អ្នក​នយោបាយ​និង​សង្គម​ស៊ីវិល​ពិភាក្សា​រក​វិធី​កែប្រែ​ការ​បោះ​ឆ្នោត​ឲ្យ​ប្រសើរ

ប្រជាពលរដ្ឋ តំណាង​គណបក្ស​នយោបាយ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កំពង់ធំ ស្នើសុំ​ឱ្យ​មាន​ការ​កែ​ប្រែ​បញ្ហា​មួយ​ចំនួន​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៣ ក៏​ប៉ុន្តែ​មន្ត្រី​ថ្នាក់​ខេត្ត​វាយ​តម្លៃ​ថា ការ​បោះ​ឆ្នោត​កន្លង​មក​នៅ​ក្នុង​ខេត្ត​មាន​បញ្ហា​តិចតួច។

0:00 / 0:00

មាន​អ្នក​នយោបាយ តំណាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល អាជ្ញាធរ​ភូមិ​ឃុំ និង​ពលរដ្ឋ​ជិត​ ១០០​នាក់ ពិភាក្សា​គ្នា​រក​វិធី​ធ្វើ​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​ល្អ​ប្រសើរ និង​អាច​ទទួល​យក​បាន។

ការ​ពិភាក្សា​គ្នា​ផុលផុស ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​មួយ​ស្ដី​ពី​កំណែ​ទម្រង់​ការ​បោះឆ្នោត និង​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ខុមហ្វ្រែល (Comfrel) នៅ​ទី​រួម​ខេត្ត​កំពង់ធំ ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៣។

ប្រធាន​អង្គការ​ខុមហ្វ្រែល គឺ​លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា វេទិកា​នេះ ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ពិភាក្សា​គ្នា​អំពី​លទ្ធភាព និង​មតិ​យោបល់​សម្រាប់​កែ​លម្អ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ នៅ​ពេល​ខាង​មុខ​នេះ ជា​ពិសេស គឺ​ការ​លើក​យក​មតិ​យោបល់​សំខាន់ៗ របស់​អ្នក​ចូល​រួម ដែល​ផ្ដល់​សម្រាប់​ការ​ប្រតិបត្តិ​ការងារ​របស់​មន្ត្រី​នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់។

លោក គល់ បញ្ញា៖ «ចំណុច​ដែល​យើង​ជជែក​ហ្នឹង គឺ​មាន​តាំង​ពី​ការ​រើស​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ ថ្នាក់​ឃុំ ថ្នាក់​ការិយាល័យ​បោះ​ឆ្នោត​ថា តើ​ការ​រើស​របៀប​ម៉េច? ហើយ​តើ​ធ្វើ​ម៉េច​ឱ្យ​ពួក​គេ​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ចាត់ចែង​ការ​បោះឆ្នោត​មួយ​ឱ្យ​គេ​ជឿ​ទុក​ចិត្ត​បាន មាន​តម្លា​ភាព ហើយ​យើង​ក៏​ជជែក​គ្នា​អំពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា ព្រោះ​ថា ពេល​បោះឆ្នោត​ជាតិ អាច​មាន​អំពើ​ហិង្សា។ អំពើ​ហិង្សា​ទៅ​លើ​រូប​រាង​កាយ និង​ទៅ​លើ​ស្មារតី ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​ភិតភ័យ ឬ​ក៏​របួស​ស្នាម​ទៅ​ដល់​អ្នក​នយោបាយ ហើយ​នឹង​ប្រជាពលរដ្ឋ ហើយ​យើង​ជជែក​គ្នា​ថា តើ​មាន​មធ្យោបាយ​អី​ទប់​ស្កាត់​ពី​បញ្ហា​ហ្នឹង​»

វេទិកា​ពិភាក្សា​ក៏​បាន​ផ្ដោត​​ជា​សំខាន់​លើ​ចំណុច ៣ ទៀត គឺ​វិធី​ដោះស្រាយ​បណ្ដឹង​ទាក់ទង​នឹង​ការ​បោះឆ្នោត សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ និង​អំពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​នានា ដែល​​ផ្ដោត​លើ​ការ​ទិញ​សន្លឹក​ឆ្នោត ការ​សូក​ប៉ាន់​មន្ត្រី​គណបក្ស និង​សកម្មជន ព្រម​ទាំង​ការ​ចំណាយ​មិន​ស្មើ​គ្នា​រវាង​គណបក្ស។

លោក គល់ បញ្ញា ថ្លែង​ថា ការ​ជជែក​គ្នា​​អំពី​បញ្ហា​ហិរញ្ញវត្ថុ គឺ​ចង់​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​មាន​ភាព​ស្មើ​គ្នា និង​មិន​មាន​គម្លាត​ខុស​គ្នា​ឆ្ងាយ​ពេក៖ «ការ​ប្រើប្រាស់​ហិរញ្ញវត្ថុ ធ្វើ​ម៉េច​ឱ្យ​មាន​តម្លាភាព ព្រោះ​ច្បាប់​យើង​ គេ​ណែនាំ​អំពី​ការ​ត្រូវ​ប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​គណបក្ស​ពេល​ឃោសនា​បោះ​ឆ្នោត​ហ្នឹង​ទៅ​តាម​គណនេយ្យ​មួយ​ឱ្យ​បាន​ច្បាស់លាស់ ធ្វើ​ម៉េច​ឱ្យ​មាន​ព័ត៌មាន​អំពី​គណនេយ្យ​ហ្នឹង​ថា តើ​គណបក្ស​នីមួយៗ​ហ្នឹង​ មាន​ចំណូល​ហើយ​ចំណាយ​យ៉ាង​ម៉េច? ហើយ​គេ​និយាយ​អំពី​ថា ចង់​ឱ្យ​រដ្ឋ​ហ្នឹង​ជួយ​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គណបក្ស​នយោបាយ​មួយ​ចំនួន​ដែរ បើ​សិន​ជា​ពួក​គេ​ប្រកួត​ប្រជែង​បាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ តំណាង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​បង្រួបបង្រួម​គ្នា​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស គឺ​លោក ស៊ុន ធន់ ថ្លែង​ថា ជា​ចំណុច​សំខាន់ ដែល​លោក​ចាប់​អារម្មណ៍ ក្រៅ​ពី​ការ​ស្នើសុំ​ឱ្យ​មាន​ភាព​ស្មើ​គ្នា​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាពិសេស​ទូរទស្សន៍ និង​វិទ្យុ​របស់​រដ្ឋ។

លោក ស៊ុន ធន់៖ «ជា​គោលការណ៍​ គឺ​តួ​នាទី​រដ្ឋ​ ត្រូវ​តែ​ផ្ដល់​ថវិកា​ជាតិ ថវិកា​រដ្ឋ​ដល់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា។ នេះ​ជា​ការ​ល្អ​មួយ​ដែរ ដែល​ជា​ខ្លឹមសារ​ក្នុង​អង្គ​សិក្ខាសាលា​នេះ។ មួយ​ទៀត គឺ​កំណែ​តម្រង់​ប្រព័ន្ធ​បោះឆ្នោត​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ធ្វើ​ឱ្យ​បងប្អូន​ពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិ​បោះឆ្នោត គឺ​ជា​រឿង​សំខាន់​ដែរ គួរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត​គួរ​កែ​តម្រូវ​ចំណុច​អវិជ្ជមាន ភាព​ស្មុគស្មាញ ដែល​ប្រព័ន្ធ​បោះឆ្នោត​យើង​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត»

លោក​បញ្ចេញ​មតិ​យោបល់​បន្ថែម​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​មិន​ត្រូវ​ប្រើ​មន្ត្រី​រាជការ ដែល​ស៊ី​ប្រាក់​ខែ​រដ្ឋ​ទៅ​បម្រើការ​ឃោសនា​បោះ​ឆ្នោត​​គណបក្ស​នយោបាយ​ឡើយ។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ អ្នកស្រី ខ្លូត សារី វាយ​តម្លៃ​ថា ការ​ពិភាក្សា​នៅ​ក្នុង​វេទិកា​មាន​កត្តា​ចំណុច​ល្អ​មួយ​ចំនួន​ដែរ ដូច​ជា​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​បោះឆ្នោត​ខេត្ត និង​ការ​លើក​ស្ទួយ​សេរីភាព​បញ្ចេញ​មតិ​ជា​ដើម។ រី​ឯ​បញ្ហា​ហិរញ្ញវត្ថុ អ្នកស្រី ខ្លូត សារី យល់​ឃើញ​ថា អាច​ជា​ការ​លំបាក​អនុវត្តន៍​មួយ។

អ្នកស្រី ខ្លូត សារី៖ «នៅ​មាន​ខ្វះ​ចន្លោះ​ខ្លះ ពី​ព្រោះ​អ្វី​ដែល​ធ្វើ គឺ​វា​មិន​បាន​ទាំង​ស្រុង​ទេ ហើយ​បើ​ថវិកា​យើង​ធ្វើ​ថវិកា​បាន​ជោគជ័យ​ខ្ញុំ​អរ។ ប៉ុន្តែ​ខ្លាច​វា​មិន​បាន​ជោគជ័យ ព្រោះ​ឥឡូវ​រដ្ឋ​យើង​នៅ​ខ្វះខាត រដ្ឋ​យើង​នៅ​ក្រ។ អ៊ីចឹង​ឱ្យ​ធ្វើ​គ្រប់​ជ្រុងជ្រោយ​ដូច​អនុសាសន៍​លើក​ឡើង​ហ្នឹង គឺ​មិន​អាច​ធ្វើ​បាន​ទេ។ យើង​នៅ​ខ្វះ​ខាត ព្រោះ​ថវិកា​មិន​ទាន់​សម្បូរ​បែប​ទេ»

អភិបាល​រង​ខេត្ត​កំពង់ធំ លោក សោម សុផាត ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វេទិកា​ថា ដោយ​វាយ​តម្លៃ​ថា ចំណុច​ដែល​វេទិកា​បាន​លើក​មក​ពិភាក្សា គឺ​សុទ្ធ​តែ​ចំណុច​ល្អ​សម្រាប់​បម្រើ​ដំណើរ​ការ​បោះឆ្នោត។ លោក​ថា តាម​បទពិសោធន៍​កន្លង​មក​ ការ​បោះ​ឆ្នោត​មាន​បញ្ហា​​តិចតួច​ប៉ុណ្ណោះ។

អភិបាល​រង​ខេត្ត គឺ​លោក សោម សុផាយ ថ្លែង​បញ្ជាក់​ថា ដើម្បី​ឱ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​អាច​ទទួល​យក​បាន គឺ​រដ្ឋ​អំណាច​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ ត្រូវ​តែ​ធានា​អព្យាក្រឹត​ដល់​គណបក្ស​នយោបាយ ភ្នាក់ងារ​នយោបាយ និង​អ្នក​បោះឆ្នោត​ទូទៅ៖ «គ្រប់​អាជ្ញាធរ​មូលដ្ឋាន​ទាំង​អស់ ត្រូវ​ប្រកាន់​ភាព​មួយ​អព្យាក្រឹត្យ​​សម្រាប់​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព។ មួយ​ទៀត គឺ​ត្រូវ​ធានា​ឱ្យ​បាន​សន្តិសុខ សណ្ដាប់ធ្នាប់ ហើយ​និង​​របៀបរៀបរយ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឱ្យ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​នេះ ខាង​មុខ ឬ​ការ​ប្រព្រឹត្តទៅ​នៃ​ការ​បោះឆ្នោត គ្រប់​គណបក្ស​នយោបាយ​ ឬ​អ្នក​តំណាង​គណបក្ស​នយោបាយ​ទាំង​អស់​បាន​ធ្វើ​សកម្មភាព​គ្រប់​ច្រកល្ហក គ្រប់​ទី​កន្លែង»

ដូច​គ្នា​នេះ​ដែរ លោក​សំណូមពរ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់ ឱ្យ​ប្រកាន់​ខ្ជាប់​នីតិវិធី និង​គោលការណ៍​ច្បាប់​ក្នុង​ការ​បោះ​ឆ្នោត និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ត្រូវ​មាន​ភាព​អព្យាក្រឹត្យ។ លោក​បន្ត​ថា បញ្ហា​ទាក់ទង​នឹង​ហិរញ្ញ​វត្ថុ​គណបក្ស គឺ​ជា​បញ្ហា​អាស្រ័យ​ដោយ​ធនធាន​របស់​គណបក្ស​នីមួយៗ ដែល​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។