សម្រាប់ធ្វើហិរញ្ញប្បទាននៅក្នុងចរន្តសេដ្ឋកិច្ច។ អ៊ីចឹងនៅពេលដែលទោះបីអតិផរណាឡើងខ្ពស់ក៏ដោយ ប៉ះពាល់ត្រឹមតែដុល្លារ ហើយប្រជាជនយើងវាមានកម្រិតណាស់ ដែលថានៅពេលដែលដុល្លារប្រែប្រួលតម្លៃ នាំគ្នាបកយកមកគិតលុយរៀលវិញ ខ្ញុំជឿថា យើងអត់ទាន់ដល់ពេលហ្នឹងទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកសេដ្ឋកិច្ចខ្មែរបានថ្លែងស្របគ្នាថា វិធានការដែលធ្វើឲ្យមានការជឿទុកចិត្តលើប្រាក់រៀលវិញនោះ គឺកម្ពុជាអាចកាន់តែងាយស្រួលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងកំណត់អំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
លោកបណ្ឌិត កង ច័ន្ទតារារដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «បើសិនជាយើងមានលុយខ្លួនឯងសម្រាប់ចាយខ្លួនឯង ខ្ញុំចង់និយាយថាលុយខ្លួនឯងគឺជាលុយរៀល ដែលប្រជាជនមានទំនុកចិត្តវិញ បើសិនជាក្នុងករណីនោះវិញ គឺយើងមានឱកាសអភិវឌ្ឍបានច្រើន អ៊ីចឹងអាចកំណត់នូវកំណើន ហើយយើងអាចដឹងកម្លាំងរបស់យើងថាតើអាចចង់អភិវឌ្ឍអី ក្នុងកម្រិតប៉ុន្មានទៀតបាន យើងមិនអាស្រ័យទៅលើពិភពនៃដុល្លារ តាមរយៈការនាំចេញ ទេសចរណ៍ និងវិនិយោគទេ»។
សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយរបស់ធនាគារជាតិបានសរសេរថា ប្រទេសកម្ពុជាធ្លាប់រងផលប៉ះពាល់តិចតួចពីវិបត្តិហិរញ្ញវត្ថុអាស៊ីនាឆ្នាំ១៩៩៧។ ការគេចផុតពីហានិភ័យខ្ពស់នេះ គឺដោយសារចំណុចសំខាន់៣ ក្នុងនោះគឺប្រតិបត្តិការរបស់ធនាគារស្ទើរតែ១០០% បានប្រព្រឹត្តទៅជារូបិយប័ណ្ណ ហើយកម្ពុជាមានសេដ្ឋកិច្ចប្រាក់ដុល្លារខ្ពស់៕
