សម រង្ស៊ី និង ស៊ាន ប៉េងសែ ធ្វើ​វេទិកា​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម

ប្រធាន​បក្ស សម រង្ស៊ី និង​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បាន​ចូលរួម​ក្នុង​វេទិកា​មួយ​ប្រទេស​កាណាដា ដើម្បី​ថ្លែង​បំភ្លឺ​ពី​បញ្ហា​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម។

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី និង​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង បាន​ចូលរួម​ក្នុង​វេទិកា​សមាជិក​នៃ​សាខា​គណបក្ស សម រង្ស៊ី ដែល​គេ​រៀបចំ​ឡើង​នៅ​ទីក្រុង​ម៉ុងរ៉េអាល់​នៃ​ប្រទេស​កាណាដា នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា​នេះ ដើម្បី​ថ្លែង​បំភ្លឺ​អំពី​បញ្ហា​បច្ចេកទេស និង​បញ្ហា​វិបត្តិ​នៃ​ការ​ដែល​អាជ្ញាធរ​នៃ​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​នាំ​គ្នា​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ដី​ស្រែ​ចម្ការ​របស់​ប្រជា​កសិករ​ខ្មែរ នៅ​ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ និង​នៅ​តាម​បណ្ដា​ខេត្ត​ខ្មែរ​មួយ​ចំនួន​ទៀត ដែល​ជាប់​នឹង​ព្រំដែន។

លោក ជា សុភ័ណ ពិធីករ​រៀបចំ​កិច្ច​ប្រជុំ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ៖ «...លើក​នេះ​ខ្ញុំ​ដឹង​ថា សន្ទុះ​ហ្នឹង​ច្រើន ហើយ​សឹង​តែ​រក​កន្លែង​អង្គុយ​គ្មាន​ទេ! មាន​តែ ៣០០​(នាក់)​លើស! ព្រោះ​ទី​១ គេ​មក​ចង់​ដឹង​ការ​ពិត​ពី​រឿង​ព្រំ​ប្រទល់ ដែល​លោក ស៊ាន ប៉េងសែ គាត់​យក​ស្អី​មក​បញ្ចាំង​ឲ្យ​មើល ហើយ​ចាំ​ស្ដាប់​ពាក្យ​គាត់​និយាយ​យ៉ាង​ម៉េច ហើយ​លោក រង្ស៊ី គាត់​ថា​ជា​រឿង​ទឹក​ចុង​ក្រោយ​ដែល​គាត់​ត្រូវ​ប្រយុទ្ធ! បើ​ប្រយុទ្ធ​មិន​ឈ្នះ​ទេ បង​ប្អូន​នឹង​ក្លាយ​ទៅ​ជា ហៅ​ថា ខ្មែរ​ភាវូបនីយកម្ម​វៀតណាម ឬ​ក៏​ខ្មែរ​ភាវូបនីយកម្ម​យួន ខ្មែរ​ក្លាយ​ទៅ​ជា​យួន!»

កិច្ច​ប្រជុំ​នៅ​ប្រទេស​កាណាដា​នេះ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក សម រង្ស៊ី និង​លោក ស៊ាន ប៉េងសែ នៅ​សហរដ្ឋ​អាមេរិក នៅ​កាណាដា ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក រហូត​ទៅ​ដល់​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១០​ខាង​មុខ​នេះ ដើម្បី​បំភ្លឺ​ជូន​ប្រជា​ពលរដ្ឋ​អ្នក​មាន​ដើម​កំណើត​ខ្មែរ ឲ្យ​បាន​យល់​ជ្រាប​កាន់តែ​ច្បាស់ ជា​ពិសេស​អំពី​បញ្ហា​បច្ចេកទេស​ដែល​ទាក់ទិន​នឹង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម៕