ការកាប់បំផ្លាញព្រៃឈើដើម្បីរុករានយកដីជាច្រើនរយហិកតា កំពុងកើតមានយ៉ាងសម្បើមនៅតាមដងផ្លូវនៃស្រុករវៀងនិងស្រុកសង្គមថ្មីខេត្តព្រះវិហារ ដោយគេមិនឃើញមានការទប់ស្កាត់ពីក្រុមអាជ្ញាធរណាមួយទេ ។
ប្រជាពលរដ្ឋនៅខេត្តព្រះវិហារខ្លះ ដែលបានធ្វើដំណើរឆ្លងកាត់និងបានឃើញការកាប់បំផ្លាញដើមឈើទាំងនោះ បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ថា គេឃើញមានក្រុមមនុស្សស្លៀកពាក់ជាទាហានបានកាន់ម៉ាស៊ីនកាត់ឈើផ្តួលរំលំចោលរាប់រយដើមក្នុងមួយថ្ងៃៗ ដោយគ្មានស្តាយស្រណោះ ហើយគេបានដាក់ផ្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ឋិដី ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ព្រៃស្រោងដែលជាជម្រកសត្វឈ្លូស ជ្រូកព្រៃ ជាច្រើនរយហិកតា ចាប់ពីភូមិស្វាយប៉ាត ស្រុករវៀង រហូតដល់ស្រុកសង្គមថ្មី ត្រូវបានគេកាប់ដើម្បីយកដីចែកគ្នា ៖ «កាប់ឈើអមសងខាងផ្លូវហ្នឹង យកម៉ាស៊ីនត្រង់ស៊ីន័រកាត់ ។ អ្នកកាត់ហ្នឹងមានពាក់ខោអាវទាហាន ហើយដាក់ស្លាកឈ្មោះ» ។
អភិបាលស្រុករវៀង លោក យ៉ែម ផល្លា បានមានប្រសាសន៍ថា មានការកាប់ព្រៃដើម្បីយកដីជាច្រើនកន្លែង ឲ្យតែកន្លែងណាមានផ្លូវ ប៉ុន្តែអាជ្ញាធរពុំដែលរកឃើញមុខអ្នកប្រព្រឹត្តទេ ដោយជនទាំងនោះតែងលួចកាប់នៅពេលយប់ ឬនៅពេលដែលសមត្ថកិច្ចមិនធ្វើការ ៖ «កន្លែងណាមានផ្លូវបងប្អូនតែងតែទៅលបលួចកាប់ ប៉ុន្តែមិនដឹងថាជាសមាសភាពណាទេ យើងក្ដាប់មិនបានដែរ» ។
ចំណែកនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុករវៀង លោ ហែម សាវ៉ាត បានមានប្រសាសន៍ថា លោកបានឃើញការកាប់បំផ្លាញព្រៃឈើជាច្រើនមែន ។
មន្ត្រីដដែលបានមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋជាអ្នកកាប់ព្រៃឈើនោះដើម្បីយកដី ហើយមេភូមិមេឃុំជាអ្នកស្គាល់មនុស្សទាំងនោះពិតប្រាកដ ប៉ុន្តែនៅពេលរដ្ឋបាលព្រៃឈើស្នើសុំឲ្យកត់ឈ្មោះអ្នកទាំងនោះបែរជាគ្មានការសហការទេ ៖ «អាជ្ញាធរភូមិ ឃុំ ជាអ្នកដែលបានដឹងមុខសញ្ញាហ្នឹង ខ្ញុំឲ្យគេស្រង់ឈ្មោះឲ្យខ្ញុំ គេថាប្រជាពលរដ្ឋទេ...» ។
ទោះយ៉ាងណា អភិបាលរងខេត្តព្រះវិហារ លោក ស សំអុល បានមានប្រសាសន៍ថា ការកាប់ព្រៃឈើដើម្បីយកដីដ៏សម្បើមនៅទីនោះ អាជ្ញាធរស្រុករវៀង ស្រុកសង្គមថ្មី និងរដ្ឋបាលព្រៃឈើ មិនដែលមានសេចក្តីរាយការណ៍មកឲ្យខេត្តបានដឹងទេ ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក ខេត្តព្រះវិហារ លោក ហោ នាថ បានមានប្រសាសន៍ថា ព្រៃស្រោងរាប់ពាន់ហិកតាចន្លោះពីភូមិស្វាយប៉ាត ស្រុករវៀងរហូតទៅដល់តំបន់ភ្នំក្បាលស ស្រុកសង្គមថ្មី ត្រូវបានគេកាប់យកដី ដែលមានទាហាននិងប្រជាពលរដ្ឋជាអ្នកប្រព្រឹត្តនិងអ្នកមានអំណាចខ្លះធ្វើជាខ្នងបង្អែកផង ៖ «តាំងពីក្រោយស្វាយប៉ាតបុកទៅសង្គមថ្មី រហូតដល់ភ្នំក្បាលស តាមផ្លូវវាលល្វឹង» ។
ប្រជាពលរដ្ឋបានអះអាងថា នៅខេត្តព្រះវិហារដែលមានស្រុកទាំងអស់ចំនួន៧ ការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់បានកើតមានតាំងពីឆ្នាំ១៩៩៥ មក ដែលធ្វើឲ្យឈើប្រណីតមានបេង នាងនួន គ្រញូង នៅទីនោះត្រូវដាច់ពូជ ហើយបច្ចុប្បន្ន ការកាប់ព្រៃដើម្បីយកដីកំពុងកើតឡើង ស្ទើរតែគ្រប់ទីកន្លែង ។
កាលពីខែវិច្ឆិកា ឆ្នាំ២០០៧ កន្លងមក មនុស្ស ២នាក់បានស្លាប់ ៥នាក់រងរបួស និងមួយចំនួនទៀត ត្រូវចាប់ខ្លួននៅតំបន់អូរឈើទាល ស្រុកជាំក្សាន្ត នៅពេលដែលអាជ្ញាធរបានបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញនិងទប់ស្កាត់ការកាប់ព្រៃយកដីទាំងនោះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ក្រុមហ៊ុនមួយត្រូវគេសង្ស័យថាពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់
ការដឹកជញ្ជូនឈើកើតមាននៅរតនគិរី ខណៈដែលការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្ត
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម
សហគមន៍នៅក្រចេះប្ដឹងឲ្យអាជ្ញាធរយកជនល្មើសកាប់ព្រៃឈើទៅអប់រំ