ការបន្តយុទ្ធនាការនេះ ដោយសារតែមានតម្រូវការកាន់តែច្រើនឡើងៗ របស់ប្រជាពលរដ្ឋសម្រាប់បរិភោគប្រចាំថ្ងៃ និងសម្រាប់បម្រើដល់ការនាំចេញ។
កាលពីឆ្នាំ ២០១០ កន្លងទៅ កម្ពុជាបានប្រមូលទិន្នផលបង្កងទឹកសាបចំនួនជាង ៦០ តោន រាប់ទាំងបង្កងចិញ្ចឹមក្នុងស្រះ និងបង្កងនៅបឹងធម្មជាតិ ដូចជា នៅទន្លេសាប និងទន្លេមេគង្គជាដើម។
រដ្ឋបាលជលផលបានអនុវត្តផែនការសាកល្បងបង្កើនទិន្នផលបង្កងនេះ ចាប់តាំងពីឆ្នាំ ២០១០ កន្លងមក។
ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក ណៅ ធួក មានប្រសាសន៍នៅថ្ងៃទី ៣១ ខែតុលាថា កន្លងមក កម្ពុជាមិនទាន់បាននាំបង្កងទឹកសាប ចេញទៅលក់នៅទីផ្សារបរទេសនៅឡើយទេ ដោយសារមានតម្រូវការកាន់តែច្រើន នៅក្នុងស្រុក។ ប៉ុន្តែ រដ្ឋបាលជលផលកំពុងតែរៀបចំផែនការនាំចេញបង្កង នៅឆ្នាំខាងមុខទៀត។
លោក ណៅ ធួក៖ «ពីព្រោះអីបង្កងវាអត់មាន ដូចជា ខាងកំពង់ស្ពឺក៏អត់ ខាងទន្លេវ៉ៃគោ ក៏អត់មាន ដងទន្លេសាបយើងក៏អត់កន្លងមក។ ដល់តែយើងលែងបង្កងទៅ យើងថាបង្កងវាកើន។ កាលពីឆ្នាំទៅ លែង ១២ ម៉ឺនក្បាល។ អាហ្នឹងនៅមានបង្កងដល់សព្វថ្ងៃអ៊ីចឹងទៅណា។ បានសេចក្ដីថា ការលែងហ្នឹង លែងបង្កងនេះ គឺធ្វើឲ្យបង្កងកើនមែន»។
នាយកប្រតិបត្តិនៃសម្ពន្ធភាព ដើម្បីអភិវឌ្ឍន៍ធនធានជលផលនៅកម្ពុជា លោក ឱម សាវ៉ាត មានប្រសាសន៍ថា បង្កងទឹកសាប គឺមានតម្លៃថ្លៃ គឺប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ មិននិយមបរិភោគទេ។ ចំណែកការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា អួនក្រឡាញឹក គឺធ្វើឲ្យហិនហោចបង្កង ដូចផលត្រីទឹកសាបដែរ។
លោក ឱម សាវ៉ាត៖ «ប៉ុន្តែ យើងចាំពិនិត្យមើល នៅឆ្នាំ ២០១១ ថា តើកម្រិតនៃការកើនឡើងក្នុងកម្រិតប៉ុន្មានភាគរយ ហើយក្រុមការងារខ្ញុំក៏ចង់ដឹងដែរ»។
កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១១ ថ្មីៗ នេះ លោក ណៅ ធួក និងលោក សាយ ឈុំ អនុប្រធានទី ២ នៃសភាជាតិ មន្ត្រីក្រសួងកសិកម្ម លោក ប៉ោ ទ្រី និងមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក សួស គង់ បានលែងកូនបង្កងចំនួន ១០ ម៉ឺនក្បាល នៅវត្តតាំងហោង នៅឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាទីដែលមានស្ទឹងធម្មជាតិ សម្បូណ៌ព្រៃលិចទឹក។
កាលពីឆ្នាំ ២០១០ កន្លងទៅ មន្ត្រីរដ្ឋបាលជលផលបានលែងកូនបង្កងចំនួនជាង ១២ ម៉ឺនក្បាល នៅបឹងធម្មជាតិ។ នៅឆ្នាំ ២០១១ នេះ គេមានផែនការលែងកូនបង្កង នៅបឹងធម្មជាតិឲ្យបានចំនួនជាង ១ លានក្បាល។ បច្ចុប្បន្ន គេបានលែងបានចំនួនជាង ៧០ ម៉ឺនក្បាលហើយ។
រដ្ឋបាលជលផលមានផែនការលែងកូនបង្កងបែបនេះ ឲ្យបានចំនួនជាង ៧ លានក្បាល នៅឆ្នាំ ២០១២ និងឆ្នាំក្រោយៗ ទៀត ដើម្បីបង្កើនទិន្នផលបង្កងឲ្យកាន់តែច្រើនជាងឆ្នាំមុនៗ។
ខេត្តដែលជាទិសដៅ ដើម្បីលែងកូនបង្កងកន្លងមក មានដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង នៅទន្លេវ៉ៃគោ ខេត្តកំពង់ធំ និងខេត្តតាកែវ៕