គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា បានបង្ហាញថា ទំហំគម្របព្រៃអភិរក្ស ដែលរួមមាន ព្រៃចាស់នៅសល់ និងព្រៃដាំថ្មីបច្ចុប្បន្ន មានទំហំប្រមាណ ៦០ភាគរយនៃផ្ទៃប្រទេស។
លោកទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបន្ទាប់ពីបានថ្លែងបើកកិច្ចពិភាក្សាថ្នាក់ជាតិ ស្ដីពីរបាយការណ៍អភិវឌ្ឍន៍ដោយចិរភាព នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ថា ផែនការយុទ្ធសាស្ត្រជាតិតែងបានគិតគូរពីការប្រើប្រាស់ធនធានធម្មជាតិដែលប្រកបដោយនិរន្តរភាព និងសមធម៌។
លោក ម៉ុក ម៉ារ៉េត៖ «ក្រសួងបរិស្ថាន កសិកម្ម ក្រសួងពាក់ព័ន្ធ ក្រសួងឧស្សាហកម្ម រ៉ែ យើងគោរពអោយបាននូវសន្ទស្សន៍នេះ សំខាន់ណាស់។ ដូច្នេះហើយលោកបានគិតគូរថា ព្រៃឈើកន្លែងណាដែលត្រូវទុក កន្លែងណាដែលត្រូវឈូសឆាយហ្នឹង ក្រសួងកសិកម្ម លោកគិតដើម្បីធានាបាននូវសន្ទស្សន៍ ហើយបើឈូសឆាយធានាដាំឡើងវិញ ព្រោះថា ៦០ភាគរយ និងព្រៃដាំ មិនមែនដាំ ដែលមិនមែនគម្របព្រៃ អាហ្នឹងហៅព្រៃឈើទេ។ បើដាំកៅស៊ូអាហ្នឹងមានគម្របព្រៃយើងអាចទៅបូកបញ្ចូលបាន»។
ផែនការរក្សាគម្របព្រៃ ៦០ភាគរយ នៃផ្ទៃដីសរុបរបស់រដ្ឋាភិបាលនេះមិនត្រូវបានការស្វាគមន៍ពីសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងធនធានធម្មជាតិឡើយ។
ប្រធានអង្គការការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី មានប្រសាសន៍ថា កាលពីឆ្នាំ២០០៦ គម្របព្រៃគឺមានចំនួន ៦០ភាគរយ នៃផ្ទៃដីសរុប។ ប៉ុន្តែចំនួននេះបានថយចុះយ៉ាងឆាប់រហ័សមកដល់ពេលនេះ គឺអាចនៅសេសសល់ប្រមាណជា ២០ភាគរយ។
លោក ឈុត វុទ្ធី បន្តថា លោកពុំមានជំនឿថា រដ្ឋាភិបាលនឹងអាចអោយមានយុទ្ធសាស្ត្រដែលធ្វើអោយគម្រោងរក្សាព្រៃនោះបានសម្រេចឡើយ៖ «ឥឡូវកន្លែងណាដែលឆ្លុះបញ្ចាំងថា វាអាចកើនឡើងបាន? គឺវាអត់បាន។ រួចកាប់រាល់ថ្ងៃ បើនិយាយពីដីព្រៃសម្បទាន ឈូសឆាយអាតូចៗ មួយថ្ងៃៗរាប់លានដើម បើយើងឈូសចោលដុតចោលយើងដាំមានន័យអី។ ហើយកន្លែងណាដាំ? សួរគាត់មើលកន្លែងណា? តាំងពី World Bank (ធនាគារពិភពលោក) គេប្រកាសហ្នឹង ឃើញថា ដាំនៅខាងខេត្តសៀមរាបទេ។ សហគមន៍មួយចំនួនឃើញថា គ្មានអីនៅសេសសល់ទេ ដោយសារសមត្ថកិច្ចមូលដ្ឋាន ក្រសួងហ្នឹងឯង ជាពិសេសមន្ត្រីរុក្ខារក្ស បរិស្ថានហ្នឹងឯង ដែលគាត់បំផ្លាញខ្លួនឯង គាត់កាន់កាំភ្លើងអាការ (AK) ទៅកាប់ ទៅលក់តាមអំពើចិត្ត ហើយទៅរករឿងគេទៀត។ អ្នកណាទៅការពារអត់បានទេ គាត់ចាប់គេដាក់គុកដាក់ច្រវាក់»។
ប្រធានអង្គការការពារធនធានធម្មជាតិ ក៏បានរិះគន់ដែរថា គម្របព្រៃធម្មជាតិ គឺមិនអាចរាប់បញ្ចូលព្រៃកៅស៊ូ ថាជាប្រភេទព្រៃដាំថ្មីបានទេ។
បើទោះជា បែបណាតំណាងមកពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានលើកឡើងថា កម្ពុជាកំពុងយកចិត្តទុកដាក់ពីការអភិវឌ្ឍន៍បៃតងតាមរយៈការចូលរួមបង្ហាញរបាយការណ៍ និងផែនការយុទ្ធសាស្រ្ត ស្ដីពីការអភិវឌ្ឍដោយចិរភាព ទៅកាន់សន្និសីទសហប្រជាជាតិ រីយ៉ូ បូក ២០ (Rio+20 UN Conference)។
នាយកផ្នែកអាស៊ីបូព៌ា និងអាស៊ីខាងជើង នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លោក សែលវ៉ា រ៉ាម៉ាចាន់ដ្រាន់ (Selva Ramachandran)។ លោកបានលើកឡើងថា ដើម្បីអោយសម្រេចតាមផែនការអភិវឌ្ឍន៍បៃតងដែលឈរលើសមធម៌នៃមុំបី គឺសង្គម សេដ្ឋកិច្ច និងបរិស្ថាន រដ្ឋាភិបាលកម្ពុជាត្រូវផ្ដោតទៅលើអភិបាលកិច្ច៖ «អភិបាលកិច្ច គឺជាចំណងចងភ្ជាប់រវាងផ្នែកសំខាន់នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន ទាំងក្នុងគោលនយោបាយ និងការអនុវត្ត។ ការដាក់អភិបាលកិច្ចល្អទៅជាស្នូលនៃយុទ្ធសាស្ត្រជាតិ គឺរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ថា ការពង្រឹងស្ថាប័ន និងការអនុវត្ត គឺជាតម្រូវការក្នុងការកសាងទំនុកចិត្ត កែលំអការឆ្លើយតប និងការអភិវឌ្ឍប្រកបដោយចិរភាព»។
សង្គមស៊ីវិលក្នុងស្រុក បានរកឃើញថា ការកាប់បំផ្លាញគម្របព្រៃ និងជម្រកសត្វព្រៃ គឺមានមូលហេតុចម្បងពីការផ្ដល់ព្រៃសម្បទានដីសេដ្ឋកិច្ច ហើយឆ្នាំ២០១១ ជាឆ្នាំដែលកម្ពុជា បានផ្ដល់ព្រៃសម្បទានសេដ្ឋកិច្ចច្រើនបំផុតឲ្យក្រុមហ៊ុនឯកជន រហូតដល់កាត់ដីឧទ្យានជាតិពីតំបន់ការពារសត្វ និងរុក្ខជាតិ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
