សាលាក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា បានសម្ពោធទីលានប្រជាធិបតេយ្យមួយកន្លែង ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា នៅលើសួនច្បារផ្សារចាស់ ស្ថិតនៅខាងក្រោយស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងភ្នំពេញ ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋកម្ពុជា ក្រុមអ្នករិះគន់ និងអ្នកនយោបាយបក្សប្រឆាំង ប្រមូលផ្ដុំគ្នាសំដែងការតវ៉ា ឬសំដែងមតិ នៅលើទីលាននេះ ចាប់ពីថ្ងៃនេះតទៅ។
ទីលានប្រជាធិបតេយ្យ ដែលមានទំហំជាង ១ហិកតារនោះ គឺត្រូវបានច្បាប់ស្ដីពីការធ្វើបាតុកម្ម និងអាជ្ញាធររដ្ឋាភិបាល បានកំណត់ឲ្យមានចំនួនអ្នកតវ៉ា ក្រោមចំនួន ២០០នាក់ នៅគ្រាដែលទីលាននេះ អាចដាក់ចំនួនមនុស្សបានជិត ១០.០០០នាក់។

អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា និងជាតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានមកកាត់ខ្សែបូសម្ពោធនៅថ្ងៃទី៤ ខែវិច្ឆិកា បានមានប្រសាសន៍ថា លោកសូមអំពាវនាវប្រជាពលរដ្ឋខ្មែរនានា ដែលកើតទុក្ខមិនសុខចិត្ត ឬមានបញ្ហាចង់សំដែងមតិ គឺមកទីលាននេះ។ លោកបន្តថា ៖ «យើងក៏បានទទួលស្គាល់ច្បាស់ដែរថា យើងកំពុងធ្វើឲ្យប្រជាធិបតេយ្យកម្ពុជា មានការរីកចំរើន។ ប្រជាធិបតេយ្យនៅទីនេះ គឺប្រជាធិបតេយ្យខ្មែរ។ មិនមែនប្រជាធិបតេយ្យរបស់អឺរ៉ុប មិនមែនប្រជាធិបតេយ្យរបស់ពួកខាងលិចទេ»។
សេចក្ដីព្រាងច្បាប់ស្ដីពីបាតុកម្មនៅក្នុងប្រទេសកម្ពុជា ត្រូវបានសភាជាតិអនុម័តកាលពីចុងឆ្នាំ២០០៩ កន្លងទៅ ប៉ុន្តែរងការរិះគន់ជាច្រើនពីសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកប្រឆាំងរដ្ឋាភិបាល ថាច្បាប់នេះបានរឹតត្បិតចំនួនអ្នកតវ៉ា មិនឲ្យដង្ហែក្បួនតវ៉ា និងនៅទីកន្លែងតវ៉ានេះ គឺនៅឆ្ងាយពីស្ថាប័នសំខាន់នានា ដូចជាសភាជាតិ និងវិមានរដ្ឋាភិបាលជាដើម។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា បានមានប្រសាសន៍ថា អ្នកដែលចង់មកសំដែងមតិតវ៉ានៅទីនេះ មិនចាំបាច់សុំច្បាប់ពីសាលាក្រុងភ្នំពេញទេ គឺគ្រាន់តែធ្វើលិខិតជូនដំណឹងក្នុងរយៈពេល៥ថ្ងៃមក មន្ត្រីប្រចាំការនៅការិយាល័យមួយ នៅក្នុងទីលាននេះ។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៉ោង សំណាង អាយុ៥២ឆ្នាំ ដែលបានមកតាមដានមើលការសម្ពោធទីលានប្រជាធិបតេយ្យនេះ បានមានប្រសាសន៍រិះគន់ថា ទំហំនៃទីលានធំល្អ ប៉ុន្តែគេបានកម្រិតចំនួនអ្នកតវ៉ាតិចពេក ៖ «នៅពេលដែលគាត់សំណូមពរថា ឥឡូវគាត់ទៅចង់ជួបតំណាងរាស្ត្ររបស់រដ្ឋសភាជាតិ សូមមេត្តាប្រគល់អ្នកតំណាងរាស្ត្រហ្នឹង ឲ្យមកឲ្យលឿន ដើម្បីមកទំនាក់ទំនង កុំឲ្យ ឬជៀសវាងគាត់ដើរទៅរដ្ឋសភា នាំឲ្យថា គាត់ហ្នឹងខុសច្បាប់»។

ស្នងការនគរបាលក្រុងភ្នំពេញ លោក ឧត្ដមសេនីយ៍ផ្កាយ២ ទូច ណារ៉ុថ បានមានប្រសាសន៍ថា បើសិនណាអ្នកតវ៉ាណាមិនមកប្រមូលផ្ដុំគ្នានៅទីនេះ គឺអាជ្ញាធរនឹងមានវិធានការណ៍ ៖ «ឥឡូវច្បាប់អនុញ្ញាតឲ្យគាត់បានត្រឹមកម្រិតណា យើងការពារត្រឹមកម្រិតហ្នឹង។ ហើយគាត់មិនអាចរំលោភហួសពីច្បាប់បានដែរ។ ដូច្នេះបើគាត់ចង់ហែទៅណាទីណីទៀត ខុសពីច្បាប់ ពួកខ្ញុំត្រូវតែរារាំងហើយ»។
ទីលានប្រជាធិបតេយ្យនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជាបានពណ៌នាថា គឺយកតាមគំរូនៃប្រទេសសិង្ហបុរី ដែលជារដ្ឋសមាជិកនៃសមាគមអាស៊ាន។
កន្លងមកក្រុមអ្នកតវ៉ារឿងដីធ្លីមកពីខេត្តនានា តែងតែសំដៅមកសំដែងមតិ និងដាក់ញាតិតវ៉ានៅមុខគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅទីក្រុងភ្នំពេញ ស្ទើររៀងរាល់ថ្ងៃ ហើយបានរងការបង្ក្រាប ឬបំបែកការប្រមូលផ្ដុំតវ៉ាយ៉ាងដំណំផងដែរ៕