មន្រ្តីក្រុមប្រឹក្សាឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី រាយការណ៏ថា សកម្មភាពកាប់ទន្រ្ទានព្រៃឈើដើម្បីហ៊ុមព័ទ្ធយកដីនៅតែបន្តកើតមាន ហើយមន្រ្តីថ្នាក់ភូមិនិងជំទប់ទី២ ក្រុមប្រឹក្សាឃុំ បានរងការគំរាមកំហែងប្រើប្រាស់អំណាចទឹកប្រាក់ចាប់ចងដាក់ពន្ធនាគារពីសំណាក់ឈ្មួញអ្នកមានប្រាក់ ដោយសារពួកគាត់រារាំងសកម្មភាពទន្រ្ទានយកដីនិងការកាប់បំផ្លាញព្រៃឈើនោះ ។
ជំទប់ទី២ ឃុំកិចុង លោក រចំ ភីន បញ្ជាក់ថា ឈ្មួញទិញដីឈ្មោះ សេង ពិសិដ្ធ បានធ្វើការគំរាមបែបនេះ បន្ទាប់ពីបានរំលោភបំពានតំបន់ព្រៃឈើដែលប្រជាសហគមន៏កំពុងអភិរក្សរាប់រយហិកតា ហើយកំពុងបន្តជួលកម្មករកាប់រានបន្ថែមទៀត បន្ទាប់ពីបានចំណាយប្រាក់ទៅឲ្យប្រជាសហគមន៏មួយចំនួន ឲ្យផ្តិតមេដៃប្រគល់ដី ក៏ប៉ុន្តែ មេភូមិនិងលោកបានរារាំង ៖ «គាត់រំលោភដីសហគមន៍ ហើយគំរាមដល់ក្រុមប្រឹក្សាឃុំ មេភូមិទៀត» ។
បើតាមសេចក្តីរាយការណ៏ពីមន្ត្រីឃ្លាំមើលការកាប់រានព្រៃឈើខុសច្បាប់នៃសមាគម អាដហុក ខេត្តរតនគិរី ឲ្យដឹងថា កាលពីឆ្នាំ២០០៦ ២០០៧ លោក សេង ពិសិដ្ឋ បានចូលទៅគ្រប់គ្រងដីប្រមាណ ៣០០ហិកតា ហើយនៅតំបន់ភូមិផ្អរ ដែលដីមួយចំណែកជាដីសមូហភាពរបស់ជនជាតិដើមភាគតិចនិងមួយចំណែកទៀតជាតំបន់ព្រៃឈើ ជាមួយនឹងការសុខចិត្តប្រគល់ប្រាក់ ៣៥០០ដុល្លារសម្រាប់ជាសំណងសម្រាប់សែនព្រេនបែបប្រពៃណីដោយសារបានរំលោភបំពានរុករានតំបន់ព្រៃឈើ ហើយបច្ចុប្បន្នបានទន្ទ្រានបន្ថែមប្រមាណ ១៤០ហិកតានៅតំបន់អូរឆ្វង ។
ឈ្មួញអ្នកទិញដី លោក សេង ពិសិដ្ឋ បានធ្វើការបដិសេធសេចក្តីចោទប្រកាន់ខាងលើដោយលោកអះអាងថា មិនបានដឹងរឿងនោះទេ ៖ «ខ្ញុំលែងរវីរវល់យូរហើយខាងហ្នឹងខ្ញុំអត់ដែលរវីរវល់ជាមួយទេ ការពិតខ្ញុំអត់មានដឹងសាច់រឿងហ្នឹងទាល់តែសោះតែម្ដង» ។
មេឃុំកិចុង លោក រចំ ឡៃ ធ្លាប់បានទទួលស្គាល់ថា ពិតជាមានការកាប់ទន្ទ្រានដីតំបន់ព្រៃឈើនៅទីនោះ ហើយលោកថា មិនអាចទប់ស្កាត់បានទេដោយសារប្រជាសហគមន៏គឺជាអ្នកលក់ដីទាំងនោះ ។
ទោះជាយ៉ាងនេះក្តី ព្រះរាជអាជ្ញាអមតុលាការខេត្តរតនគិរី លោក ម៉ី សាខន មានប្រសាសន៏បញ្ជាក់ថា លោកបានធ្វើការកោះហៅលោក សេង ពិសិដ្ឋ មកបំភ្លឺករណីនេះហើយ និងកំពុងរង់ចាំស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើផ្តល់របាយការណ៏បន្ថែមអំពីករណីនេះ ។
លោកថា ប្រសិនមានការគំរាមកំហែងពីសំណាក់ឈ្មួញទៀតនោះ សុំឲ្យដាក់ពាក្យបណ្តឹងមកស្ថាប័នលោកដើម្បីជាមូលដ្ឋានក្នុងការស៊ើបអង្កេត ៖ «ឥឡូវហៅគេសួរហើយ..... ហៅសួរហើយពាក់ព័ន្ធលើអ្នកឈូសឆាយ ហើយខ្ញុំចង់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើរាយការណ៍ឲ្យខ្ញុំជុំវិញករណីដែលគេចោទប៉ះពាល់លើព្រៃឈើហ្នឹង» ។
មន្រ្តីឃ្លាំមើលការកាប់បំផ្លាញព្រៃឈើសមាគម អាដហុក ខេត្តរតនគិរី លោក ប៉ែនប៊ុណ្ណារ៏ បញ្ជាក់ថា លោកមិនមានជំនឿលើរបាយការណ៏របស់មន្រ្តីព្រៃឈើមូលដ្ឋានទេ ហើយអំពាវនាវឲ្យមានការស៊ើបអង្កេតពីថ្នាក់ជាតិ ៖ «ឥឡូវគាត់ធ្វើការគំរាមទៅលើជំទប់ទីពីរឃុំកិចុងហ្នឹងឲ្យដកពាក្យបណ្ដឹង ហើយបើមិនដកពាក្យបណ្ដឹងទេ គាត់នឹងប្ដឹងដាក់គុក ។ នេះជាការគំរាមកំហែងមួយបង្កឲ្យមានភាពអនាធិបតេយ្យ» ។
នៅឯខេត្តរតនគិរីដោយសារបញ្ហាបាត់បង់ដីធ្លីនិងតំបន់ព្រៃឈើជនជាតិដើមភាគតិចប្រមាណ ១៥ក្រុមកំពុងត្រៀមស្នើសុំធ្វើបាតុកម្មទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយបញ្ហានាចុងខែឧសភាខាងមុខនេះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ការដឹកជញ្ជូនឈើកើតមាននៅរតនគិរី ខណៈដែលការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្ត
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម
សហគមន៍នៅក្រចេះប្ដឹងឲ្យអាជ្ញាធរយកជនល្មើសកាប់ព្រៃឈើទៅអប់រំ
នាយករដ្ឋមន្ត្រីព្រមានក្រុមហ៊ុនព្រៃសម្បទាន