សកម្មជន​ការពារ​ព្រៃឈើ​បារម្ភ​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​មួយ​រូប នៅ​តំបន់​ភូមិ​ឈើស្លាប់​និង​ភូមិ​អូរទង ឃុំ​គោកខ្ពស់ ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​បង្ហាញ​កង្វល់​ថា ព្រៃ​ដែល​សហគមន៍​ការពារ​ជាង​១.៦០០​ហិកតារ​កំពុង​ប្រឈម​មុខ​នឹង​ការ​កាប់​បំផ្លាញ​ដោយ​ក្រុម​ឈ្មួញ​ដឹក​យក​ទៅ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់។

0:00 / 0:00

លោក លាវ លី ប្រធាន​សហគមន៍​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មករា ដោយ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ព្រៃ​ឈើ​សហគមន៍​របស់​លោក​កំពុង​ប្រឈម​មុខ​ទៅ​រក​ការ​បាត់បង់ ប្រសិន​បើ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​តឹង​រ៉ឹង​ជួយ​ការពារ​ទេ។

លោក លាវ លី បាន​មាន​ប្រសាសន៍​ទៀត​ថា បច្ចុប្បន្ន​ព្រៃ​សហគមន៍​កំពុង​ត្រូវ​បាន​ក្រុម​ឈ្មួញ​លួច​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​និង​មាន​ទាហាន​ខ្លះ​បាន​ចូល​រួម​ចំណែក​ក្នុង​សកម្មភាព​នោះ ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ពិបាក​ក្នុង​ការ​បង្ក្រាប។

លោក លាវ លី មាន​ប្រសាសន៍​ដូច្នេះ ៖ «ទាក់​ទង​នឹង​សកម្មភាព​បទ​ល្មើស​ព្រៃ​ឈើ​ហ្នឹង​វា​មាន​ច្រើន​រូប​ភាព។ ជន​មាន​អំណាច​ពី​ខាង​ក្រៅ​គាត់​លួច​នៅ​ពេល​យប់។ នេះ​យើង​ពិបាក។ តាម​ការ​រាយ​ការណ៍​ពី​ជន​ល្មើស​ដែល​ខ្ញុំ​បាន​សាកសួរ​ក្នុង​ការ​អារ​ហ្នឹង ទាហាន​នៅ​ហ្នឹង​បង់​ឲ្យ​គេ​១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ»

ទោះ​យ៉ាង​ណា​មន្ត្រី​ផ្នែក​និង​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​តំបន់​នោះ បាន​ឆ្លើយ​តប​ថា គេ​ពុំ​បាន​ដឹង​ថា មាន​បញ្ហា​ដូច្នោះ​កើត​ឡើង​ទេ។

លោក ខម ខែម នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​​ស្រុក​បន្ទាយអំពិល បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​ដឹង​អំពី​ព័ត៌មាន​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​ឆ្លល់​ថា ប្រសិន​បើ​មាន​បញ្ហា​កើត​ឡើង​ដូច្នោះ​មែន ហេតុ​អ្វី​ បាន​ជា​តំណាង​សហគមន៍​មិន​ប្រាប់​មក​មន្ត្រី​រដ្ឋាបាល​ព្រៃ​ឈើ​ឲ្យ​ជួយ​ចាត់​វិធានការ​បង្រ្កាប?

លោក ខម ខែម មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គាត់​រាយ​ការណ៍​មក​ទាន់​ពេល​វេលា​ខាង​ខ្ញុំ​នឹង​ចាត់​ការ​ហើយ បើ​ថា​ពាក់ព័ន្ធ​ខាង​ណា​ខាង​ណី ពួកខ្ញុំ​នឹង​សួរ​ទៅ​ថ្នាក់​ដឹកនាំ​លើ​ទៀត។ គាត់​រាយ​ការណ៍​មក​ខ្ញុំ​មក ខាង​ខ្ញុំ​នឹង​ចាត់ការ ប៉ុន្តែ​បើ​ជួនកាល​គាត់​ដឹង​ហើយ​គាត់​ព្រងើយ​កន្តើយ​ដែរ​អាហ្នឹង ខ្ញុំ​មិន​ដឹង​ទៅ​ធ្វើ​ម៉េច​ដែរ បើ​ខ្ញុំ​សមត្ថកិច្ច​យើង​នៅ​ឯ​ណេះ ហើយ​គាត់​នៅ​ក្បែរ​មូលដ្ឋាន​គាត់​មិន​រាយ​ការណ៍»

អ្នក​កាសែត​មួយ​ក្រុម​ដែល​កំពុង​តាម​ប្រមាញ់​រូបភាព​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ពេល​យប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខ្លះ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ទាហាន​ប្រដាប់​អាវុធ។

កាល​ពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០០៩ កន្លង​មក អ្នក​កាសែត​ក្នុង​ស្រុក​ចំនួន​១១​នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ ត្រូវ​កង​ទាហាន​ដែល​ការពារ​ឡាន​ដឹក​ឈើ​ឃាត់​ខ្លួន​ជាង​១​ម៉ោង ដោយ​ដក​ហូត​យក​ម៉ាស៊ីន​ថត​រូប​ផង​នៅ​ពេល​ដែល​ថត​យក​រូបភាព​ឡាន​ដឹក​ឈើ​នោះ៕