ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងឲ្យដឹងនៅថ្ងៃ១៧ ឧសភាថា គេគ្រោងនឹងលើកយកបញ្ហារំលោភសិទ្ធិមនុស្ស និងបញ្ហាបរិស្ថាននៅក្នុងទឹកដីអតីតកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណាមបច្ចុប្បន្ន នៅក្នុងវេទិកាអចិន្ត្រៃយ៍ស្ដីពីជនជាតិដើមលើកទី១០ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ឧសភា។
វេទិកាអចិន្ត្រៃយ៍ស្ដីពីជនជាតិដើមលើកទី១០នេះ គឺធ្វើឡើងដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម បញ្ហាសិទ្ធិមនុស្សជាដើម ដែលមានតំណាងជនជាតិដើមភាគតិចមកពីជាង ១០០ប្រទេសនៅលើសាកលលោកចូលរួម។
លោក ថាច់ ង៉ុកថាច់ បានមានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកមកថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងតែប្រឈមអំពីបញ្ហាបរិស្ថានមិនស្អាត គឺការប្រើប្រាស់ទឹកទន្លេនៅក្នុងទឹកដីអតីតកម្ពុជាក្រោមនៃវៀតណាម ភូមិភាគកណ្ដាលបច្ចុប្បន្ន ដែលពួកគេកំពុងប្រឈមនឹងជំងឺផ្សេងៗ ក្នុងការប្រើប្រាស់ទឹកទន្លេ ក្រៅអំពីពួកគេកំពុងប្រឈមនឹងបញ្ហារំលោភសិទ្ធិមនុស្សពីអាជ្ញាធរវៀតណាម។
លោក ថាច់ ង៉ុកថាច់ បានបន្ថែមថា លោកក៏នឹងលើកអំពីសកម្មជនការពារសិទ្ធិមនុស្សត្រូវបានអាជ្ញាធរវៀតណាម ចាប់ដាក់គុកកាលពីឆ្នាំ២០១០ គឺលោក ចៅ ហេន នៅក្នុងកិច្ចប្រជុំនោះដែរ ពីព្រោះថា លោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាម ធ្វើបាប ហើយសព្វថ្ងៃឆ្មាំគុកមិនអនុញ្ញាតឲ្យគ្រួសារលោក ចៅ ហេន ចូលជួបសួរសុខទុក្ខដូចកាលពីមុនទៀតទេ។
លោក ចៅ ហេន ត្រូវបានអាជ្ញាធរវៀតណាម ចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១០ ខណៈដែលលោកបានវិលត្រឡប់ពីប្រទេសថៃ ទៅផ្ទះវិញ នៅខែត្រមាត់ជ្រូក ក្រោយពេលអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន UNHCR នៅប្រទេសថៃ មិនផ្ដល់សិទ្ធិជាជនភៀសខ្លួនដល់លោក និងករណីចាប់ខ្លួនអ្នកផ្សេងៗទៀ។ កាលពីថ្ងៃទី៣១ មីនា សាលាដំបូងស្រុកស្វាយទង ខេត្តមាត់ជ្រូក បានកាត់ទោសលោក ចៅ ហេន ឲ្យជាប់គុកចំនួន ២ឆ្នាំ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងបង្កអសន្តិសុខសង្គម។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា កន្លងមកបានបដិសេធថា ប្រទេសណាក៏ដូចប្រទេសណាដែរ រាល់សកម្មភាពបំពារបំពានច្បាប់ គឺត្រូវប្រឈមមុខចំពោះច្បាប់ ហើយប្រទេសវៀតណាម គឺជាប្រទេសប្រកបដោយនីតិរដ្ឋ រាល់សកម្មភាពណារំលោភបំពានច្បាប់ នឹងត្រូវថ្កោលទោសស្របទៅតាមច្បាប់នៃប្រទេសវៀតណាម ដែលស្របទៅនឹងអនុសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិពលរដ្ឋ និងនយោបាយ។
លោក ថាច់ ង៉ុកថាច់ បានបញ្ជាក់ថា ការលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងកិច្ចប្រជុំនេះ មិនមែនមានតែជនជាតិខ្មែរកម្ពុជាក្រោមទេ គឺមានជនជាតិដើមមកពីប្រទេសផ្សេងៗទៀត ក៏គេលើកអំពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅដែរ។
ថ្ងៃទី៤ មិថុនា ខែក្រោយនេះ គឺជាខួបទី ៦២ឆ្នាំ ដែលព្រះរាជាណាចក្រកម្ពុជា បាត់បង់ទឹកដីខ្មែរក្រោម ហើយកាន់កាប់ដោយវៀតណាមវិញ។ សហព័ន្ធខ្មែរកម្ពុជាក្រោម គ្រោងនឹងធ្វើពិធីរំលឹកខួបលើកទី៦២នេះ នៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងបារាំងជាដើម។
ឯកសារប្រវត្តិសាស្ត្របានសរសេរថា បារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ចំនួន ៦ខែត្រ ប៉ុន្តែឯកសារខ្លះថា មានចំនួន២១ ហើយក្រោយមកប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួន បានភៀសខ្លួនមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាកណ្ដាល និងទៅប្រទេសមួយចំនួនផ្សេងទៀត៕