អតីត​អ្នក​រស់​នៅ​តំបន់​កោះ​ពេជ្រ​រំឭក​ពី​ការ​បណ្ដេញ​ចេញ

អតីត​ពលរដ្ឋ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ជម្លៀស​ចេញ​ពី​តំបន់​កោះ​ពេជ្រ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ពួក​គាត់​ធ្លាប់​បាន​ដាក់​បណ្ដាសា​ទៅ​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​វិនិយោគ ចំពោះ​ការ​បណ្ដេញ​ចេញ​ពី​ទីតាំង​ធ្លាប់​រស់​នៅ​ទាំង​ទឹក​ភ្នែក ដោយ​ពុំ​មាន​ដំណោះស្រាយ​សមរម្យ។

តំបន់​កម្សាន្ត​កោះ​ពេជ្រ​ដែល​មាន​មនុស្ស​ស្លាប់ និង​របួស​ជិត ១​ពាន់​នាក់ នៅ​រាត្រី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដើម​ឡើយ​មាន​ប្រជាពលរដ្ឋ​និយម​ហៅ​តំបន់​នេះ​ថា ជា​តំបន់​កោះ​ឃ្លង់។ តំបន់​នេះ​ពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​មក​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨២ ដោយ​មាន​ប្រជាពលរដ្ឋ​សរុប​ជាង ៣០០​គ្រួសារ។ ប៉ុន្តែ​ចន្លោះ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៥ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ ជម្លៀស​ឲ្យ​ចាក​ចេញ​ទៅ​រស់​នៅ​ទីតាំង​ថ្មី​ទាំង​បង្ខំ​ក្រោម​រូបភាព​រដ្ឋាភិបាល​យក​ដី​ធ្វើការ​អភិវឌ្ឍន៍។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ជា​អតីត​អ្នក​ភូមិ​រស់​នៅ​តំបន់​កោះ​ពេជ្រ មាន​ប្រសាសន៍​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ថា ចន្លោះ​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៥ គឺ​ជា​ឆ្នាំ​ដែល​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​កោះ​ពេជ្រ​រង​ទុក្ខ និង​បង្ហូរ​ទឹក​ភ្នែក​ស្ទើរ​រៀងរាល់​ថ្ងៃ ដោយសារ​អាជ្ញាធរ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​ធ្លាប់​រស់​នៅ​ដោយ​ពុំ​មាន​សំណង​សមរម្យ។

ស្ត្រី​រូប​នេះ​បន្ត​ថា ផ្ដើម​ពី​ការ​បណ្ដេញ​នេះ ប្រជាពលរដ្ឋ​ពួកគាត់​ធ្លាប់​បាន​ដាក់​បណ្ដាសា​ទៅ​អាជ្ញាធរ និង​ក្រុមហ៊ុន​វិនិយោគ​តំបន់​នេះ មិន​ឲ្យ​មាន​ដំណើរការ​រលូន​ទៅ​មុខ​ឡើយ ព្រោះ​ថា គម្រោង​អភិវឌ្ឍន៍​តំបន់​កោះ​ពេជ្រ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់​រយ​គ្រួសារ​មាន​ទុក្ខ​ព្រួយ​ពី​គម្រោង​អភិវឌ្ឍន៍​នេះ។

បុរស​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន សំណាង មាន​ប្រសាសន៍​ថា ដី​សម្រាប់​សង់​លំនៅឋាន និង​ដី​ចម្ការ​ធ្លាប់​បង្កបង្កើន​ផល​របស់​គ្រួសារ​គាត់​តាំង​ពី​ឆ្នាំ​១៩៨២ មក​នោះ ត្រូវ​បាត់​បង់​ដោយសារ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​តម្រូវ​ឲ្យ​រុះរើ​ចេញ ហើយ​មិន​ឲ្យ​តវ៉ា​ពី​សំណង​នោះ​ទេ។ លោក​ថា ដោយសារ​តែ​គ្រួសារ​គាត់​គ្មាន​ជម្រើស ក៏​សុខ​ចិត្ត​ទទួល​យក​សំណង​ពី​រដ្ឋាភិបាល​ចំនួន​ត្រឹម​តែ ៨​ពាន់​ដុល្លារ​អាមេរិក។

លោក ហ៊ុន សំណាង បន្ត​ថា បើ​រំឭក​ដល់​ដី​លំនៅឋាន​ធ្លាប់​រស់​នៅ​ក្នុង​តំបន់​កោះ​ពេជ្រ រូប​លោក​មាន​ការ​សោកស្ដាយ​បំផុត ដែល​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នេះ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ ដោយ​លើក​ហេតុផល​យក​ដី​តំបន់​នេះ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍​នោះ។

បុរស​រូប​នេះ​បាន​ថ្លែង​ថា ចំពោះ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​នេះ គ្រួសារ​គាត់ ក៏​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត ធ្លាប់​បាន​បួងសួង​ដល់​វត្ថុ​សក្ដិសិទ្ធិ និង​ម្ចាស់​ទឹក​ម្ចាស់​ថែរក្សា​ដី​តំបន់​កោះ​ពេជ្រ ឲ្យ​ផ្ដន្ទា​ទោស​ចំពោះ​អ្នក​បណ្ដេញ និង​បួង​សួង​ឲ្យ​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ពី​ការ​បណ្ដេញ​នេះ។ តែ​ក៏​មិន​ដែល​បន់​ឲ្យ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ដទៃ​ទៀត​ស្លាប់ ដោយសារ​មក​កម្សាន្ត​នៅ​តំបន់​ទឹក​ដី​កោះ​ពេជ្រ​នេះ​ដែរ។

លោក សៅ ហាក់ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​កោះ​ពេជ្រ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ថា លំនៅឋាន និង​ដី​ជាង ២​ហិកតា​របស់​គ្រួសារ​គាត់​ក្នុង​តំបន់​កោះ​ពេជ្រ ត្រូវ​បាន​អាជ្ញាធរ​រុះរើ និង​រឹប​អូស ក្រោម​រូប​ភាព​យក​ដី​អភិវឌ្ឍន៍​ទាំង​មិន​បាន​ផ្ដល់​សំណង​សមរម្យ​ជូន​គ្រួសារ​គាត់​ឡើយ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា ករណី​រុះរើ​លំនៅឋាន និង​ការ​ទន្ទ្រាន​យក​ដី​ធ្លាប់​បង្កបង្កើន​ផល រូប​លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ ប៉ុន្តែ​នៅ​ទី​បំផុត​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១០ បាន​ប្រកាស​សាលក្រម​ឲ្យ​គ្រួសារ​គាត់​ទទួល​បាន​សំណង​ត្រឹម​តែ​ជាង ៦​ដុល្លារ ក្នុង​ដី ១​ម៉ែត្រ​ការ៉េ ដែល​កាល​ពី​ឆ្នាំ​២០០៤ ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ជាង ២០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ។

លោក​បាន​ថ្លែង​ថា វា​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​មួយ​នេះ ដែល​ត្រូវ​បណ្ដេញ ហើយ​បែរ​ជា​យក​ដី​តំបន់​នោះ​យក​ទៅ​ផ្ដល់​ជូន​ក្រុមហ៊ុន​ធ្វើ​ជា​កម្មសិទ្ធិ ប៉ុន្តែ​បែរ​ជា​បណ្ដេញ​ពលរដ្ឋ​ធ្លាប់​រស់​នៅ​តំបន់​នេះ​ឲ្យ​ចាក​ចេញ​ទាំង​បង្ខំ​ទៅ​វិញ។

លោក ម៉ន វុទ្ធី មន្ត្រី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ជួយ​ពលរដ្ឋ​តំបន់​កោះ​ពេជ្រ​ពី​ការ​ជម្លៀស មាន​ប្រសាសន៍​ថា ការ​ជម្លៀស​ពលរដ្ឋ​របស់​រដ្ឋាភិបាល​ចេញ​ពី​តំបន់​កោះ​ពេជ្រ​កន្លង​មក គឺ​អយុត្តិធម៌​បំផុត​សម្រាប់​ពលរដ្ឋ ដោយ​រដ្ឋាភិបាល​បាន​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ក្នុង​ដី​១​ម៉ែត្រ​ការ៉េ​ចំនួន ១​ដុល្លារ​កន្លះ។ ប៉ុន្តែ​នៅ​គ្រា​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ទើប​ក្រុមហ៊ុន និង​អាជ្ញាធរ​ដំឡើង​ដល់ ៦,៧៥​ដុល្លារ​ក្នុង ១​ម៉ែត្រ​ការ៉េ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ពុង ខៀវសែ អគ្គនាយក​ក្រុមហ៊ុន Oversea Cambodian Investment Cooperation (OCIC) ដែល​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដោយ​ជំនួយ​ការ​របស់​លោក​បាន​ប្រាប់​ថា ជាប់​រវល់​ប្រជុំ។ យ៉ាង​នេះ​ក្តី ជំនួយការ​អគ្គនាយក​ក្រុមហ៊ុន OCIC មាន​ប្រសាសន៍​ថា តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន គឺ​បាន​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​សម្រាប់​លក់​ផលិតផល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រម​ទាំង​អភិវឌ្ឍ​ឲ្យ​មាន​កន្លែង​កម្សាន្ត​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​មិន​ទាន់​បាន​សាងសង់​ជា​អគារ​ទំនើប​មាន​ច្រើន​ជាន់ ឬ​ជា​សណ្ឋាគារ​ទំនើប​នៅ​ឡើយ​ទេ។

ទាក់ទង​ការ​អភិវឌ្ឍ​តំបន់​កោះ​ពេជ្រ​នេះ​ដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ឲ្យ​អ្នក​វិនិយោគ​ទាំង​អស់ ឲ្យ​គិតគូរ​សាងសង់​អគារ​ទំនើប​មាន​កម្ពស់ ៥៥៥​ម៉ែត្រ ជា​ប្រភេទ​អគារ​ទំនើប​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី ដែល​គ្រោង​សាងសង់​នៅ​តំបន់​កម្សាន្ត​កោះ​ពេជ្រ​នេះ។

សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០០៤ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ធនាគារ​កាណាឌីយ៉ា ដែល​មាន​ដៃ​គូ​អភិវឌ្ឍន៍​មក​ពី​ក្រៅ​ប្រទេស​ឈ្មោះ Oversea Cambodian Investment Cooperation ឬ​ហៅ​កាត់​ថា (OCIC) ធ្វើការ​វិនិយោគ​ដើម្បី​អភិវឌ្ឍ​ប្រែក្លាយ​តំបន់​កោះ​ពេជ្រ​ទៅ​ជា​ក្រុង​រណប។ តំបន់​កោះ​ពេជ្រ​មាន​ទី​តាំង​នៅ​ជាប់​ទន្លេ​បាសាក់ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ៕