តំណាងអង្គការយុវជនដើម្បីសន្តិភាព លោក ថៃ សីលា ថ្លែងថា ឧស្សាហកម្មថ្នាំជក់កំពុងទាក់ទាញទីផ្សារអតិថិជនពីក្រុមយុវជនដោយប្រើវិធីប៉ិនប្រសព្វតាមរយៈការផ្សាយពាណិជ្ជកម្ម ការផ្តល់រង្វាន់ ការឃោសនាផ្ទាល់មាត់ដល់អតិថិជន ជាដើម។
លោកបន្តថា ប្រជាជនកម្ពុជាចំណាយប្រាក់ជិត ៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដើម្បីទិញបារី។ បារីនោះធ្វើឲ្យសុខភាពទាំងអ្នកជក់បារី និងអ្នករងនូវផ្សែងបារីកើតជំងឺមហារីក ប៉ះពាល់សុខភាពក្រុមគ្រួសារនិងសេដ្ឋកិច្ច។ បញ្ហាទាំងនេះជាក្តីបារម្ភដែលយុវជនចង់ឲ្យអ្នកតំណាងរាស្រ្តគួរតែជួយរកវិធានការទប់ស្កាត់។
លោក ថៃ សីលា បានបញ្ជាក់ថា ៖ «ច្បាប់ស្ដីពីការគ្រប់គ្រងថ្នាក់ជក់នេះដើម្បីរឹតបន្តឹងរកវិធានការដើម្បីការពារយុវជន ព្រោះអីយុវជនគឺជាសរសរទ្រូងនៃប្រទេសជាតិ»។
តួលេខពីអង្គការសុខភាពពិភពលោក វេជ្ជបណ្ឌិត យិល ដារ៉ាវុធ ថ្លែងថា នៅលើពិភពលោកអ្នកស្លាប់ដោយសារជំងឺមហារីកសួត ជំងឺបេះដូង និងជំងឺដទៃទៀត ដែលបង្កពីថ្នាំជក់នៅឆ្នាំ២០០៩ ដល់ទៅ ៥លាន៤សែននាក់។ ថ្នាំជក់នេះក៏សម្លាប់មនុស្សនៅសតវត្សរ៍ទី២០ ដល់ទៅ ១០០លាននាក់ដែរ។ អង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថា នៅឆ្នាំ២០៣០ ថ្នាំជក់នឹងសម្លាប់មនុស្ស៨លាននាក់ក្នុងមួយឆ្នាំ។
និស្សិតមកពីមហាវិទ្យាល័យនិងសកលវិទ្យាល័យនានាចង់ឲ្យតំណាងរាស្រ្តមានវិធានការទៅរដ្ឋាភិបាលកម្ពុជាបន្ថយដីដាំដុះថ្នាំជក់ ដំឡើងពន្ធនាំចូលបារីក្នុងប្រទេស ដើម្បីយកថវិកានោះទៅជួយលើកកម្ពស់សុខភាពអ្នករងគ្រោះដោយសារបារីជាដើម។
និស្សិតមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញថ្លែងថា សុំឲ្យពង្រឹងការចុះអប់រំប្រជាជនគ្រប់កន្លែងពីបញ្ហាគ្រោះថ្នាក់នៃថ្នាំជក់ ៖ «ធ្វើយ៉ាងណាឲ្យឈ្មួញក៏ដូចជាក្រុមហ៊ុនផ្សេងៗទាក់ទងនឹងថ្នាំជក់ហ្នឹងគាត់កាត់បន្ថយផលិតផលរបស់គាត់ ដើម្បីឲ្យយុវជនងាកចេញពីការប្រើប្រាស់ថ្នាំជក់ហ្នឹង ងាកទៅសិក្សារៀនសូត្រវិញដើម្បីផលប្រយោជន៍ខ្លួនឯង ក៏ដូចជាប្រទេសជាតិ»។
តំណាងរាស្រ្តមណ្ឌលភ្នំពេញ លោក ហ៊ូ ស្រ៊ី ថ្លែងថា ច្បាប់ត្រួតពិនិត្យថ្នាំជក់ក្នុងប្រទេសកម្ពុជាសភាមិនទាន់មានទេ ប៉ុន្តែមានអនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសហប្រជាជាតិដែលព្រះមហាក្សត្រផ្តល់សច្ចាប័នរួចហើយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៦។
អ្នកតំណាងរាស្រ្ត ជៀប ស៊ីវន ថ្លែងថា យុទ្ធសាស្រ្តជួយបន្ថយផលប៉ះពាល់ពីថ្នាំជក់គឺផ្តើមចេញពីខ្លួនយើង និងការរួមគ្នាជួយអប់រំមហាជនដល់មូលដ្ឋានឲ្យបានញឹកញាប់។
លោក ជៀប ស៊ីវន បានមានប្រសាសន៍ថា ៖ «មិនត្រឹមតែក្មួយធ្វើៗសម្រាប់ក្មួយ និងវ័យរបស់ក្មួយៗដូចគ្នាទេ គឺក្មួយអាចធ្វើឲ្យចាស់ទុំ ព្រឹទ្ធាចារ្យផ្សេងក៏អាចចាប់អារម្មណ៍ចំពោះក្មួយៗដែរ»។
តំណាងអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងថា ក្នុងប្រទេសកម្ពុជាមានក្រសួងចំនួន ១០ បានលើកវិធានការអគារធ្វើការងាររដ្ឋគ្មានផ្សែងបារី។ លោកថា ការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់បារីនឹងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១០ខាងមុខ ក្រោមការឃ្លាំមើលចរាចរណ៍កញ្ចប់បារីក្នុងប្រទេសកម្ពុជាដោយក្រសួងសុខាភិបាល៕
