បក្ស​ហ៊្វុនស៊ិនប៉ិច​រៀបចំ​យាង​ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី ធ្វើ​ប្រធាន

គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាប់​ផ្ដើម​រៀបចំ​ខ្លួន កែ​ទម្រង់​គណបក្ស ដើម្បី​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​រើស​សមាជិក​រដ្ឋ​សភា​អាណត្តិ​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

0:00 / 0:00

ការ​រៀបចំ​តែងតាំង​ប្រធាន​បក្ស​ថ្មី គឺ​ជា​គោលការណ៍​អាទិភាព​មួយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ការ​ឈាន​ទៅ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​រើស​សមាជិក​សភា នា​ខែ​កក្កដា ខាង​មុខ។

លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មករា ថា សមាជិក​គណៈកម្មការ​នាយក​គណបក្ស​បាន​ឯកភាព​គ្នា​ស្នើ​សុំ​យាង​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ឲ្យ​ធ្វើ​ជា​ប្រធាន​គណបក្ស ដើម្បី​ចាត់​ចែង​ការងារ ធ្វើ​ឲ្យ​គណបក្ស​បាន​ទទួល​ជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

លោក ញឹក ប៊ុនឆៃ៖ «គណៈកម្មការ​នាយក​បាន​ឯកភាព​គ្នា ប៉ុន្តែ​មិន​ទាន់​បាន​ដាក់​ស្នើ​ទៅ​ដល់​សម្ដេច អរុណ នៅ​ឡើយ​ទេ ចាំ​ដល់​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​ករុណា​ចប់ បាន​ដាក់ ឥឡូវ​យើង​មិន​រំខាន។ ប៉ុន្តែ​គណៈ​នាយក​បាន​ឯកភាព​ជា​ឯកច្ឆន្ទ​អស់​ហើយ»

លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា បើ​សិន​មាន​ការ​យល់​ព្រម​ទទួល​តំណែង​នេះ​ពី​ម្ចាស់ក្សត្រី ការ​តែង​តាំង​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​សមាជ​គណបក្ស​ពេញ​អង្គ​ផ្លូវការ នៅ​ថ្ងៃ​ទី​២១ មីនា ខាង​មុខ។ បច្ចុប្បន្ន​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ជា​ឯកអគ្គរាជទូត​របស់​ប្រទេស​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ឆ្លើយ​តប​ចម្ងល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​មិន​សុំ​យាង​ព្រះអង្គ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ?

លោក ញឹក ប៊ុនឆៃ បាន​​ឲ្យ​ដឹង​ថា សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​អាច​មក​ធ្វើ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច វិញ​បាន​ទេ ពីព្រោះ​មាន​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន មិន​ពេញ​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ព្រះអង្គ​ឡើយ៖ «មិន​យាង​ព្រះអង្គ​ក្រុមព្រះ​ទេ ព្រោះ​លោក​មិន​មាន​ប្រជាប្រិយភាព​អី​ទៀត​ទេ។ អាច​ព្រះអង្គ​មក យើង​មាន​វិបត្តិ​ផ្ទៃក្នុង មាន​អ្នក​មិន​គាំទ្រ​នោះ​ច្រើន អាច​មាន​បញ្ហា»

លោក ញឹក ប៊ុនឆៃ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ពិត​មែន​តែ​មាន​ការ​សុំ​យាង​ព្រះអង្គ​ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ឲ្យ​មក​ដឹក​នាំ​គណបក្ស​វិញ​មែន តែ​ចំពោះ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ នៅ​មិន​ទាន់​មាន​ការ​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ធ្លាប់​ធ្វើ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ម្ដង​ហើយ ក្នុង​ពេល​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ដោយ​ពេល​នោះ លោក កែវ ពុទ្ធរស្មី ជា​​ស្វាមី​របស់​ព្រះអង្គម្ចាស់ក្សត្រី ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ចម្លើយ​ពី​ព្រះអង្គម្ចាស់ក្សត្រី ថា​តើ​ព្រម ឬ​មិន​ព្រម​ទទួល​យក​តំណែង​នោះ​នៅ​ឡើយ​ទេ។

ចំពោះ​គោលបំណង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចង់​រៀបចំ​យាង​ឲ្យ​ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មក​ធ្វើ​ជា​ប្រធាន​គណបក្ស​វិញ​នោះ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ និង​បាន​តាម​ដាន​សកម្មភាព​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា នេះ​ជា​ភាព​ឆ្លាតវៃ​ក្នុង​ការ​ទាញ​យក​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែល​គោរព​រាជា​និយម មក​គាំទ្រ​ព្រះរាជវង្សានុវង្ស​ដែល​ធ្វើ​នយោបាយ។

លោក ឡៅ ម៉ុងហៃ៖ «ហ៊្វុនស៊ិនប៉ិច ត្រូវ​ការ​មេដឹកនាំ​មួយ​មាន​គេ​ស្គាល់​ច្រើន ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ព្រះ​មហា​វីរក្សត្រ។ នេះ​ជា​ព្រះរាជ​បុត្រី​របស់​លោក ហើយ​ក៏​ដូច​ជា​ជំនាន់​ឆ្នាំ​១៩៩៣ គឺ​យក​ឥទ្ធិពល​របស់​ព្រះ​មហា​វីរក្សត្រ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាជន»

ចំពោះ​បញ្ហា​ថា ហេតុអ្វី​មិន​ជ្រើសរើស​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ដឹក​នាំ​នោះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ និយាយ​ថា លោក ញឹក ប៊ុនឆៃ ប្រហែល​មិន​អាច​ធ្វើ​ការ​ជាមួយ​សម្ដេច​ក្រុមព្រះ​បាន​ទេ៖ «ពីព្រោះ​អ្នក​ទាំង ២​នេះ មាន​ទំនាស់​គ្នា​យូរ​ហើយ ជា​បែបផែន​ផ្ទាល់​ខ្លួន​ទៅ​ទៀត គឺ​មាន​ការ​លំបាក​ដែរ ហើយ​មាន​សែ មាន​ឥទ្ធិពល​ខុស​គ្នា​ទៀត»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​វាយ​តម្លៃ​ថា បើ​សិន​ជា​អ្នក​ដឹកនាំ​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​គោលនយោបាយ​ប្លែក និង​ថ្មី​ល្អ​ជាង​មុន និង​មាន​ភាព​ឯករាជ្យ​នោះ មុខ​ជា​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ជា​មិន​ខាន។ ម៉្យាង​វិញ​ទៀត គណបក្ស​នេះ​ធ្លាប់​បាន​ឈ្នះ​លើសលប់​កាល​ពី​សម័យ​កាល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​មក ការ​គាំទ្រ​បាន​ធ្លាក់​ចុះ​មក​វិញ ដោយសារ​ការ​ចូល​ធ្វើ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ពី​ចំណុច​ខ្លាំង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​គណបក្ស​នេះ​បង្កើត​ឡើង​ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ និង​បច្ចុប្បន្ន គណបក្ស​នេះ​មាន​ការ​គាំទ្រ​ពី​គណបក្ស​កាន់​អំណាច​នៅ​ប្រទេស​ចិន ទៀត​ផង។

ចំណែក​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​មួយ​ឈ្មោះ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) បាន​លើក​ឡើង​ថា បើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រធាន​បក្ស​ជា​ស្ត្រី​នោះ វា​ជា​ចំណុច​មួយ​ខ្លាំង​ដែរ ពីព្រោះ​បញ្ហា​ស្ត្រី​ជា​បញ្ហា​ស្រួចស្រាល់​មួយ ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ដែរ ហើយ​ជា​ពិសេស នឹង​មាន​ស្ត្រី​ជា​ច្រើន​បោះ​ឆ្នោត​គាំទ្រ។

លោក គល់ បញ្ញា៖ «ខ្ញុំ​គិត​ថា ជា​ឱកាស​ព្រះអង្គ​ផង​ដែរ បើ​សិន​ជា​យក​បញ្ហា​ស្ត្រី​មក​លើក ហើយ​អាច​អង្គការ​ជាតិ អន្តរជាតិ​អី​គេ​គិត​ថា រដ្ឋាភិបាល​ដែល​មាន​អ្នក​ដឹកនាំ​ជា​ស្ត្រី អ្នកដឹកនាំ​នោះ​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី មាន​ប្រសិទ្ធភាព​ជាង»

លោក គល់ បញ្ញា បាន​បន្ថែម​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ចំណុច​ខ្លាំង​ជា​ច្រើន​ដែល​អាច​ឃោសនា​រក​សំឡេង​គាំទ្រ​ខ្លួន ពីព្រោះ​ប្រជាពលរដ្ឋ​ដឹង​ច្បាស់​ថា គណបក្ស​នេះ​មាន​បេសកកម្ម គឺ​ការពារ​របប​រាជា​និយម ហើយ​បើ​មាន​សមាជិក​រាជវង្ស​ជា​អ្នក​ដឹក​នាំ​ទៀត​នោះ វា​រឹតតែ​សំខាន់។ ម៉្យាង​វិញ​ទៀត ការ​ទន់​ខ្សោយ​កន្លង​មក​របស់​គណបក្ស​នេះ វា​ជា​មេរៀន​សម្រាប់​ដក​ពិសោធន៍​របស់​អ្នក​ដឹក​នាំ​គណបក្ស​ទៀត​ផង។

ចលនា​តស៊ូ​ហ៊្វុនស៊ិនប៉ិច បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨១ ដោយ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ហើយ​មក​ដល់​ឆ្នាំ​១៩៩២ ចលនា​នេះ​ប្រែក្លាយ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​បាន​ចូល​រួម​បោះ​ឆ្នោត​សកល​ឆ្នាំ​១៩៩៣ បាន​ទទួល​ជ័យជំនះ មាន​អាសនៈ​ចំនួន ៥៨ ក្នុង​រដ្ឋ​សភា។

នៅ​ខែ​តុលា ឆ្នាំ​២០០៦ លោក កែវ ពុទ្ធរស្មី បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ មក​ដល់​ខែ​មេសា ឆ្នាំ​២០១១ គណបក្ស​មាន​ការ​កែ​សម្រួល​លក្ខន្តិកៈ និង​តែងតាំង​លោក កែវ ពុទ្ធរស្មី ជា​មគ្គុទ្ទេសក៍​គណបក្ស និង​បាន​ជ្រើសរើស​លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស។ បច្ចុប្បន្ន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​អាសនៈ​ចំនួន ២ នៅ​ក្នុង​រដ្ឋ​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។