លោក សុរិយា ស៊ូប៊ែឌី បារម្ភ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅ​ខណៈ​ថ្លែង​កោត​សរសើរ​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ពិចារណា​ក្នុង​ការ​កែ​លម្អ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឡើង​វិញ​នោះ ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​ច្រើន​ទៀត​ដែល​កំពុង​កើត​មាន​នៅ​កម្ពុជា។

បញ្ហា​ទាំង​នោះ​រួម​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​គំរាមកំហែង​យាយី​ដល់​តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នក​ច្បាប់ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ជាដើម។ បញ្ហា​ធំ​មួយ​ទៀត គឺ​ការ​បក​ស្រាយ​ច្បាប់​របស់​មន្ត្រី​តុលាការ។

លោក​ថា ចៅក្រម និង​ព្រះរាជអាជ្ញា នៅ​ពេល​អនុវត្ត​ច្បាប់ បាន​បក​ស្រាយ​ច្បាប់​លម្អៀង​ទៅ​ចំណុច​អវិជ្ជមាន ពោល​គឺ​មិន​បាន​បកស្រាយ​ច្បាប់​តាម​លក្ខណៈ​ចិត្ត​ទូលាយ​បែប​សេរី​និយម​នោះ​ទេ។ លោក​ថា ក្រោម​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​ជា​ទោស​អាជ្ញា អាច​ជាប់​គុក​សម្រាប់​បទ​បរិហារ​កេរ្តិ៍ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក​លើក​ឧទាហរណ៍​ករណី​លោក សេង គុណការ បុគ្គលិក​របស់​អង្គារ World Food Program ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦​ខែ ក្រោយ​ពី​បាន​ចែកចាយ​អត្ថបទ​ឯកសារ​ដែល​យក​ចេញ​មក​ពី​អ៊ីនធឺណិត​ទៅ​សហការី​រួម​ការងារ​ជាមួយ។

លោក សុរិយា ស៊ូប៊ែឌី បន្ត​ថា ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​បញ្ចេញ​យោបល់​របស់​អ្នក​តំណាងរាស្ត្រ ដែល​ជា​អ្នក​តាក់តែង​គោលនយោបាយ​ថ្នាក់​ជាតិ​ផង​ដែរ។ លោក​លើក​ជា​ឧទាហរណ៍​ថា នៅ​ពេល​តំណាងរាស្ត្រ​ណា​ម្នាក់​និយាយ​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល គេ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​នូវ​សម្ដី​របស់​ខ្លួន។

ពាក្យ​សម្ដី​របស់​អ្នក​តំណាងរាស្ត្រ​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន ហើយ​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ធានា​ការពារ​នោះ អាច​នឹង​ត្រូវ​បកស្រាយ​ថា ជា​ការ​និយាយ​បរិហារ​កេរ្តិ៍ រិះគន់​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នានា ហើយ​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ​ទៅ​វិញ។

ក្ដី​បារម្ភ​របស់​លោក ស៊ូប៊ែឌី បាន​ធ្វើ​ឡើង​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​លោក​ស្ដីពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចំពោះ​មុខ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​គួរ​បន្ត​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល (NGOs) នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ ដោយសារ​ច្បាប់​នេះ​នឹង​បណ្ដាល​ឲ្យ​មាន​ផលវិបាក​រយៈពេល​វែង​ទៅ​លើ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា។

លោក​បន្ត​ថា អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ជួយ ឬ​ផ្ដល់​សេវា​សង្គមកិច្ច​សំខាន់ៗ ក្នុង​វិស័យ​អប់រំ សុខាភិបាល អភិវឌ្ឍន៍​ជនបទ អនាម័យ​សុខុមាលភាព​សង្គម និង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ប្រសិនបើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត សេវាកម្ម​ទាំង​នេះ​នឹង​ត្រូវ​បាត់បង់៕