តំណាង​រាស្ត្រ​បារាំង​សុំ​ឲ្យ​រដ្ឋាភិបាល​របស់​គេ​ជួយ​លោក សម រង្ស៊ី

គណ​បក្ស​សម​រង្ស៊ី​បាន​ផ្សាយ​ដំណឹង​មួយ​នៅ​ថ្ងៃ​អាទិត្យ ២៦ មិថុនា ថា​មាន​សមាជិក​សភា​បារាំង​មួយ​រូប​សរសេរ​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉ារីស ស្នើ​ឲ្យ​ជួយ​ធ្វើ​បែប​ណា ឲ្យ​មេ​ដឹក​នាំ​បក្ស​ជំទាស់​អាច​វិល​មក​ធ្វើ​ការ​បម្រើ​ពល​រដ្ឋ​របស់​គេ​វិញ។

សមាជិក​សភា​តំណាង​រាស្ត្រ​ឯករាជ​មួយ​រូប ដែល​មិន​នៅ​ក្នុង​គណ​បក្ស ឬ​ក្រុម​នយោបាយ​ណា​មួយ គឺ​លោក Nicolas Dupont-Aignan បាន​សរសេរ​លិខិត​ទៅ​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង និង​កិច្ច​ការ​អឺរ៉ុប លោក Alain Juppe សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍ ក្នុង​នាម​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ក្នុង​ប្រទេស​បារាំង។

លោក Nicolas Dupont-Aignan ឲ្យ​ហេតុ​ផល​ថា មក​ពី​លោក សម រង្ស៊ី បាន​រិះគន់​មិន​ចេះ​នឿយ​ហត់​នូវ​អំពើ​ពុក​រលួយ ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​និង​រឿង​វិវាទ​ព្រំដែន​ស្លាប់​រស់​នោះ លោក​ត្រូវ​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ តាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​អស់​រយៈ​ពេល ១៥​ឆ្នាំ។ ក្រោយ​ពី​គេច​ផុត​ពី​ការ​គប់​គ្រាប់​បែក ដែល​គេ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូប​លោក នៅ​ឆ្នាំ​១៩៩៧ លោក សម រង្ស៊ី សព្វ​ថ្ងៃ​នេះ ជា​ជន​រងគ្រោះ​ដោយ​សារ​ប្រព័ន្ធ​តុលាការ។

លោក Nicolas Dupont-Aignan រំឭក​ថា ថ្វីត្បិត​តែ​អំពើ​របស់​លោក សម រង្ស៊ី ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​ទ្រទ្រង់ និង​ទទួល​ស្គាល់ ដូច​ជា​សភា​អឺរ៉ុប​ជា​ដើម ដែល​បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១០ ថ្កោល​ទោស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​លោក សម រង្ស៊ី និង​ក្រុម​អ្នក​ជំទាស់​ជា​ទូទៅ​នោះ​យ៉ាង​ណា​ក៏​ដោយ ក៏​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ​នៅ​តែ​បណ្ដេញ​លោក សម រង្ស៊ី ដក​អភ័យ​ឯកសិទ្ធិ​សភា ហើយ​ដាក់​ទោស​ដ៏​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង ដើម្បី​ឲ្យ​លោក​លែង​កម្រើក​រួច។ តំណាង​រាស្ត្រ​បារាំង លោក Nicolas Dupont-Aignan បញ្ជាក់​ថា ករណី​លោក សម រង្ស៊ី បង្ហាញ​យ៉ាង​ច្បាស់​នូវ​ធម្មជាតិ​ពិត​នៃ​របប​ក្រុង​ភ្នំពេញ ឃើញ​ពី​ខាង​ក្រៅ​ថា​មាន​សភា​បែប​ប្រជាធិបតេយ្យ ហើយ​ដែល​បាន​រក្សា​ទុក​នូវ​ទ្រង់​ទ្រាយ​គាប​សង្កត់​របៀប​ផ្ដាច់​ការ​សម័យ​ចាស់​ពី​មុន។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជជែក​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ សុំ​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ព្រងើយ​កន្តើយ​ចំពោះ​ការ​គាប​សង្កត់​ជន​រងគ្រោះ ដែល​ជា​តំណាង​រាស្ត្រ​បក្ស​ជំទាស់ និង​សុំ​ឲ្យ​គេ​មាន​សិទ្ធិ​បំពេញ​ការ​ងារ ហើយ​មាន​សិទ្ធិ​និយាយ​ស្ដី​ដូច​ដើម​វិញ៕