ផល​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិ​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត

ការ​ផ្ដន្ទាទោស​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ ១៣​នាក់ ក្នុង​រឿង​ក្ដី​ទាមទារ​ដី​ធ្លី​នៅ​ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ កំពុង​ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់។

0:00 / 0:00

ករណី​នេះ​ត្រូវ​ចាត់​ទុក​ថា ជា​ឧទាហរណ៍​យ៉ាង​សំខាន់​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត សម្រាប់​អ្នក​ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​គណបក្ស​កាន់​អំណាច គឺ​ជា​ការ​គំរាម​កំហែង​បំបិទ​សិទ្ធិ​សេរីភាព​មួយ​ចំនួន ដែល​ធានា​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី អ្នក​នយោបាយ​ប្រឆាំង អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ រួម​ទាំង​តំណាង​ស្ថានទូត​មហាអំណាច​ប្រចាំ​នៅ​កម្ពុជា ហៅ​ការ​ផ្ដន្ទាទោស​លោក ម៉ម សូណង់ដូ​ថា ធ្វើ​អោយ​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ និង​ការធានា​សិទ្ធិ​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត។

ស្ត្រី​វ័យ​ជាង ៥០​ឆ្នាំ អ្នកស្រី ស្រេង ផូ ប្រពន្ធ​លោក កាន់ សុវណ្ណ ដែល​ត្រូវ​មាន​ទោស ៣​ឆ្នាំ​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​បង្កើត​តំបន់​អបគមន៍​ម្នាក់​ដែរ​នោះ បាន​បញ្ជាក់​ថា នេះ​ជា​រឿង​អយុត្តិធម៌​ណាស់។ អ្នកស្រី​រាង​ចាល​ណាស់! អ្នកស្រី​ផ្ដាំ​ដល់​កូន​ប្រុស​ស្រី​អោយ​ចងចាំ​ថា អោយ​រស់​នៅ​សន្សំ​តែ​សុខ​កុំ​ប្រឈម​នឹង​ជម្លោះ​ជាមួយ​អ្នក​មាន​ប្រាក់ មាន​អំណាច។ អ្នក​ស្រី​មិន​នឹក​ស្មាន​ដល់​ទេ​ថា ការពារ​ដី គឺ​ត្រូវ​មាន​ទោស​ជាប់​គុក។

តំណាង​អ្នក​បឹង​កក់​អ្នកស្រី ទេព វន្នី ដែល​បាន​ដឹក​នាំ​ក្រុម​ពលរដ្ឋ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ស្ទើរ​រៀងរាល់​ថ្ងៃ ដើម្បី​ការពារ​ផ្ទះ​សម្បែង​នោះ បាន​ស្ដី​បន្ទោស​ថា តុលាការ​កម្ពុជា នៅ​តែ​ពុំ​ឯករាជ្យ​ឡើយ។ ការ​ដាក់​ទោស​លោក ម៉ម សូណង់ដូ បញ្ជាក់​ច្បាស់​ណាស់​ថា អ្នក​ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​រដ្ឋាភិបាល នឹង​ត្រូវ​ទទួល​ទោស បើ​ទោះ​ជា​អ្នក​ពុំ​បាន​ប្រព្រឹត្ត​កំហុស​ក៏​ដោយ។

អ្នកស្រី​បន្ត​ថា បើ​ទោះ​ជា​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​លាប​ពណ៌​ទម្លាក់​កំហុស​ដាក់​ដោយ​ប្រការ​ណា​មួយ ក៏​អ្នក​សហគមន៍​បឹង​កក់​មិន​បោះ​បង់​ចោល​ការ​តវ៉ា​ដែល​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​ការពារ​ផ្ទះ​សម្បែង។

សម្រាប់​អ្នក​នយោបាយ​ចាត់​ទុក​ថា មិនមែន​ជា​រឿង​ចៃដន្យ​ទេ​សម្រាប់​បរិបទ​កម្ពុជា ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មិន​ទាន់​រឹង​ដៃ​រឹង​ជើង ចំពោះ​ការ​គំរាម​កំហែង​ទៅ​លើ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នេះ។ ស្រប​គ្នា​នឹង​ទស្សនៈ​ចាស់​ដែល​លើក​ឡើង​ថា បើ​ពាក់​ព័ន្ធ​នឹង​នយោបាយ​គឺ​ត្រូវ​ហ៊ាន​ប្រឈម​នឹង​ស្លាប់​ខ្លួន ជាប់​គុក ឬ​រត់​ចោលស្រុក​ជា​ដើម​នោះ គឺ​នៅ​តែ​បន្ត​តាម​លង​បំភិត​បំភ័យ​អារម្មណ៍​ពលរដ្ឋ ដោយ​ពុំ​ទាន់​អាច​បញ្ចប់។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​​នៅ​ក្រៅ​ប្រទេស​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ ខនហ្វើរិន (Video Conference) ថា ករណី​នេះ​គឺ​ជា​គំនាប​ផ្នែក​នយោបាយ​សុទ្ធ​សាធ។

លោក សម រង្ស៊ី បន្ត​ថា ទោស​កំហុស​លោក ម៉ម សូណង់ដូ គឺ​ជា​ការរៀបចំ​របស់​គណបក្ស​កាន់​អំណាច ដែល​ប្រាថ្នា​អោយ​ក្រុម​អ្នក​ប្រឆាំង​ដឹង​គុណ។ លោក ថា ករណី​នេះ​គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​ការសម្រប​សម្រួល​ផ្នែក​នយោបាយ។

អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ទាម​ទារ​អោយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ដោះ​លែង​លោក ម៉ម សូណង់ដូ ដោយ​គ្មាន​លក្ខខណ្ឌ។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) ជឿ​ជាក់​ថា គឺ​ជា​ការ​បំភិត​បំភ័យ​នៅ​មុន​ការ​បោះ​ឆ្នោត។

ស្រប​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី វិចតូរៀ នូឡេន (Victoria Nuland) ក៏​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ។ ការ​ដោះលែង​ប្រធាន​វិទ្យុ​ដែល​អ្នក​នាំ​ពាក្យ​ចាត់ទុកជា​វិទ្យុ​ឯករាជ្យ គឺ​បញ្ជាក់​ថា ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ធានា​សិទ្ធិ​ជា​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​ជំហរ​គាំទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ រួម​ទាំង​សេរីភាព​របស់​អ្នក​សារព័ត៌មាន ក្នុង​ការ​សំដែង​ទស្សនៈ​នយោបាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច​​​ទុក្ខទោស ការ​សង​សឹក ឬ​ការ​បំភិត​បំភ័យ។ អត្ថន័យ​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​មិន​ខុស​គ្នា​ពី​សេចក្ដី​ថ្លែងការណ៍​របស់​​នៃ​សហភាព​អឺរ៉ុប។

តំណាង​ជាន់​ខ្ពស់​នៃ​សហភាព​អឺរ៉ុប​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​បញ្ចេញ​មតិ និង​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ដែល​ជា​ប្រការ​ដ៏​មាន​សារសំខាន់​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។

ផ្ទុយ​ទៅ​វិញ​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បាន​ច្រាន​ចោល​ទស្សនៈ​នេះ ដោយ​បញ្ជាក់​ថា សំណុំ​រឿង​លោក ម៉ម សូណង់ដូ គឺ​ជា​រឿង​បុគ្គល ដែល​មិន​មាន​ន័យ​ថា ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​ឡើយ។

បើ​ទោះ​ជា​មាន​ការ​អះ​អាង​យ៉ាង​នេះ​ក្ដី អ្នកស្រី ស្រេង ផូ ប្រពន្ធ​លោក កាន់ សុវណ្ណ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​បញ្ចេញ​មតិ បន្ទាប់​ពី​ប្ដី​របស់​គាត់​ត្រូវ​ជាប់​ពន្ធនាគារ។

លោក ម៉ម សូណង់ដូ អាយុ ៧១​ឆ្នាំ ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​អោយ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២០​ឆ្នាំ។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្ដួចផ្ដើម​គំនិត​ក្នុង​ចលនា​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ការ​ជាប់​ទោស​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នៃ​ខ្សែ​ជីវិត​ចុង​ក្រោយ​នេះ គឺ​ជា​ការ​ជាប់​ទោស​លើក​ទី​៣។ លើក​ទី​១ គឺ​នៅ​ឆ្នាំ​២០០៣ អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ពី​បទ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ដ៏​រំជើបរំជួល​មួយ​ដុត​ស្ថានទូត​ថៃ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ លើក​ទី​២ គឺនៅ​ឆ្នាំ​២០០៥ ទាក់ទង​រឿង​បទសម្ភាសន៍​ជាមួយ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ខ្មែរ ប្រចាំ​ប្រទេស​បារាំង ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។