ប្រជា​នេសាទ​ត្អូញត្អែរ​អំពី​ទិន្នផល​ត្រី​ទឹក​សាប​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ

ប្រជានេសាទ​នៅ​ប្រទេស​កម្ពុជា បាន​ត្អូញត្អែរ​ពី​ទិន្នផល​ត្រី​ទឹកសាប​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយសារ​ត្រី​ខ្វះ​ជម្រក បណ្ដាល​មក​ពី​ការ​ទន្រ្ទាន​ព្រៃ​លិច​ទឹក ធាតុ​អាកាស​ក្តៅ​ប្រែប្រួល និង​ទឹក​ទន្លេ​រាក់​ជាង​មុន។

0:00 / 0:00

ប្រធាន​សហព័ន្ធ​សហគមន៍​នេសាទ​បឹង​បេ​៦ ខេត្ត​កំពង់ចាម លោក អៀង ណាំ អះអាង​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​តុលា ឆ្នាំ​២០០៨​ថា ក្រោយ​រដ្ឋ​ហាម​នេសាទ​ក្នុង​រដូវ​ទឹក​ឡើង​សម្រាប់​ឲ្យ​ត្រី​បន្ត​ពូជ រយៈពេល​៣​ខែ ចាប់​ពី​ខែ​៦ មក​ដល់​ដើម​ខែ​តុលា ទើប​បើក​ឲ្យ​នេសាទ​វិញ​នេះ ទិន្នផល​ត្រី​ទឹក​សាប កាន់​តែ​ថយ​ចុះ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ។

លោក អៀង ណាំ ថ្លែង​រៀប​រាប់​ដូច្នេះ​ថា ៖ «ធនធាន​ធម្មជាតិ​នៅ​ឆ្នាំ​នេះ គឺ​រេច​រឹល​អស់​ហើយ រក​កល​នឹង​ដាច់​ពូជ​ហើយ ព្រោះ​កាល​ពី​ខែ ៦ រដូវ​បិទ​នេសាទ​ហ្នឹង គឺ​បទ​ល្មើស​នេសាទ​នៅ​ក្នុង​តំបន់​ហ្នឹង វា​កើត​លើស​លុប អ៊ីចឹង​ត្រី​តូចៗ ដែល​មាន​កន្លង​មក វា​អស់​តាំង​ពី​តូច អ៊ីចឹង​ធ្វើ​ឲ្យ​ត្រី​វា​ហិន​ហោច​អស់​ហើយ។ ត្រី​មួយ​គីឡូ ៣​ពាន់​រៀល ឥឡូវ​ឡើង​ដល់ ១​ម៉ឺន រក​តែ​ត្រី​ចង្វា​លែង​ចង់​បាន​ហើយ»

លោក​ថា ការថយ​ចុះ​នៃ​បរិមាណ​ត្រី​ទឹក​សាប​នេះ បណ្ដាល​មក​ពី​កត្តា​ទន្ទ្រាន​ព្រៃ​លិច​ទឹក នាំ​ឲ្យ​សត្វ​ត្រី ខ្វះ​ជម្រក​ការ​ប្រែប្រួល​ធាតុអាកាស​និង​ការលួច​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ក្នុង​រដូវ​បិទ​នេសាទ។

លោក អៀង ណាំ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «តំបន់​ឡូត៍​កន្លង​មក ដែល​រដ្ឋាភិបាល​កាត់​ទៅ វា​ពាក់ព័ន្ធ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ ដែល​រុករាន​ព្រៃ​លិច​ទឹក ដែន​ជម្រក​ត្រី​គឺ​អស់​ហើយ ៦​ពាន់​ហិកតារ​ប្លាយ គឺ​ប្រជាពលរដ្ឋ​រាន​អស់​ហើយ​ដី​ហ្នឹង គឺ​កាប់​ទាំង​អស់​ព្រៃ​អត់​សល់​មួយ​ដើម​ទេ អ៊ីចឹង​ជម្រក​ព្រៃ​ហ្នឹង​មិន​មាន​ទៀត​ទេ អស់​ហើយ។ ដល់​អ៊ីចឹង​វា​ប៉ះពាល់​ដល់​ផល​នេសាទ​ហើយ ត្រី​អត់​មាន​ជម្រក កាល​ណា​ទឹក​ចេញ​មក វា​ចេញ​តាម​ទឹក​ដែរ»

បណ្តាញ​សង្កាត់​នេសាទ​ខេត្ត​កំពង់ធំ លោក អ៊ុំ ម៉េង អះអាង​ដូច​គ្នា​ថា ឆ្នាំ​នេះ ធនធាន​ត្រី​ទឹក​សាប​កាន់​តែ​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត ៖ «សព្វ​ថ្ងៃ ផល​នេសាទ​វា​អត់​ដូច​រាល់​ឆ្នាំ ការ​បាត់បង់​ចេះ​តែ​ថយ​ទៅ។ មូលហេតុ​មក​ពី​ការប្រើ​ឧបករណ៍​ល្មើស​វា​ច្រើន នៅ​ពេល​រដូវ​បិទ​ក៏​មាន រដូវ​បើក​ក៏​មាន»

ផ្ទុយ​ពី​ការ​អះអាង​ខាង​លើ ប្រធាន​រដ្ឋបាល​ជលផល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ លោក ណៅ ធួក មាន​ប្រសាសន៍​ថា ក្រោយ​ពី​រដ្ឋ​មាន​វិធានការ​ទប់​ស្កាត់​និង​ការពារ​ធនធាន​ត្រី ក្នុង​រដូវ​ត្រី​ពង​កូន នា​រដូវ​ទឹក​ឡើង​ចាប់​ពី​ខែ​៦ មក​បច្ចុប្បន្ន ដែល​ទើប​បើក​ឲ្យ​នេសាទ​វិញ​នេះ ចំនួន​ត្រី​គ្រប់​ប្រភេទ បាន​សំបូរ​ប្រហាក់​ប្រហែល​គ្នា​នឹង​ឆ្នាំ​មុន។

លោក ណៅ ធួក មាន​ប្រសាសន៍​ថា ៖ «ប្រហែល​ជា​សំបូរ​គួរសម​ប្រហែលៗ ឬ​ក៏​កើន​ជាង​ឆ្នាំ​មុន​បន្តិច​តាម​មើល៍។ ប្រភេទ​ត្រី​រ៉ស់ ត្រី​ឆ្ដោរ ត្រី​លិញ ត្រី​រៀល ត្រី​ប្រមា ត្រី​ប្រហុក។ ត្រី​លិញ ត្រី​រៀល​ហ្នឹង​សំបូរ»

លោក ណៅ ធួក ទទួល​ស្គាល់​ថា ទឹក​ទន្លេ​ឆ្នាំ​នេះ មាន​កម្ពស់​ទាប​ជាង​ឆ្នាំ​មុន ៣​តឹក ប៉ុន្តែ​ត្រី​សំបូរ គ្រាន់​តែ​ទំហំ​លូត​លាស់​របស់​សត្វ​ត្រី អាច​តូច​ជាង ឆ្នាំ​មុន​បន្តិច។

តាម​ការ​អះអាង​ពី​ក្រុម​នេសាទ​ថា ត្រី​ទឹក​សាប​ដែល​ធ្លាប់​នេសាទ​បាន ពី​ក្នុង​បឹង​ទន្លេសាប ក្នុង​១​ថ្ងៃៗ ប្រមាណ ២០​តោន បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៥​តោន ទៅ ៦​តោន នា​ពេល​បច្ចុប្បន្ន។ រីឯ​ក្រុម​អ្នក​ជួញដូរ​ត្រី នៅ​តាម​ទីផ្សារ បាន​ឲ្យ​ដឹង​ថា ២ ទៅ ៣​ឆ្នាំ​នេះ ត្រី​បាន​ឡើង​ថ្លៃ ពី ១​គីឡូក្រាម ២.០០០ ទៅ ៣.០០០​រៀល ទៅ​ជាង ១​ម៉ឺន​និង​២​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម៕