បណ្ដាញប្រជាសហគមន៍ការពារព្រៃឈើស្រុកស្នួល បានឲ្យដឹងថា ពួកគេរឹបអូសបានម៉ាស៊ីនអារឈើ ៨គ្រឿង ត្រាក់ទ័រ ១គ្រឿង និងរោងម៉ាស៊ីនកែច្នៃឈើចំនួន១ ដែលជនល្មើសលួចធ្វើសកម្មភាពក្នុងព្រៃជ្រៅ ព្រមទាំងសម្ភារៈច្រើនទៀត ដែលជនល្មើសប្រើជាមធ្យោបាយ សំរាប់កាប់បំផ្លាញព្រៃឈើ និងរុករានដីព្រៃក្នុងខេត្តក្រចេះ។
សកម្មភាពចុះបង្ក្រាបបទល្មើសព្រៃឈើរបស់ប្រជាសហគមន៍នៅស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២។
លោក សន ស៊ីយាន ជាតំណាងប្រជាពលរដ្ឋសហគមន៍ស្រុកស្នួល ខេត្តក្រចេះ។ លោកបានឲ្យដឹងថា ក្នុងយុទ្ធនាការលុកចូលព្រៃចាប់ពីថ្ងៃទី២១ ២៣ ខែកុម្ភៈ ក្រៅពីរឹបអូសសម្ភារៈល្មើស សហគមន៍ក៏បានឃាត់ខ្លួនអ្នកស៊ីឈ្នួលកាប់ឈើ និងរុករានដីឲ្យឈ្មួញបានចំនួន ១០នាក់ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពស៊ីឈ្នួលកាប់រុករានព្រៃឲ្យឈ្មួញតទៅទៀត។
លោកបញ្ជាក់ថា បទល្មើសកាប់បំផ្លាញព្រៃឈើ និងសកម្មភាពរុករានដីព្រៃពីសំណាក់អ្នកមានអំណាចនាខេត្តក្រចេះ មិនមានសញ្ញាថយចុះទេ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានវិធានការជាថ្មី ដើម្បីទប់ស្កាត់បទល្មើសទាំងនេះឲ្យមានប្រសិទ្ធភាព។
លោក សន ស៊ីយាន បន្ថែម៖ «សកម្មភាពបទល្មើសដែលសហគមន៍បានជួបផ្ទាល់ គឺកំពុងធ្វើសកម្មភាពកាប់អនាធិបតេយ្យ។ ឥឡូវសហគមន៍បានចាប់អ្នកកាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់កាប់ព្រៃតទៅទៀត»។
កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ សកម្មជនការពារព្រៃឈើជិត ១០០នាក់ មកពី ៥ឃុំ ក្នុងស្រុកស្នូល ខេត្តក្រចេះ បាននាំគ្នាចូលព្រៃក្នុងគោលបំណងទប់ស្កាត់បទល្មើសព្រៃឈើដោយខ្លួនឯង បន្ទាប់ពីពួកគេអស់ជំនឿទៅលើសកម្មភាពរបស់សមត្ថកិច្ចខេត្តក្រចេះ។
លោក ឈឹម សាវុធ ជាមន្ត្រីសម្របសម្រួលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោកបានឲ្យដឹងថា មានឈើរាប់សិបម៉ែត្រគូបត្រូវឈ្មួញកាប់ទុកក្នុងព្រៃ និងមានផ្ទៃដីព្រៃរុករានរាប់រយហិកតារ ត្រូវឈ្មួញកាប់ធ្វើចម្ការ។
លោកថ្លែងថា សមត្ថកិច្ចពាក់ព័ន្ធខេត្តក្រចេះ មិនគួរមិនហ៊ានទទួលស្គាល់ការពិតចំពោះបទល្មើសព្រៃឈើ និងសកម្មភាពរុករានដីព្រៃឈើកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួនទេ។
លោក ឈឹម សាវុធ៖ «តំបន់ហ្នឹងបច្ចុប្បន្នកំពុងតែមានការកាប់បំផ្លាញឈើយ៉ាងរង្គាល និងមានការដឹកចេញរាប់សិបឡានក្នុង ១យប់ៗ ទៅប្រទេសវៀតណាម ឆ្លងកាត់ព្រៃសហគមន៍ស្រុកស្នួល។ សុទ្ធតែជាប្រភេទឡានឱរ៉ាល់ ហើយជាប្រភេទឈើធ្នង់ដែលមានមុខកាត់ធំៗសុទ្ធតែជាអ្នកមានអំណាច។ ហើយឈើហ្នឹងមួយចំនួនធំដឹកមកពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដឹកវាងកាត់តាមស្រុកស្នួល ចូលទៅវៀតណាម។ មួយទៀតព្រៃសហគមន៍ស្រុកស្នួល កំពុងត្រូវរងការកាប់បំផ្លាញ ហើយម៉ាស៊ីនកាត់ឈើលាន់ឮពេញព្រៃ។ ប្រហែលជាព្រៃសហគមន៍ និងត្រូវវិនាសក្នុងពេលឆាប់ៗ ទើបសហគមន៍ត្រូវបើកយុទ្ធនាការទប់ស្កាត់ឡើង»។
លោកថាបទល្មើសព្រៃឈើ និងសកម្មភាពទន្ទ្រានដីព្រៃធ្វើចម្ការ ដែលកំពុងធ្វើសកម្មភាពនាមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ មានរូបភាពធ្ងន់ធ្ងរ។ ហើយថា អ្នកនៅពីក្រោយខ្នងបទល្មើស ភាគច្រើនជាមន្ត្រីមានឥទ្ធិពលកំពុងបម្រើការក្នុងស្ថាប័នយោធា ខេត្តក្រចេះ តែម្ដង។
លោក ឃឹម ម៉ុល ជាមន្ត្រីអង្គការអភិរក្សព្រៃឈើ ប្រចាំខេត្តក្រចេះ បានទទួលស្គាល់ថា បទល្មើសព្រៃឈើ និងសកម្មភាពរុករានដីព្រៃពីសំណាក់មន្ត្រីមានអំណាចនាមូលដ្ឋាននេះ មិនទាន់ថយចុះទេ ដោយសកម្មភាពនេះបន្តកើតមានរាល់ថ្ងៃ និងគ្មានការហាមឃាត់ទេ។
លោកបន្តថា សកម្មភាពនេះ ប្រសិនបើប្រមុខរដ្ឋាភិបាលមិនចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ ព្រៃឈើដែលមានសេសសល់នឹងបាត់បង់នាថ្ងៃអនាគត។
លោក ឃឹម ម៉ុល៖ «ស្ថាប័នពាក់ព័ន្ធទាំងអស់ឲ្យគាត់ចូលរួម និងផ្ដល់ឱកាសឲ្យដល់សហគមន៍ និងផ្នែកអភិរក្សធ្វើការបានទូលំទូលាយបន្តិច ព្រោះដូចសព្វថ្ងៃនេះនៅមានលក្ខណៈចង្អៀតចង្អល់នៅឡើយ»។
ទោះជាបែបនេះក្ដី មន្ត្រីពាក់ព័ន្ធរដ្ឋបាលព្រៃឈើក្រចេះ នៅថ្ងៃទី២៣ ខែកុម្ភៈ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបទល្មើសព្រៃឈើ ដែលពលរដ្ឋអះអាងថា កំពុងធ្វើសកម្មភាពក្នុងមូលដ្ឋាននេះទេ។ ប៉ុន្តែមន្ត្រីទាំងនោះបានយល់ព្រមទទួលយកសម្ភារៈរបស់ជនល្មើសដែលប្រជាសហគមន៍ប្រគល់ជូន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការវែករកមុខអ្នកនៅពីក្រោយខ្នងបទល្មើសមកផ្ដន្ទាទោស៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
សហភាពអឺរ៉ុបស្វាគមន៍ការផ្អាកផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាល
សង្គមស៊ីវិល៖ រដ្ឋាភិបាលផ្អាកផ្ដល់ដីសម្បទានជារឿងនយោបាយ
រដ្ឋាភិបាលគ្រោងដាក់តំបន់ព្រៃឡង់ជាតំបន់ព្រៃការពារ
សកម្មជនព្រៃឡង់ស្នើឲ្យនាយករដ្ឋមន្ត្រីលុបចោលកិច្ចសន្យាសម្បទានដី
ឈើមានតម្លៃក្នុងព្រៃសហគមន៍អភិរក្សខេត្តមណ្ឌលគិរី ត្រូវគេលួចកាប់
ប្រជាសហគមន៍ព្រៃឡង់និងសន្តិសុខការពារក្រុមហ៊ុនប៉ះទង្គិចគ្នា
កម្ពុជាគ្រោងរក្សាគម្របព្រៃអោយបាន៦០ភាគរយនៃផ្ទៃប្រទេស
សកម្មជនការពារព្រៃឡង់រកឃើញឈើរាប់ពាន់ម៉ែត្រត្រីគុណ
អាជ្ញាធរមូលដ្ឋាននៅរតនគិរីត្រូវបានចោទថាពាក់ព័ន្ធនឹងការកាប់រានដីព្រៃ
មតិ
Click here to add your own comment