ពីទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃព្រហស្បតិ៍(០១ តុលា) ម្សិលមិញនេះ លោក ស៊ូរិយ៉ា ស៊ូប៊េឌី បេសកជនពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងដូច្នេះ បន្ទាប់ពីសង្កេតឃើញថា ក្រុមមនុស្សដែលនិយាយរិះគន់រដ្ឋាភិបាល ឬមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានរងការចោទប្រកាន់ និងសម្រេចដាក់ទោសដោយតុលាការកម្ពុជា ក្រោមបទថាបានផ្សាយព័ត៌មានមិនពិត ឬបទបរិហារកេរ្តិ៍ ។
លោក ស៊ូរិយ៉ា ស៊ូប៊េឌី ត្រូវបានភ្នាក់ងារព័ត៌មានអេ.ភី ដកស្រង់ប្រសាសន៍ថា ជាពិសេសការសម្រេចដាក់ទោសអ្នកតំណាងរាស្ត្រពីគណបក្សជំទាស់មួយរូប និងអ្នកកាសែតពីររូបនាពេលថ្មីៗនេះ ហើយកាលពីថ្ងៃពុធ ទី៣០ កញ្ញា កន្លងទៅថ្មីៗនេះ លោក នី សាន់ ប្រធានសហគមន៍ចាមនៅក្នុងស្រុកបូរីជលសារ ខែត្រតាកែវ ត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំក្នុងពន្ធនាគារ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីរឿងជម្លោះមួយក្នុងសហគមន៍ខ្មែរអ៊ិស្លាម។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នាពេលថ្មីៗនេះ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការដែលនិយាយថារដ្ឋាភិបាលកម្ពុជា រឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិយោបល់នោះ គឺជារឿងមិនត្រឹមត្រូវទេ ពីព្រោះថា សព្វថ្ងៃនេះអ្នករិះគន់រាជរដ្ឋាភិបាល មិនត្រឹមតែអាចរិះគន់នៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដើរទៅក្រៅប្រទេសនិយាយរិះគន់រាជរដ្ឋាភិបាលថែមទៀតផង៕
