ក្រុមហ៊ុន​បរទេស​លក់​សាំង​នៅ​កម្ពុជា​យល់​ព្រម​បញ្ចុះ​តម្លៃ

ក្រុមហ៊ុន​លក់​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បញ្ចុះ​តម្លៃ​សាំង​បន្តិច​ហើយ ក្រោយ​សេចក្តី​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមហ៊ុន​ប្រេង​បរទេស​ពីរ គឺ​ក្រុមហ៊ុន​ប្រេង​តូតាល់ និង​ក្រុមហ៊ុន​ប្រេង​កាល់តិច បាន​បញ្ចុះ​តម្លៃ​ប្រេង ២០០​រៀល ក្នុង​មួយ​លីត្រ ដែល​ការ​បញ្ចុះ​តម្លៃ​ទាំង​ប្រេងសាំង​និង​ប្រេង​ម៉ាស៊ូត​នេះ​គឺ​ចាប់​អនុវត្ត​នៅ​ម៉ោង​១ រសៀល​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​នៅ​ថ្ងៃ​ច័ន្ទ គឺ​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ពី​បាន​យល់ព្រម​បញ្ចុះ​តម្លៃ​ប្រេង​ភ្លាមៗ ក្នុង​មួយ​លីត្រ ២០០​រៀល តប​តាម​ការ​ថ្លែង​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ។

យោង​តាម​តារាង​តម្លៃ​ប្រេង​នៅ​តាម​ស្ថានីយ​ប្រេង​កាល់តិច សូគីម៉ិច និង តេលា គឺ​ស្ថានីយ​ប្រេង​ចំនួន​៣ បាន​លក់​ប្រេង​ក្នុង​តម្លៃ​ស្មើ​គ្នា ដែល​ប្រេង​ម៉ាស៊ូត តម្លៃ ៣៦០០​រៀល​ក្នុង​មួយ​លីត្រ ប្រេង​សាំង​ធម្មតា​ក្នុង​មួយ​លីត្រ​តម្លៃ ៣៧០០​រៀល និង​ប្រេង​សាំង​ស៊ូពែ​ក្នុង​មួយ​លីត្រ​តម្លៃ ៣៨០០។ ក៏​ប៉ុន្តែ ស្ថានីយ​ប្រេង​តូតាល់ តម្លៃ​ប្រេង​ទាប​បំផុត​ក្នុង​មួយ​លីត្រ​គឺ ៣៦៥០​រៀល និង​ខ្ពស់​បំផុត​គឺ ៣៨៥០​រៀល គឺ​ថ្លៃ​ជាង​បណ្តា​ស្ថានីយ​ប្រេង​នានា​ចំនួន​៥០​រៀល​ក្នុង​មួយ​លីត្រ។

អ្នក​សេដ្ឋកិច្ច គឺ លោក ច័ន្ទ សុផល បាន​ថ្លែង​ថា ការ​ឡើង​ថ្លៃ​ប្រេង​កន្លង​មក បាន​នាំ​ឲ្យ​តម្លៃ​ទំនិញ​នានា​ឡើង​ថ្លៃ​តាម​ដែរ។ ក៏​ប៉ុន្តែ​នៅ​ពេល​នេះ តម្លៃ​ទំនិញ​និង​ចំណី​អាហារ​នៅ​កម្ពុជា នៅ​មិន​ទាន់​ចុះ​ថ្លៃ​នៅ​ឡើយ​ទេ៕